សម្លៀកបំពាក់មានតម្លៃជាង១០០លានរៀលត្រូវអគ្គិភ័យឆាបឆេះ
ភ្នំពេញ ៖ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៩ ខែមករា នៅក្នុងដីឡូត៍មួយកន្លែងជា ស្ថិតនៅតាមបណ្ដោយផ្លូវ៣៣៩ ក្រុមទី១៦ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌ ទួលគោក សម្លៀកបំពាក់កាត់ដេរ ថ្មីៗមានតម្លៃប្រមាណ១០០លានរៀល ត្រូវបានអគ្គិភ័យឆាបឆេះអស់ ខណៈ ដែលគេបម្រុងដឹកចេញពីភ្នំពេញទៅ ប៉ោយប៉ែតតាមរយៈរថយន្ដ។
ជនរងគ្រោះដោយអគ្គិភ័យឆាបឆេះ ខោអាវខាងលើនេះមានគ្នារហូតដល់១១ នាក់ជាអ្នកប្រកបមុខរបរកាត់ដេរតាម ផ្ទះនៅតាមបណ្ដោយផ្លូវ៥៩៨សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក។ ចំណែកឯម្ចាស់រថយន្ដដែលទទួលខុសត្រូវក្នុងការ ដឹកនាំខោអាវនេះទៅឱ្យម៉ូយនៅប៉ោយ ប៉ែតត្រូវបានគេស្គាល់ឈ្មោះកែវ ស្រ៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥០០ ផ្លូវលេខ៥៩៨ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យ ដឹងថានៅមុនពេលកើតហេតុអ្នកទទួល ដឹកខោអាវទាំងនេះបានដើរប្រមូលខោ អាវតាមផ្ទះជនរងគ្រោះទាំង១១នាក់ ដើម្បីត្រៀមដឹកទៅឱ្យម៉ូយនៅប៉ោយប៉ែត។ ក្រោយពីប្រមូលបានខោអាវប្រមាណ ១៣បាវហើយក៏បានយកខោអាវនោះមក គរទុកនៅក្នុងដីឡូត៍កើតហេតុខាងលើ ដើម្បីត្រៀមដាក់ចូលក្នុងរថយន្ដ តែ មិនទាន់បានដាក់ចូលនៅឡើយ។ ការ មិនទាន់យកខោអាវដាក់ចូលរថយន្ដគឺ មានកម្មករ៣នាក់ និងព្រូឡានម្នាក់ដេក ចាំខោអាវនោះ។ លុះដល់ម៉ោងកើត ហេតុស្រាប់តែឃើញមានអណ្ដាតភ្លើង ឆាបឆេះបាវខោអាវយ៉ាងសន្ធោសន្ធៅតែ ម្ដង។ ភ្លាមៗនោះកម្មករដែលដេកយាម នោះក៏បានយកទឹកមកបាញ់ពន្លត់ភ្លាម ដែរ។ តែទម្រាំភ្លើងរលត់គឺវាបានឆេះ ខោអាវទាំងនោះស្ទើរតែអស់ទៅហើយ ។
ជនរងគ្រោះ ជាម្ចាស់ខោអាវបាន អះអាងថាខោអាវដែលត្រូវភ្លើងឆេះ បំផ្លាញនេះមានតំលៃប្រមាណ១០០ លានរៀល។ ចំពោះមូលហេតុឆាបឆេះ នេះពួកគាត់អះអាងថាមិនមែនជា ឧបទ្ទវហេតុនោះទេគឺពិតជាមាន មនុស្សមិនល្អច្រណែនឈ្នានីសលួចចាក់ សាំងដុតបំផ្លាញចោលតែម្ដង ព្រោះ តែពួកគេឃើញគាត់រកស៊ីកាក់កបក្នុងមុខរបរនេះ ៕