លោក​ប្រធានាធិបតី​ពូទីន​ប្រើ​ធម៌ក្តៅ​ប្រឆាំង​នឹង​ផ្ទះ “កៅស៊ូ”

និយមន័យ​នៃ “ផ្ទះ​កៅស៊ូ”​នេះ ដែលជា​បាតុភាព​ថ្មី ក្នុង​សង្គម​រុស្ស៊ី គឺ​កើតចេញ​មក បណ្តាល​មកពី ម្ចាស់​លំនៅ ឆ្លៀតប្រើ​ផ្ទះខ្លួន យក​ប្រាក់កម្រៃ សម្រាប់​លួច​ចុះបញ្ជី​ស្នាក់នៅ ដោយ​ក្លែងបន្លំ ឲ្យ​ពួកកម្មករ​បន្លាស់ទី​បរទេស ដែល​មកធ្វើការ​នៅរុស្ស៊ី​ដោយ​ខុសច្បាប់។ ដោយហេតុថា លំនៅ​តែមួយ ប៉ុន្តែ ចុះបញ្ជី​ស្នាក់នៅ​ឲ្យមនុស្ស​ដល់​រាប់សិប រាប់រយ​នាក់ បានជា​គេហៅ លំនៅ​បែបនេះ ថា “យឺត​ដូចកៅស៊ូ”។ ប្រាកដណាស់ ដែល​ម្ចាស់លំនៅ​បែបនេះ អាច​ប្រព្រឹត្ត​ទង្វើខ្លួន​ទៅកើត គឺ​ដោយ​ស៊ុមគ្រលុំ ជាមួយ អាជ្ញាធរ​ដែល​គ្រប់គ្រង​លើ​មូលនិធិ​លំនៅ។

គឺក្នុងគោលដៅ ទប់ស្កាត់​បាតុភាព​ចម្លែកនោះ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​ដើម្បី​មួលខ្ចៅ​បន្តឹង នាទី​ទទួលខុសត្រូវ ចំពោះ​ការ រំលោភបំពាន​លើ​សណ្តាប់ធ្នាប់ ខាង​ចុះបញ្ជី​ស្នាក់នៅ នៃជាតិរុស្ស៊ី​បន្លាស់ទី​ក្នុងស្រុក ក៏ដូចជា​ជនបន្លាស់ទី​បរទេស ដែល​ប្រមុខរដ្ឋ​រុស្ស៊ី លោក​ពូទីន​ផ្ទាល់ រសៀលម្សិលមិញ បាន​ដាក់ជូន​រដ្ឋសភា​ពិនិត្យមើល សេចក្តី​ព្រាង​ច្បាប់​សម ស្រប។

គួរនិយាយថា ការចុះបញ្ជី​ស្នាក់នៅនេះ គឺ​មានន័យ​សំខាន់ណាស់ សម្រាប់​ជន បន្លាស់ទី ពីព្រោះ នៅលើ​ក្រដាសស្នាម​សំគាល់ខ្លួនគេ មានចែង​អំពី​អាសយ ដ្ឋាន​ដែល​គេស្នាក់នៅ ដែល​ជា​ចំណុច ចាំបាច់ ដើម្បី​និយោជក យកគេ​ធ្វើការ និង​ជាតឹកតាង​សំអាង ពេលគេ​ត្រូវ​ប៉ូលិស​ឆែកឆេរ។

សូម្បីតែលោកពូទីនផ្ទាល់ ក្នុង​បទពន្យល់​បំភ្លឺ ភ្ជាប់នឹង​សេចក្តីព្រាង​ច្បាប់​នោះ ក៏បាន​សរសេរ​ថា ច្បាប់នេះ សំដៅ​ប្រឆាំង​នឹង “ផ្ទះ​ដែល​យឺត​ដូច​កៅស៊ូ” ជាទី​ដែលគេ​ឆ្លៀត​ចុះឈ្មោះ​មនុស្ស ដល់ទៅ​រាប់រយ​នាក់​ឯណោះ ឲ្យមាន​លទ្ធភាព​ស្នាក់នៅ។

លទ្ធផលអង្កេត​ធ្វើដោយ​អាជ្ញាធរ​សឲ្យឃើញ​ថា ក្នុង​ឆ្នាំ២០១១ នៅតាម​អាសយដ្ឋាន​ចំនួនជាង ៦.៤០០ លំនៅ មានចុះ​បញ្ជីស្នាក់នៅ ឲ្យ​ជនបន្លាស់ ទី ដល់ទៅ ៣០០.០០០នាក់​ឯណោះ បានន័យថា គិតជា​មធ្យម ក្នុងលំនៅ​នីមួយៗ មានចុះបញ្ជី​ឲ្យស្នាក់នៅ​ដល់ ៤៦នាក់។

ស្របនឹងសេចក្តីព្រាងច្បាប់​របស់​ប្រធានាធិបតី ដែល​មុខជានឹង​ត្រូវ​អនុម័ត​ពុំខាន ដោយ​សភាឌូម៉ា ជាទី​ដែល​ពួក​តំណាងរាស្ត្រ ខាងបក្ស​កាន់អំណាចមានភាគ ច្រើន​លើសលុប ចំពោះ​បទឧក្រិដ្ឋ ដែល​បំពានលើ សណ្តាប់ធ្នាប់​ខាង​ចុះបញ្ជី​ស្នាក់នៅ​ឲ្យ​ជនបន្លាស់ទី​បរទេស នឹងមាន​កសាង ជា​សំណុំរឿង​ព្រហ្មទណ្ឌ​តែម្តង ដែល​តម្រូវឲ្យ​ជាប់​ពន្ធនាគារ រហូត​ដល់ ៣ឆ្នាំ ឬ ក្នុងករណីខ្លះ តម្រូវ ឲ្យ​បង់ប្រាក់​ពិន័យ ពី១០០.០០០រូប្ល រហូតដល់ ៥០០.០០០រូប្ល ស្មើនឹង ៣.២០០ ដុល្លារ ទៅ ១ម៉ឺន៦ពាន់ដុល្លារ។ ហើយមន្ត្រីណា ដែល​ពាក់ព័ន្ធ​នឹងរឿងនេះ ថែមទាំង​ត្រូវ​ដកសិទ្ធិ ឲ្យឈប់​កាន់តំណែង​ខ្លួន ដល់ ទៅ ៣ឆ្នាំ។

មិនតែប៉ុណ្ណោះ សម្រាប់ជាតិរុស្ស៊ី ដែលចុះឈ្មោះ​ក្នុងលំនៅ​បែបនេះ គឺត្រូវ​បង់ប្រាក់​ពិន័យ ដល់១០០ដុល្លារ សម្រាប់​ម្ចាស់លំនៅ​ផ្ទាល់ គឺ​បង់ដល់ ១៦០ ដុល្លារសម្រាប់​នីតិបុគ្គលគឺត្រូវបង់ដល់ ២ម៉ឺន៤ពាន់ដុល្លារ។ បើបទល្មើស​ប្រព្រឹត្ត ក្នុង​រដ្ឋធានីម៉ូស្គូ និង​ក្នុងក្រុងទី២ គឺក្រុង Saint-Petersbourg នោះ​ប្រាក់ពិន័យ គឺ ៖ សម្រាប់​ជាតិរុស្ស៊ី ដែល​ចុះឈ្មោះ​ក្នុង​លំនៅ​បែបនេះ គឺ​ត្រូវបង់​ដល់ ១៦០ ដុល្លារ សម្រាប់​ម្ចាស់លំនៅ​ផ្ទាល់ គឺបង់ដល់​២២៥ដុល្លារ សម្រាប់​នីតិបុគ្គល គឺត្រូវ បង់ដល់ ២ម៉ឺន៦ពាន់ដុល្លារ៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close