ភូមាស្ថិតក្រោមសម្ពាធអន្តរជាតិឲ្យបញ្ចប់ការវាយប្រហារតាមអាកាសប្រឆាំងពួកឧទ្ធាម
ការវាយប្រយុទ្ធគ្នារវាងទាហានភូមា និងក្រុមឧទ្ទាមកាឈីននៅប៉ែកខាងជើងប្រទេសភូមាកាន់តែមានទ្រង់ ទ្រាយធំរហូតដល់មានការវាយប្រហារតាមអាកាសជំរុញឲ្យសហគមន៍ អន្តរជាតិមានការព្រួយបារម្ភខ្លាំងចំពោះសន្តិសុខរបស់សហគមន៍ជន ជាតិភាគតិចនេះ។ ក្នុងន័យនេះហើយ បានជាសហគមន៍អន្តរជាតិនៅថ្ងៃព្រហស្បតិ៍ទី៣មករានេះ បានដាក់សម្ពាធរដ្ឋាភិបាលភូមានិងបង្ខំឲ្យឈប់វាយប្រហារតាមជើង អាកាសប្រឆាំងទៅលើពួកឧទ្ទាមកាឈីនតទៅទៀត។
ក្រោយពីផ្អាកឈប់បាញ់គ្នាអស់រយៈពេល១២ឆ្នាំមក ការវាយប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធនៃអង្គការដើម្បីរដ្ឋ កាឈីន(KIO) និងកងទ័ពភូមា បានរីករាលដាលឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅចម្ងាយប្រមាណជា១០គម ពី Laiza ។ តំបន់ Laiza គឺ ជាទីបញ្ជាការរបស់ពួកឧទ្ទាមកាឈីន ដែលកងទ័ពរដ្ឋាភិ បាល មានបំណងវាយយកមកកាន់កាប់។
ការប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជនជាតិភាគតិចកាឈីនដោយរដ្ឋាភិបាល បានប្រើយន្តហោះចម្បាំងនោះ ជំរុញឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភខ្លាំង មែនទែន។ ស្ថានទូតអាមេរិកប្រចាំទីក្រុង Rangoun បានធ្វើអត្ថាធិប្បាយនៅលើបណ្តាញសង្គមTwitter ថា « អាមេរិកកត់ត្រាទុកនូវព័ត៌មានដែលបានបញ្ជាក់ថា កងទ័ពភូមា បានទទួលស្គាល់ក្នុងការដឹកមុខវាយប្រហារតាមអាកាសទៅលើរដ្ឋកាឈីន ។ ហេតុការណ៍នេះ ធ្វើឲ្យអាមេរិកមានក្តីព្រួយបារម្ភជាពន់ពេកអំពីសុវត្ថិ ភាពរបស់ ប្រជាជនស៊ីវិល។
ចំណែកលោក ស្រី Victoria Nuland អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកវិញ បានអំពាវនាវឲ្យគូបដិបក្សទាំងសងខាង បិទបញ្ចប់ជម្លោះនិងឈានទៅរកកិច្ចចរចាសន្តិភាពមួយដ៏ពិតប្រាកដ។
ដោយឡែក លោកអគ្គលេខាធិការអសប បានគីមូន វិញបានអំពាវនាវដល់អាជ្ញា ធរភូមាឲ្យបញ្ឈប់រាល់សកម្មភាព ទាំងឡាយណាដែលអាចធ្វើឲ្យអន្តរាយដល់ជីវិតរបស់ប្រជាជនស៊ីវិលនៅ ក្នុងដែនដីកាឈីននេះនិងជំរុញឲ្យអធិករណ៍នៅ ក្នុងតំបន់កាន់តែ ធ្លាក់ចុះដុនដាប។
កាសែតកងទ័ពភូមាឈ្មោះ Myawaddy ក៏បានបញ្ជាក់អះអាងនៅក្នុងសប្តាហ៍ នេះដែរ នៅលើទំព័រវិបសៃយ៍អ៊ីនធ័រណែតរបស់ខ្លួន អំពីការវាយប្រហារតាមអាកាសរបស់កងទ័ពដែរ ប៉ុន្តែពុំបានបញ្ជាក់ប្រាប់ ពីប្រភេទនៃយន្តហោះដែលបានចូលរួមការវាយប្រហារនោះទេ។
នៅថ្ងៃពុធម្សិលមិញ លោក Hla Maung Shwe ដែលជាសមាជិកម្នាក់ក្នុងចំណោមក្រុមអ្នកចរចារបស់រដ្ឋាភិបាលភូមាក៏ អះអាងទទួលស្គាល់ដែរថា កងទ័ព បានប្រើប្រាស់ឧត្ថម្ភភាគចក្រនិងយន្តហោះសម្រាប់ ហ្វឹកហ្វឺនក្នុងប្រតិបត្តិការ របស់ខ្លួន តែពុំបានបញ្ជាក់ច្បាស់លាស់ពីតួនាទីពិតប្រាកដនៃយន្តហោះនោះ ឡើយ។
គួររំលឹកថា រដ្ឋាភិបាលថ្មីភូមារបស់លោកថេនសេន បានចាប់ផ្តើមធ្វើការចរចាជាមួយក្រុមឧទ្ទាមជនជាតិភាគតិចតាំងពី ឆ្នាំមុនម៉្លេះ និងបានចុះកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយក្រុមប្រដាប់ អាវុធជនជាតិភាគតិចមួយចំនួនដែរ ក៏ប៉ុន្តែការចរចាជាច្រើនលើកច្រើនសា ជាមួយក្រុមឧទ្ទាមកាឈីននៅប៉ែកខាងជើងប្រទេសភូមា នៅតែត្រូវទទួលបរាជ័យ៕ដោយ នុយ ប៊ែរណាដែត (RFI)