កម្ពុជា-អាមេរិក សន្យាបង្កើនទំនាក់ទំនងពាណិជ្ជកម្មឲ្យបានខ្លាំងក្លាថែមទៀត
ភ្នំពេញ៖ នៅក្នុងជុំជួបរវាងឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងលោក ស្រី Karen Tramontana ជំនួយការអតីតប្រធានាធិបតី ប៊ីល គ្លីនតុន បច្ចុប្បន្នជាប្រធានអង្គការមានគំនិតផ្ដួចផ្ដើមជាសកលនិងស្ថាប័ន យុទ្ធសាស្រ្ត Blue star កាលពីព្រឹកថ្ងៃទី ០៨ មករា ២០១៣ នៅទីស្ដីការគណៈរដ្ឋមន្រ្តី លោកស្រី Karen Tramontana បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនៈកិច្ចនៅកម្ពុជាពេលនេះមាន គោលបំណងដើម្បីស្វែងយល់ពីស្ថានភាពការវិវត្តន៍របស់ប្រទេសកម្ពុជា បច្ចុប្បន្ននិងជួយជម្រុញការផលិតសំលៀកបំពាក់នាំចេញឱ្យបានច្រើន ថែមទៀតទៅកាន់ទីផ្សារពិភពលោក។
លោកស្រី Karen Tramontana បន្តថា ប្រទេសកម្ពុជាមានលក្ខខណ្ឌការងារល្អមានអ្នកបញ្ជាទិញផលិតផលសំលៀក បំពាក់ច្រើន។ លោកស្រីក៍បានសង្គេតឃើញថាប្រទេសកម្ពុជាមានសក្ដានុពលវិនិយោគល្អ លើផ្នែកកសិកម្ម ទេសចរណ៍ ឧស្សាហកម្មកម្មសាលនិងសំណង់និងវិស័យធនធានធម្មជាតិជាច្រើនទៀត។
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានជំរាបជូនលោកស្រីថា ការដែលប្រទេសកម្ពុជាបានទទួលនូវសមិទ្ធិផលដ៍ធំធេងនេះដោយសារការ ដឹកនាំដ៍ត្រឹមត្រូវរបស់សម្ដេច ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជាឈរលើសសរស្តមពីរជាចំបង គឺកត្តាស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។
លោកស្រី មានប្រសាសន៍ថានឹងលើកទឹកចិត្តឱ្យមានការបង្កើនទំនាក់ទំនង ពាណិជ្ជកម្មវិនិយោគទ្វេរភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិក។ ហើយលោកស្រី នឹងជួយផ្សព្វផ្សាយទៅប្រាប់ពិភពលោកពីជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ជម្ងឺអេសដ៍ និងអំពីបរិយាកាសវិនិយោគដ៍ល្អនៅកម្ពុជាបច្ចុប្បន្ននេះ៕