បុរស ២នាក់ម្នាក់រងរបួសស្រាល និងម្នាក់ទៀតរងរបួសធ្ងន់ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុក
ភ្នំពេញ៖ កាលពីវេលាម៉ោង២២និង២៥នាទីយប់ ថ្ងៃទី១៥ ខែមករា រថយន្តមួយគ្រឿង បើកទៅបុកម៉ូតូមួយគ្រឿងអូសចំងាយ ប្រមាណជាងដប់ម៉ែត្រ បណ្តាលឲ្យបុរសពីរនាក់រងរបួសស្រាលនិងម្នាក់ទៀតរងរបួសធ្ងន់ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ទល់មុខហាងកាត់វ៉ែនតាភ្នំពេញអុបទិក ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរារណ៍នេះទីមួយឈ្មោះ ស្រ៊ុន ឧត្តម អាយុ២៧ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវជាម្ចាស់ម៉ូតូ និងទីពីរឈ្មោះ លាច កិត្យា អាយុ២៦ ឆ្នាំ មុខរបរ ធ្វើការឯកជន ដែលរងរបួសស្រាល។ និងស្ត្រីពីរនាក់ទៀតដែលជាម្ចាស់រថយន្តបង្កហេតុពុំទាន់បានស្គាល់ អត្តសញ្ញាណនៅឡើយទេ ដោយសារនៅក្នុងហេតុការណ៍នោះ មានបុរសពីរនាក់ស្លៀកពាក់ឈុតខ្មៅ ជិះម៉ូតូស៊េរីទំនើបធុនធំពណ៌ខ្មៅនិងមានវិទ្យុទាក់ទង(អាយឌី) មួយគ្រឿង ចុះមកអន្តរាគមន៍រំដោះស្ត្រីពីរនាក់ដែលជាម្ចាស់រថយន្តបង្កឲ្យ រត់គេចខ្លួនបាត់ស្រមោល។
មុនពេលកើតហេតុគេសង្កេតឃើញម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Z-5764 បើបរដោយបុរសរងគ្រោះពីរនាក់ខាងលើ តាមបណ្តោយវិថីព្រះមុនីវង្ស ក្នុងល្បឿមមធ្យម ទិសដៅពីជើងទៅត្បូង បំរុងនិងឆ្លងផ្លូវទៅស្តាំដៃ ក្នុងខណៈនោះក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីPRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2R-5378 បើកបរដោយស្ត្រីពីរនាក់ក្នុងល្បឿនលឿន តាមបណ្តោយវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ទៅបុកម៉ូតូដែលកំពុងជិះបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យ ម៉ូតូចូលក្រោមកាងរថយន្តរួចអូសចំងាយប្រមាណជាងដប់ម៉ែត្រ ទើបរថយន្តឈប់។
ក្រោយពេលកើតហេតុ បុរសពីរនាក់ដែលចុះមកអន្តរាគមន៍រំដោះស្ត្រីពីរនាក់ជាម្ចាស់ រថយន្តបង្កឲ្យរត់គេចខ្លួនបាត់នោះ និងភាគីខាងម្ចាស់ម៉ូតូរងគ្រោះចរចាគ្នាអស់មួយសន្ទុះធំតែមិន ត្រូវរ៉ូវគ្នា សមត្ថកិច្ចនគរបាលចរាចរណ៍ ខណ្ឌដូនពេញចុះមកវាស់វែងដកហូតយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅ អធិការដ្ឋានគរបាលខណ្ឌដូនពេញដើម្បីរង់ចាំការដោះស្រាយជាក្រោយ៕