ការបើកហួសល្បឿងកំណត់ នៅតែជាបញ្ហាប្រឈមដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ការបើកបរហួសល្បឿនកំណត់ បានក្លាយជាបញ្ហាចម្បងធំជាងគេបំផុត ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវនៅទូទាំងប្រទេស ក្នុងចំណោម បញ្ហាធំៗមួយចំនួនទៀត ដូចជាការមិនគោរពសិទ្ធិអត្ថិភាព និងស្លាកសញ្ញាចរាចរណ៍ នៅក្នុងពេលធ្វើដំណើរ និងការផឹកគ្រឿងស្រវឹង ក្នុងពេលបើកបរ។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត គម្រោងសុវត្ថិភាពតាមដងផ្លូវ១០ប្រទេស ស្តីអំពីការត្រួតពិនិត្យ លើការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅពេលយប់ នៅព្រឹកថ្ងៃទី៨ មករា ២០១២នេះ លោក ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ការបើកហួសល្បឿងកំណត់ នៅតែជាបញ្ហាប្រឈមដ៏ធំបំផុត ដែលតែងតែបង្កឲ្យមានគ្រោះថ្នាក់ ជាញឹកញាប់ ក្នុងចំណោមបញ្ហាប្រឈមមួយចំនួនដូចជា ការបើកបរមិន គោរពសិទ្ធិអត្ថិភាព និងការមិនគោរពស្លាកសញ្ញាចរាចរណ៍ ហើយនិងការបើកបរក្រោម ឥទ្ធិពលគ្រឿងស្រវឹងជាដើម។
លោក ហ៊ឹម យ៉ាន បន្តថា យោងតាមតួលេខ នៃចំនួនគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវនៅទូទាំងប្រទេសរបស់ នាយកដ្ឋានសណ្តាប់ធ្នាប់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួង មហាផ្ទៃ បានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ នៅក្នុងឆ្នាំ២០១២ មានការធ្លាក់ចុះជាង១០ភាគរយ បើធ្វើការប្រៀបធៀបចំនួនគ្រោះថ្នាក់ ចរាចរណ៍នៅតាមដងផ្លូវក្នុងឆ្នាំ២០១១៕