រាជរដ្ឋាភិបាលកម្ពុជា ជំរុញពង្រឹងចំណេះដឹង និងសមត្ថភាព សម្រាប់សមាហរណកម្មអាស៊ានឆ្នាំ២០១៥
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត នាព្រឹកថ្ងៃចន្ទ ទី១៤ ខែមករានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យកម្ពុជា ពង្រឹងចំណេះដឹង និងសមត្ថភាពខ្លួន សម្រាប់សមាហរណកម្មអាស៊ាន នៅឆ្នាំ២០១៥ខាងមុខនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំបារម្ភថា បរទេសនឹងមកដណ្តើមការងាររបស់កម្ពុជា ដោយសារតម្លៃការងារនៅប្រទេសកម្ពុជា មានតម្លៃទាបជាងប្រទេសគេ។ លោកបន្ថែមថា មានតែប្រជាជនកម្ពុជាទេ ដែលនឹងនាំគ្នាទៅធ្វើការនៅប្រទេសក្រៅ ដែលអាចទទួលបានប្រាក់កម្រៃខ្ពស់។
បន្ទាប់ពីដឹងពីសមាហរណកម្មអាស៊ានក្នុងឆ្នាំ២០១៥ ប្រជាជនកម្ពុជា បានដាក់ការព្រួយបារម្ភថា កម្ពុជា មិនអាចប្រកួតប្រជែងនឹងប្រទេសដទៃ ដោយសារប្រព័ន្ធអប់រំ និងចំណេះដឹងរបស់ប្រជាជន នៅមានកម្រិតនៅឡើយ។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើដល់ក្រសួង និងមន្រ្តីពាក់ព័ន្ធសិក្សាឲ្យបានស៊ីជម្រៅ ដើម្បីបញ្ចៀសការប៉ះពាល់ដល់អ្នកងាយគ្រោះ ដោយសារសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ ខាងមុខ។
គួរបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ាន មានគម្រោងនឹងផ្លាស់ប្តូរសមាគមអាស៊ានទៅជាសហគមន៍អាស៊ាន នៅឆ្នាំ២០១៥។ សហគមន៍អាស៊ានដែលនឹងបង្កើតនៅឆ្នាំ២០១៥ មានសរសរស្តម្ភបីសំខាន់ គឺសហគមន៍សេដ្ឋកិច្ច សហគមន៍វប្បធម៌ និងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន៕