ក្រសួង​ព័ត៌​មាន​ប្រតិ​កម្ម​ចំពោះ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​​អាមេ​រិក​រឿង​លោក​សម ​រង្ស៊ី​

ភ្នំ​ពេញ​៖ កាល​ពី​​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ​លោក​ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រាជរដ្ឋា​ភិ​ បាល​កម្ពុជា និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប ចំពោះ​​ការរិះគន់ របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោកស្រី​( Victoria Nuland ) ដែល​​បាន​ថ្លែង​រិះគន់​ប្រទេស​កម្ពុជា​ចំពោះ​ករណី​មិន​ទទួល​បេក្ខភាព​លោក​សម រង្ស៊ី ឲ្យ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​សម្រាប់​ការបោះឆ្នោត​ជាតិ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣​ខាងមុខ​នេះ​។​

​លោក​ខៀវ កាញារីទ្ធ បាន​​មាន​ប្រសាសន៍ថា​ អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​រូប​នោះ ប្រហែលជា​មិន​បាន​យល់ច្បាស់​ពី​ច្បាប់​បោះ​ឆ្នោត​​នៅ​​កម្ពុជា​ដែល​បាន​ បញ្ជាក់​យ៉ាងច្បាស់​ថា ឲ្យតែ​ទណ្ឌិត គឺ​មិន​អាច​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត​បានឡើយ​។ បើ​ទោះ​ជា​អ្នកនយោបាយ​ក្ដី ឬ​ក៏​ប្រជាពលរដ្ឋ​សាមញ្ញ​ក្ដី​ឲ្យតែ​ជា​ទណ្ឌិត គឺ​មិន​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យគេ​បោះឆ្នោត​បានឡើយ។

ការ​ថ្លែង​រិះគន់ របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស សហរដ្ឋអាមេរិក ខាងលើនេះ បាន​ធ្វើឡើង​ភ្លាមៗ ខណៈ​ដែល​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. បាន​ប្រកាស​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៤ ខែ​មករា ឆ្នាំ​២០១៣ ដោយ​បញ្ជាក់​ជាថ្មី អំពី​អវត្តមាន​របស់​លោក​សម រង្ស៊ី ដែល​សព្វថ្ងៃ ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​អាច​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ អាណ​តិ្ត​ទី​៥ សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ បានទេ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោកស្រី Victoria Nuland បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press កាលពី​ថ្ងៃ​សុក្រ ទី​៤ ខែ​មករា ឆ្នាំ​២០១៣​ថា សហរដ្ឋអាមេរិក​មាន​ការខកចិត្ត​ជា​ខ្លាំង​ចំពោះ​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប​. ក្នុងប្រទេស​កម្ពុជា​ដែលថា លោក​សម រង្ស៊ី ត្រូវបាន​លុបឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​​បោះឆ្នោត ហើយ​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​កំពុង​និរទ្ទេស​ខ្លួន នៅ​ក្រៅប្រទេស​លោក​សម រង្ស៊ី ក៏​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ សម្រាប់​​​ចូលរួម​ការបោះឆ្នោតជាតិ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​ឡើយ ពីព្រោះ​តែ​លោក​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​ សរុប​ចំនួន​១២​ឆ្នាំ ក្នុង​​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោកស្រី Victoria Nuland បាន​ថ្លែង​ទៀត​ថា “​ក្រុម​អ្នកសង្កេតការណ៍​ដែល​គួរ​ឲ្យ​ជឿជាក់បានចាត់ទុកថា សាលក្រម​ផ្តន្ទាទោស​លើ​លោក​សម​រង្ស៊ី គឺពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​សុទ្ធសាធ​”​​ ហើយ​ការបង្ខំ​ឲ្យ​លោក​សម រង្ស៊ី ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​នាំឲ្យ​មាន​ការចោទជា​សំណួរ​អំពី​ភាពស្របច្បាប់​នៃ​ ដំណើរការ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​៕

khmer-news-itvawoo-1357871946-X

Related Articles

Back to top button
Close
Close