លោក​ប្រធានាធិបតី​ពូទីន​ បំពេញ​ទស្សនកិច្ច​ផ្លូវការ​ នៅ​ប្រទេស​ឥណ្ឌា​

ជាតុល្យាការនៃជំនួបកំពូលឥណ្ឌា-រុស្ស៊ីថ្ងៃនេះនៅក្រុង NewDelhi មានចុះកិច្ច ព្រមព្រៀងជាង១០ច្បាប់ ក្នុងនោះមានកិច្ចសន្យាទិញអាវុធពីរុស្ស៊ីថែម ទៀត ក្នុងទឹកប្រាក់ រាប់ពាន់លានដុល្លារ។ ក្នុងអត្ថបទ ឧទ្ទិសដល់ទស្សនកិច្ចនេះ ដែលចុះផ្សាយ ដោយកាសែតមួយ ដ៏ធំបំផុតនៃប្រទេសឥណ្ឌា គឺកាសែត Hindu ប្រមុខរដ្ឋរុស្ស៊ី ចាត់ទុកឥណ្ឌា ជា ដៃគូយុទ្ធសាស្ត្រ របស់រុស្ស៊ី។

ក្នុងក្របខ័ណ្ឌទស្សនកិច្ច ប្រមុខរដ្ឋរុស្ស៊ីបានធ្វើទៅហើយ ធ្វើកិច្ចចរចា ជាមួយលោក នាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Sing អំពី សហប្រតិបត្តិការ វិស័យថាមពលយោធានិង ផ្នែកវិនិយោគ។ បន្ទាប់មក ក្នុងជំនួប ជាមួយសមភាគី ឥណ្ឌា គឺ លោកប្រធានាធិបតី Pranab Mukherjee សាច់រឿងគឺអំពី កិច្ចសហការ គ្នារវាងរុស្ស៊ី និងឥណ្ឌាលើឆាកអន្តរជាតិ។វិមានក្រេមឡាំង គូសបញ្ជាក់ ថា ទំនាក់ ទំនង រវាងរុស្ស៊ីនិងឥណ្ឌា ដែលក្នុងឆ្នាំនេះ គម្រប់បាន ៦៥ឆ្នាំ មានលក្ខណៈ ជាដៃគូ យុទ្ធសាស្ត្រនឹងគ្នា ហើយចាប់ពីឆ្នាំ ២០១០មក ឈានឡើងដល់ ជាន់ថ្នាក់ ដែលម្ខាងៗ បំពាក់ដោយ”ឯកសិទ្ធិពិសេស”។

ហើយក្នុងចំណោមឯកសារចំនួន១៣ច្បាប់ ចុះថ្ងៃនេះ ជាតុល្យាការនៃកិច្ចចរចា គឺអនុស្សរណៈ ស្តីអំពីសហប្រតិបត្តិការ វិស័យវិទ្យាសាស្ត្រ បច្ចេកវិជ្ជា, អនុស្សរណៈចុះជាមួយធនាគារឥណ្ឌា State Bank of Indiaស្តីអំពីការជម្រុញ ដល់វិនិយោគត្រង់ផ្ទាល់, កម្មវិធីផ្លាស់ប្តូរវិស័យវប្បធម៌ គ្រោងទុកសម្រាប់ ឆ្នាំ ២០១៣-២០១៤ និង កិច្ចសន្យាធំៗ២ វិស័យយោធា បែបយ៉ាង កុងត្រា ក្នុងទឹកប្រាក់១.៦០០លានដុល្លារដែលប្រមើលលក់ទៅឲ្យឥណ្ឌាគឺយន្តហោះ ប្រដេញរុស្ស៊ី ធុន Sukhoi-30 ចំនួន៤២គ្រឿងទៀត បន្ថែមទៅលើ២៣០គ្រឿង ដែលឥណ្ឌា បានទិញពីរុស្ស៊ី ទៅហើយ ព្រមទាំងកិច្ចសន្យា លក់ឧទ្ធម្ភាគចក្រ ដឹក ជញ្ជូន ធុន Mi-17 ចំនួន៧១គ្រឿង ក្នុង ទឹកប្រាក់ ១.០០០លានដុល្លារ។

ខាងវិស័យថាមពល រុស្ស៊ីកំពុងសង់នៅប៉ែកខាងត្បូងប្រទេសឥណ្ឌា គឺស្ថានីយ អគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ ដោយមានសង់រួចទៅហើយ ក្នុងស្ថា នីយនេះ គឺ Reacteur nucleaire ២ ប្រកបដោយកម្លាំងភ្លើង ២.០០០ Megawatt ក្នុងតម្លៃ២.៥០០លានដុល្លារអាមេរិក។ ស្របនឹង កិច្ចព្រមព្រៀងចុះថ្ងៃនេះ រុស្ស៊ីនឹងសង់ ក្នុងរោងចក្រភ្លើងនោះ ទាំង Reacteur nucleaire ២ ទៀត ហើយក្នុងអនាគត ចំនួន Reacteur បែបនេះ អាចឡើងដល់ ៨ ឯណោះ។

ខាងផ្នែកពាណិជ្ជកម្ម គូភាគី គ្រោងបង្កើន ទំហំផ្តោះប្តូរដែលក្នុងឆ្នាំនេះ មានទឹកប្រាក់ ១ម៉ឺន លានដុល្លារ ឲ្យក្នុង៣ឆ្នាំទៅមុខ កើនទ្វេដង រហូតដល់ ២ម៉ឺនលានដុល្លារតែម្តង ទើបសម នឹង សក្តានុពល មហាប្រទេសទាំង២។

តាមវិមានក្រេមឡាំង Moscou និងក្រុង New Delhi តែងឈានជំហានស្របគ្នា ពង្រឹង តួនាទីអ.ស.ប.ក្នុងកិច្ចការពិភពលោក, សហការគ្នាក្នុងក្រុមប្រទេស BRICS ដែលរួមក្តោប Bresil រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង, ក្រុម ២០ប្រទេស ដែលមានសេដ្ឋកិច្ចហំហួនជាងគេហៅថា G-20 , សហគមន៍អាស៊ី-បូព៌ា ហៅ កាត់ថា ASEM។ល៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close