ទីក្រុង​វ៉ាស៊ីនតោន​បន្ត​ពិភាក្សា​​ជាមួយ​ម៉ូស្គូ​​អំពី​វាសនា​កុមារ​កំព្រា​រុស្ស៊ី

បន្តពិភាក្សានេះ ទោះបី​ចាប់ពី​ថ្ងៃ​ទី​១មករា​មក បាន​ចូល​ជា​ធរមាន​ទៅ​ហើយ​ក្តី ច្បាប់រុស្ស៊ី ដែល​ហាម​មិន​ឲ្យ​ជាតិ​អាមេរិកាំង សុំ​កុមារ​រុស្ស៊ី​យក​ទៅ​ធ្វើ​ជា​កូន ចិញ្ចឹម​ទៀត​ឡើយ។ មូលហេតុ តាម​ដែល​ក្រសួង​ការបរទេស​អាមេរិក ទើប​ប្រកាស​ឲ្យ​ដឹង មក​ពី​អាមេរិក​តាំង​ចិត្ត​ចម្លង​ឲ្យ​បាន​ដល់​ចុង​ដល់​ត្រើយ របៀប​របប​ខាង​ទទួល​កុមារ​កំព្រា​រុស្ស៊ី ជាង​៥០០​នាក់​ទៀត ដែល​មាន​ធ្វើ​ទៅ​ហើយ ដោយ​គ្រួសារ​អាមេរិ កាំង តាំងពី​មុន​ច្បាប់​រុស្ស៊ី​នោះ ចូល​ជា​ធរមាន​ម៉្លេះ។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រុង​វ៉ាស៊ីនតោន អ្នកនាំពាក្យ​ផ្លូវការ​នៃ​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Victoria Nuland កត់​សម្គាល់​ថា ៖

“តាម​ការ​ប៉ាន់​ស្មាន​ឃើញ មាន​គ្រួសារ​អាមេរិកាំង ចំនួន​ពី ៥០០ រហូត​ដល់ ១.០០០ គ្រួសារ សព្វថ្ងៃ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​ប្លែកៗ នៃ​ការ​សុំ​កុមារ​កំព្រា​រុស្ស៊ី យក​ទៅ​ធ្វើ​ជា​កូន​ចិញ្ចឹម។ គ្រួសារ​ទាំងនោះ​ជាច្រើន ចេះ​តាំង​ទំនាក់ទំនង​បាន​ជិត ស្និទ្ធ​ទៅហើយ ជាមួយ​កុមារ​រុស្ស៊ី ដែល​គេ​ចង់​ទទួល​យក​ទៅ​ចិញ្ចឹម​ជា​កូន។ ប្រាកដណាស់ ដែល​ភាគី​អាមេរិក ចង់​ឃើញ អភិក្រម​ខាង​ចម្លង​កុមារ​រុស្ស៊ី​ទាំងនោះ ទៅ​ជា​កូន​ចិញ្ចឹម​ក្នុង​គ្រួសារ​អាមេរិក អាច​ចល័ត​ទៅ​មុខ។ ប៉ុន្តែ ពេលថ្មីៗ យើង​ត្រូវ​រដ្ឋាភិបាល​រុស្ស៊ីជូន​ជា​ដំណឹង​មក​យើង​ថា ម៉ូស្គូ​ប្រុង​បញ្ឈប់​សុពលភាពនៃ សន្ធិសញ្ញាស្តី​អំពី​ការ​សុំ​កុមារ​រុស្ស៊ីទៅធ្វើ​ជា​កូន​ចិញ្ចឹម​ក្នុង​គ្រួសារ​អាមេរិក”។

ជាការកត់សម្គាល់ “ច្បាប់រុស្ស៊ី​ដែល​ហាម​មិន​ឲ្យ​ជាតិ​អាមេរិកាំង សុំ​កុមារ​រុស្ស៊ី​យក​ទៅ​ធ្វើ​ជាកូន​ចិញ្ចឹម​ទៀត​ឡើយ”តម្រូវ​ឲ្យ​ភាគី​រុស្ស៊ីរំលាយ​ចោល​សន្ធិសញ្ញា​ ថ្មី​នោះ ដែល​មាន​ចុះ​រវាង រុស្ស៊ី និង ស.រ.អា. ហើយ​ដែល​ទើប​ចូល​ជា​ធរមាន កាលពី​ថ្ងៃ​ទី​១​វិច្ឆិកា​ឆ្នាំ​២០១២។

តាមលោកស្រី Victoria Nuland គឺ​ក្នុង​ពេលឆាប់ៗ​ខាង​មុខ​ទៅ​ហើយ នៃ​ឆ្នាំថ្មី​នេះ ដែល​ភាគី រុស្ស៊ី នឹង​បញ្ឈប់​មែន សុពលភាព នៃ​សន្ធិសញ្ញា​ខាង​លើ។

គួររំលឹកថា ច្បាប់រុស្ស៊ី ដែល​ហាម​លែង​ឲ្យ​ជាតិ​អាមេរិកាំង សុំ​កុមារ​រុស្ស៊ី​យក​ទៅ​ធ្វើ​ជា​កូនចិញ្ចឹម គឺ​ជា​ចម្លើយ​របស់​រុស្ស៊ី តប​នឹង “ច្បាប់ Magnitsky “ របស់​ស.រ.អា.​ដែល​ដាក់​ទណ្ឌកម្ម មក​លើ​មន្ត្រី​រុស្ស៊ី​ណា ដែល​ត្រូវ​វ៉ាស៊ីនតោន ចោទ​ថា ជាប់​ពាក់ព័ន្ធ​នឹង​មរណភាព ក្នុង​មន្ទីរ​ឃុំឃាំង ពន្ធនាគារ​ម៉ូស្គូ កាល​ក្នុង​ឆ្នាំ ២០០៩ នៃ​មេធាវី​ជាតិ​រុស្ស៊ី ឈ្មោះ Serguei Magnitsky ដែល​បាន​ការពារ​ផលប្រយោជន៍ ក្រុមហ៊ុន​វិនិយោគ​អង់គ្លេស Hermitage Capital។

ថ្លែងក្នុង​មហាសន្និសីទ​កាសែត កាលពី​ថ្ងៃ​ទី​២០​ធ្នូ​កន្លង​ទៅ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន បាន​ការពារ​យ៉ាង​ពុះខ្ជោល ច្បាប់​រុស្ស៊ី​ជា​ចម្លើយ​ទល់​នឹង​អាមេរិក​នោះ ដោយ​ថ្លែង​ថា ៖ “បើ​គេ​ទះ​យើង យើង​ត្រូវតែ​ឆ្លើយ​ទៅ​វិញ ពុំ​នោះ​សោត​ទេ គេ​នឹង​បន្ត​ទះ​យើង​គ្មាន​ឈប់”។

ស្របនឹង​តួលេខ​ក្រសួង​អប់រំ​បច្ចុប្បន្ន មាន​កុមារ​រុស្ស៊ី ប្រមាណ ១១០.០០០នាក់ រស់នៅ តាម​គ្រឹះស្ថាន​ដែល​ស្ថិត​នៅ​ក្រោម​ការឧបត្ថម្ភ​របស់​រដ្ឋ។ គិតពី​ឆ្នាំ​១៩៩៦​មក មាន​គ្រួសារ​អាមេរិកាំង បាន​សុំ​កុមារ​រុស្ស៊ី ៦០.០០០នាក់ យក​ទៅ​ធ្វើ​ជា​កូនចិញ្ចឹម ហើយពី​ក្នុង​នោះ ធ្លាក់​ខ្លួន​អភ័ព្វ​ស្លាប់ គឺ​តែ ១៩​នាក់​ប៉ុណ្ណោះ ។ ក្នុងអំឡុង​ពេលនេះ តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស ដែល​ប្រឆាំង​នឹង​ច្បាប់​រុស្ស៊ី​នោះ នៅ​តាម​គ្រួសារ​រុស្ស៊ី គឺ​មាន​ស្លាប់​កូន​ចិញ្ចឹម អស់​ដល់ ១.៥០០​នាក់​ឯណោះ៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close