អាជ្ញាធរកម្ពុជានឹងធ្វើការស៊ើបអង្កេតឡើងវិញលើករណីបាញ់កម្មករនៅបាវិត
ភ្នំពេញ៖ កាលពីថ្ងៃទី៨ មករា ២០១៣ អាជ្ញាធរកម្ពុជាបានឲ្យដឹងថា អាជ្ញាធរនឹងធ្វើការស៊ើបអង្កេតឡើងវិញលើករណីអតីតអភិបាលក្រុង បាវិតដែលបានបាញ់កម្មករចំនួនបីនាក់កាលពីឆ្នាំទៅមិញ បន្ទាប់ពីតុលាការខេត្តស្វាយរៀងបានទំលាក់ចោលការចោទប្រកាន់មកលើរូបលោក។
បើតាមក្រសួងយុត្តិធម៌បានឲ្យដឹងថារដ្ឋាភិបាលបាន ធ្វើអន្តរាគមន៍ បន្ទាប់ពីការសម្រេចរបស់តុលាការខេត្តក្នុងការលើកលែងការចោទ ប្រកាន់លើលោក ឈូក បណ្ឌិត ដែលជាជនសង្ស័យដ៏សំខាន់ក្នុងករណីបាញ់ប្រហារលើហ្វូងកម្មកររោង ចក្រកៅវេ ដែលផលិតខោអាវកីឡាសម្រាប់ក្រុមហ៊ុន Puma កាលពីខែកុម្ភៈ។
ជនរងគ្រោះមួយរូប ដែលបានចំណាយពេលព្យាបាលរបួសចំនួនពីរសប្តាហ៍បន្ទាប់ពីការបាញ់ ប្រហារ បានឲ្យដឹងថានាងមានការរីករាយជាមួយនឹងការវិវត្តន៍លើករណីនេះ ហើយនាងគ្រាន់តែចង់បានយុត្តិធម៌តែប៉ុណ្ណោះ។
សូមបញ្ជាក់ថាបន្ទាប់ពីលើកលែងការចោទប្រកាន់ទៅលើលោកឈូក បណ្ឌិត តុលាការខេត្តស្វាយរៀងបានធ្វើការចោទប្រកាន់ទៅលើមន្ត្រីនគរបាល មួយរូបពីបទបង្ក របួសស្នាមដោយអចេតនាទៅលើហ្វូងកម្មករដែលទាមទារលក្ខខណ្ឌការងារ ឲ្យបានប្រសើរ ដែលសេចក្តីសម្រេចនេះរងការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស ដែលបានធ្វើការរិះគន់ពីនិទណ្ឌភាពក្នុងប្រទេសនេះ៕