ហម ឈរ៉ា អំពាវនាវសិល្បករសិល្បការនីជៀសឲ្យឆ្ងាយពីរឿងអាស្រូវ
តារាសម្តែងជើងចាស់និងមិនធ្លាប់មានរឿងអាស្រូវពីមុនមកគឺលោក ហម ឈរ៉ា បាន អំពាវនាវជាថ្មីម្តងទៀតដល់សិល្បករសិល្បការនីខ្មែរ ត្រូវខិតខំធ្វើយ៉ាងណាជៀសឲ្យ ឆ្ងាយពីរឿងអាស្រូវផ្ទាល់ខ្លួន ដែលជាមូលហេតុសំខាន់នាំឲ្យបាត់បង់តម្លៃសិល្បៈ និង សិលធម៌ប្រពៃណីខ្មែរ ។
ដោយចាត់ទុកសិល្បករសិល្បការនីជាមនុស្សសំខាន់របស់មហាជនរួមទាំងជាកោសិកានៃសិល្បៈវប្បធម៌ជាតិនោះលោក ហម ឈរ៉ា បានលើកឡើងថាសិល្បករសិល្បការនីជាវត្ថុ ប្រើប្រាស់របស់មហាជន ដូច្នេះអ្នកសិល្បៈមិនអាចខ្វះមហាជនបានឡើយហើយអ្វីដែល ធ្វើឲ្យអ្នកសិល្បៈមានឈ្មោះល្បីនោះក៏អាស្រ័យដោយមានការគាំទ្រពីមហាជន ។ ដូច្នេះ អ្នកសិល្បៈគ្រប់រូបត្រូវប្រយ័ត្នប្រយ៉ែងក្នុងសកម្មភាពទាំងក្នុងការសម្តែង និងជីវភាពរស់នៅប្រចាំថ្ងៃហើយធ្វើយ៉ាងណាជៀសឲ្យបាននូវរឿងអាស្រូវ ដែលនាំឲ្យមហាជនរិះគន់ និងលែងគាំទ្រ។
លោក ហម ឈរ៉ា បានបញ្ជាក់ថាតម្លៃអ្នកសិល្បៈគឺចាប់រាប់តាំងពីការដេក ដើរ ឈរ អង្គុយ ឡើងទៅ ព្រោះគ្រប់សកម្មភាពរបស់អ្នកសិល្បៈ គឺស្ថិតក្នុងរង្វង់ភ្នែករបស់មហាជន ។ដូច្នេះទាំងរូបលោកទាំងសិល្បករ សិល្បការនី ទាំងអស់ត្រូវគិតគូរបញ្ហាសិលធម៌រស់នៅ ស្អាតស្អំ កុំឲ្យមានរឿងអាស្រូវ ស្របពេលដែលត្រូវខិតខំអំពីទេពកោសល្យក្នុងវិស័យ សិល្បៈ ។
ទាក់ទងនឹងជីវិតសិល្បៈផ្ទាល់ខ្លួនលោក ហម ឈរ៉ា បាននិយាយលោកកំពុងត្រៀម សម្តែងក្នុងខ្សែភាពយន្តមួយរបស់ផលិតកម្មមហាហង្ស ដែលលោកគិតថាខ្សែភាពយន្ត នេះនឹងចាត់ផ្តើមថតក្នុងខែមករានេះ។លោកបន្ថែមថាពីមុនលោកសម្តែងជាតួស្លូតប៉ុន្តែខ្សែភាពយន្តក្រោយនេះ ប្រហែលជាម្ចាស់ផលិតកម្មត្រូវឲ្យលោកសម្តែងជាតួកាចវិញម្តង ។
តាមប្រវត្តិលោក ហម ឈរ៉ា បានចូលសម្តែងជាតួឯកក្នុងខ្សែភាពយន្តខ្មែរលើកដំបូងនៅ អំឡុងទសវត្សឆ្នាំ៩០ ហើយភាពយន្តដែលលោកសម្តែងលើកទី១គឺរឿងសម្លងទ្រខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និងធ្វើឲ្យលោកចាប់មានឈ្មោះបោះសម្លេងក្នុងពិភព សិល្បៈ ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់របស់មហាជននោះគឺចាប់ពីឈានជើងចូល វិស័យសិល្បៈ លោកហម ឈរ៉ា មិនដែលបែកធ្លាយនូវរឿងអាស្រូវផ្ទាល់ខ្លួននោះឡើយ ។ ទន្ទឹមនោះលោក ហម ឈរ៉ា ហាក់ដូចជានៅរក្សាទីតាំងជាតារាសម្តែងដែលមានប្រជា ប្រិយភាពមិនចាញ់តារាសម្តែងដែល្បីឈ្មោះលោក ទេព រិនដារ៉ូ នោះឡើយ ។ យ៉ាងណា ក៏ដោយតារាសម្តែងរូបនោះកំពុងរស់ក្នុងជីវភាពធូធារគ្រាន់បើជាមួយនឹងភរិយា ៕
ដោយ៖ ស.រ