ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​លោក​ស្ហ៊ីនហ្សូ អាបេ គឺ​នៅ​អាស៊ី​អាគ្នេយ៍

មន្រ្តី​រដ្ឋាភិបាល​ជប៉ុន​បាន​ឲ្យដឹង នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ថ្មី​របស់​ជប៉ុន នឹង​​ចាប់ផ្តើម​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ទៅក្រៅ​ប្រទេស​ នៅ​សប្តាហ៍​ក្រោយ​ ហើយ​ដំណើរទស្សនកិច្ច​ក្រៅប្រទេស​ជា​លើក​ទីមួយ​នេះ លោក​អាបេ ជ្រើសរើស​យក​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​វៀតណាម ថៃ និង​ឥណ្ឌូណេស៊ី។

យោងតាម​មន្រ្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ នឹង​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​ជាលើកទី១ នៅ​ចន្លោះ​ពីថ្ងៃ​ពុធ ទី១៦ ដល់​ថ្ងៃ សៅរ៍ ១៩ មករា សប្តាហ៍​ក្រោយ​នេះ ដោយ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​៣ ដែល​សុទ្ធសឹង​ជា​សមាជិក​អាស៊ានគឺ​វៀតណាម ថៃ និង​ឥណ្ឌូណេ ស៊ី។ មន្រ្តី​អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​ស្ថានភាព​យុទ្ធសាស្រ្ត​កំពុង​តែ​មាន​ការ​ផ្លាស់ប្តូរ ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ជប៉ុន និង​​​​ប្រទេស​សមាជិក​អាស៊ាន គឺ​មាន​សារៈសំខាន់​ណាស់ ដើម្បី​​រក្សា​សន្តិភាព និង​វិបុលភាព នៅ​ក្នុង​តំបន់។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន គឺ​លោក ហ្វ៊ូមីញ៉ូ គីស្ហ៊ីដា (Fumio Kishida) ក៏​បានជ្រើសរើស​យក​ប្រទេស​សមាជិក​អាស៊ាន ជាទិសដៅ​សម្រាប់​ដំណើរទស្សន កិច្ច​ក្រៅប្រទេស​ជាលើកទី១​របស់​លោក​ដែរ ដោយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ កំពុង​តែបំពេញ​ទស្សនកិច្ច​នៅ​​​ហ្វីលីពីន ដែល​ជា​គូជម្លោះ​ដ៏ធំមួយ ជាមួយ​នឹង​ចិន ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ លោក​គីស្ហ៊ីដា បាន​ជួប​ជាមួយ​រដ្ឋមន្រ្តីការ បរទេស​ហ្វីលីពីន កាល​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ហើយ​គ្រោង​ជួប​ជាមួយ​លោក​ប្រធា នាធិបតី​អាគីណូ នៅថ្ងៃ​ដដែលនេះ។

គេ​សង្កេតឃើញ​ថា មួយរយៈកាល​ចុងក្រោយ​នេះ ជប៉ុន​​បាន​ផ្តោត​​អាទិភាព​កាន់តែ​ខ្លាំង ទៅលើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ដោយសារ​តែ​ជប៉ុន​សំឡឹង​ឃើញ​ពី​សក្តានុពល​របស់​អាស៊ាន ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​​​ជាទីផ្សារ​ដ៏សំខាន់ សម្រាប់​​​ការ​នាំចេញ​ទំនិញ​ជប៉ុន។

ម្យ៉ាងវិញ​ទៀត នៅ​ក្នុង​ពេល​ដែលជម្លោះ​ដែន​ទឹក នៅ​ក្នុង​តំបន់​អាស៊ី​កាន់តែ​មាន​ភាព​តានតឹង​ខ្លាំងទាំង​ជម្លោះ​រវាង​ចិន​និង​ជប៉ុននិង​ជម្លោះ​រវាង​ចិន ​និង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ានការពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន កាន់តែ​មាន​សារៈសំខាន់​ថែមទៀត សម្រាប់​ជប៉ុន ក្នុងការ​ប្រជែង​ដណ្តើម​ឥទ្ធិពល​ជាមួយ​នឹង​ចិន។

គួររំឭកឡើងវិញ​ថា កាល​ពី​​ពេល​ចូល​កាន់តំណែង​នាយករដ្ឋមន្រ្តី​ជប៉ុន កាល​ពី​អាណត្តិ​មុន (ឆ្នាំ​២០០៦-១០០៧) លោក​ស្ហ៊ីនហ្សូ អាបេ បាន​ជ្រើសរើស​យក​ប្រទេស​ចិន សម្រាប់​ដំណើរទស្សនកិច្ច​ក្រៅប្រទេស​លើកទី១​របស់​លោក។ នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ តាមគម្រោង​ពី​ដំបូង លោក​ស្ហ៊ីនហ្សូ អាបេ បាន​ជ្រើសរើស​យក​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ មន្រ្តី​សេតវិមាន​បាន​ឲ្យដឹង​ថា ​លោក​អូបាម៉ា​ជាប់រវល់​ខ្លាំង ហើយ​បាន​សុំ​លើកពេល​​ដំណើរទស្សនកិច្ច​​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ទៅ​ខែ​កុម្ភៈ ឬ​ខែ​បន្ទាប់​វិញ។ ហេតុដូច្នេះ​ហើយ ទើប​លោក​ស្ហ៊ីនហ្សូ អាបេ សម្រេច​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ថៃ និង​ឥណ្ឌូណេស៊ី មុន​សហរដ្ឋ​អាមេរិក៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close