លោក ហ៊ុន សែន អំពាវនាវឲ្យមានការយោគយល់ក្នុងពេល រៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងចំពោះព្រះមហាវីរក្សត្រ
ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់ និស្សិតសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃច័ន្ទទី ១៤ មករាម្សិលមិញ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានអំពាវនាវទៅកាន់សាធារណជន ឲ្យមានការយោគយល់ ក្នុងពេល រៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងចំពោះព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា អស្រ័យហេតុនេះ សូមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មេត្តាយោគយល់ ដោយសារតែនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងមានព្រះរាជពិធីថ្វាយព្រះភ្លើងចំពោះ ព្រះបិតាជាតិ ព្រះបរមរតនកោដ ដែលភ្ញៀវបរទេសនឹងត្រូវមកកាន់ប្រទេសកម្ពុជា ក៏មានចំនួនច្រើន ជាថ្នាក់នាយករដ្ឋមន្រ្តី ថ្នាក់អនុប្រធានាធិបតី ថ្នាក់ប្រធានរដ្ឋសភា និង ថ្នាក់ ព្រះអង្គម្ចាស់ផងដែរ ។
លោកបន្តថា នៅពេលនោះ ក៏នឹងមានភ្ញៀវច្រើន ហើយ ថែមទៅដោយការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងប្រទេស ក្នុងរាជធានីភ្នំពេញ ក៏សូមឲ្យមានការ យោគយល់ ដោយកន្លែងខ្លះ គឺមានការបិទផ្លូវ ។ ប៉ុន្តែយើងបង្ហាញពីការគោរពរបស់យើងចំពោះព្រះបិតាជាតិរបស់ យើងដែលនឹងត្រូវលាគ្នាចុងក្រោយនៅថ្ងៃទី ៤ ខែកុម្ភះ ឯថ្ងៃទី ១ គឺជាការចាប់ផ្តើមនៃការដង្ហែ ៕