ត្រូវ ជួយលើកស្ទួយ និងផ្តល់ឱកាសដល់កុមារី ក្នុងការរៀនសូត្រឲ្យបានខ្ពង់ខ្ពស់

ដោយ ហេង នាង

Cambodia News

ខេត្តកណ្ដាល៖ “តាមពិតទៅ ខ្ញុំចង់រៀនបន្ត ដើម្បីបានធ្វើការល្អនឹងគេទៅថ្ងៃមុខ ហើយអាចជួយ លើកកម្ពស់ជីវភាពគ្រួសារផង ប៉ុន្តែដោយសារជីវភាពមិនសូវធូរធារ ខ្ញុំត្រូវតែឈប់រៀន” នេះជា សំដីម៉ាត់ៗរបស់កុមារីម្នាក់ដែលរស់នៅភូមិមួយ មិនឆ្ងាយពីរាជធានីភ្នំពេញឡើយ។

ស្ថិតក្នុងវ័យ ១៤ ឆ្នាំ ឌុំ ស្រីណា បានបោះបង់ចោលការសិក្សានៅត្រឹមថ្នាក់ទី ៧ បន្ទាប់ពីអវត្តមាន ច្រើនដង។ សព្វថ្ងៃ នាងរស់នៅជាមួយឪពុកម្ដាយ និងប្អូនស្រីអាយុ១០ឆ្នាំកំពុងរៀនថ្នាក់ទី២នៅ ក្នុងភូមិក្ដីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ ស្រីណាតែងតែជួយឳពុកម្តាយ ក្នុងការងារនេសាទ ដែលធ្វើឲ្យនាងនឿយហត់ អស់កម្លាំង និងងងុយដេក ខកខានទៅសាលាជា ញឹកញាប់ ហើយទីបំផុតដោយរៀនមិនទាន់គេ នាងក៏បោះបង់ការរៀនសូត្រទាំងស្រុង ដើម្បីធ្វើការ ជួយជីវភាពគ្រួសារនៅចំពោះមុខ។

អង្គុយលើអង្រឹងដោះកម្ទេចសម្រាម និងមែកឈើតូចៗចេញស្បៃមងជាមួយឪពុកម្ដាយនៅឯផ្ទះ ស្រីណា បាននិយាយថា ជារៀងរាល់ថ្ងៃ នាងតែងតែក្រោកនៅកណ្ដាលអធ្រាត្រ ដើម្បីទៅជាមួយ ឪពុកម្ដាយជួយអុំទូក និងដោះត្រីដែលជាប់មងនៅឯបឹង។ នាងបានបន្តថា ក្នុងមួយថ្ងៃ នាងត្រូវ ទៅបឹងជាមួយឪពុកម្ដាយចំនួន៣ដង គឺលើកទីមួយនៅម៉ោង ១ ទៅ ២ យប់ លើកទីពីរនៅម៉ោង ៦ព្រឹក និងលើកទីបីនៅម៉ោង១ថ្ងៃ។

កុមារី ឌុំ ស្រីណា កំពុងជួយសំអាតមងជាមួយឳពុកម្តាយ។ (រូបថត ដោយ ហេង នាង)

ដោយមានទឹកមុខមាំ ស្រីណា បាន និយាយមួយៗថា ពេលទៅបឹងម្តងៗ នៅពេលមានខ្យល់ និង រលកធំៗ នាង មានការភ័យខ្លាច ប៉ុន្តែដោយសារ តែចង់ ជួយម្ដាយ និងបញ្ហាជីវភាពគ្រួសារផង ទើប នាងត្រូវបង្ខំចិត្តប្រឈមនឹងការងារ នេះ។

អ្នកស្រី រី សូត្រ ជាម្ដាយរបស់ស្រីណា ដែល កំពុងឈរនៅក្បែរនាងដែរ នោះ បាននិយាយថា «ខ្ញុំក៏ ចង់ឲ្យកូនរៀន បន្តដែរ តែធ្វើម៉េចបើគ្រួសារខ្ញុំគ្មាន លទ្ធភាព ឲ្យកូនរៀនបានចប់ចុងចប់ ដើម។ ម្យ៉ាង ខ្ញុំមិនសូវមានកម្លាំងផង ដូចនេះបានវាជួយការងារខ្ញុំ”។

ស្រីណា ជាកុមារីម្នាក់ក្នុងចំណោមកុមារីផ្សេងទៀតដែលរស់នៅក្នុងភូមិជាមួយគ្នា ក៏ដូចជាកុមារី កម្ពុជាជាច្រើននាក់ទៀតបានបោះបង់ចោលសាលារៀននៅពាក់កណ្ដាលទី ហើយពួកគេបាន បាត់បង់សិទ្ធិជាមូលដ្ឋានរបស់ខ្លួននៅក្នុងសង្គម។ ការដែលធ្វើការធ្ងន់ និងសម្រាកមិនបាន គ្រប់ គ្រាន់អាចបណ្ដាលឲ្យកុមារបាក់កម្លាំង និងមានសុខភាពទ្រុឌទ្រោម។ ជាងនេះទៅទៀត ការ ទៅ ធ្វើការនៅទីឆ្ងាយជាមួយឪពុក ពេលខ្លះអាចមានគ្រោះថ្នាក់ដែរ ព្រោះថាកន្លងមក សារព័ត៌មាន ក្នុងស្រុកបានចុះផ្សាយជាបន្តបន្ទាប់ពីឪពុកចិត្តតិរច្ឆានចាប់រំលោភកូនស្រីឯង ខណៈដែលកូនស្រី បានទៅធ្វើការឆ្ងាយពីផ្ទះជាមួយខ្លួននោះ។

ជាទូទៅ បន្ទាប់ពីការបោះបង់ការរៀនសូត្ររួចមក កុមារីភាគច្រើនបានចេញធ្វើពលកម្មរៀងៗខ្លួន ដើម្បីស្វែងរកប្រាក់ជួយគ្រួសារ ដោយអ្នកខ្លះធ្វើការជាលក្ខណៈគ្រួសារ អ្នកខ្លះបានធ្វើចំណាក ស្រុកទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ការធ្វើចំណាកស្រុកនេះ អ្នកខ្លះក៏បានជោគជ័យ តែ ខ្លះទៀតត្រូវបានគេកេងប្រវ័ញ្ចពលកម្ម រងការចាប់រំលោភផ្លូវភេទ និងអ្នកខ្លះទៀតត្រូវបានគេជួញ ដូរយកទៅបម្រើផ្លូវភេទជាដើម។

លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GAD/C) បាន និយាយថា ឳពុកម្តាយ និងអាណាព្យាបាល ដោយរួមទាំងសង្គមទាំងមូលត្រូវជំរុញ និងលើកទឹក ចិត្តឲ្យកុមារីបានរៀនសូត្រខ្ពង់ខ្ពស់ និងមានសិទ្ធិជាមូលដ្ឋានដូចកុមារាដែរ។

លោកស្រីបានបញ្ជាក់ថា “កុមារីនឹងក្លាយជាស្រ្តី ដែលជាភរិយា ជាម្តាយ ជាមេគ្រូសារ និងជាអ្នក ដឹកនាំផងដែរទៅថ្ងៃអនាគត។ ដូច្នេះ នៅពេលកុមារីរៀនបានជ្រៅជ្រះ ពួកគេនិងក្លាយជាស្រ្តី ដ៏ ពូកែ ឈ្លាសវៃអាចជួយអភិវឌ្ឍគ្រួសារនិងប្រទេសជាតិ។ ដូចយើងដឹងហើយថា ស្រ្តីជាឆ្អឹងខ្នងនៃ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ចុះបើកុមារីមិនបានរៀនសូត្រ ឬក៏រៀនបានតិចតួច តើពួកគេនឹងក្លាយជា ស្រ្តីដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិយ៉ាងដូចម្តេចទៅ?”។

លោកស្រី រស់ សុភាព បានអំពាវនាវដល់ឳពុកម្តាយគ្រប់រូប ដោយរួមទាំងសហគមន៍ និងក្រុម ប្រឹក្សាឃុំ-សង្កាត់ផងត្រូវជំរុញនិងលើកទឹកចិត្តឲ្យកូនស្រីបានទៅរៀនគ្រប់ៗគ្នា និងផ្តល់សិទ្ធិជា មូលដ្ឋានឲ្យពួកគេបានគ្រប់គ្រាន់ ដើម្បីពួកគេអាចអភិវឌ្ឍសមត្ថភាពខ្លួន ទទួលបានចំណេះដឹង ខ្ពង់ខ្ពស់ និងអាចចួលរួមជួយកសាងសង្គមគ្រួសារ និងសង្គមជាតិឲ្យល្អប្រសើររុងរឿងនាពេល អនាគត។

កាលពីថ្ងៃទី ១១ តុលា ឆ្នាំ ២០១២ នៅឯពិធីសម្ពោធយុទ្ធនាការដែលមានឈ្មោះថា “ដោយសារខ្ញុំ ជាកុមារី» លោក Supriyanto នាយកប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា “យើងចាំបាច់ត្រូវស្វែងរកដំណោះស្រាយពិតប្រាកដ ដើម្បីធានាថា កុមារី មានឱកាសដូចគ្នាក្នុង ជីវិត ដូចកុមារាដែរ។ យើងមិនអាចឲ្យគេបំភ្លេចកុមារីបានទេ ពេលធ្វើសេចក្តីសម្រេចចិត្តអំពី អាទិភាពនានាក្នុងការអភិវឌ្ឍសម្រាប់ជំនាន់ក្រោយ”។

ថ្លែងនៅក្នុងពិធីដែលបានរៀបចំឡើងស្របគ្នាជាមួយនិងទិវាអន្តរជាតិនៃកុមារី ១១ តុលា ដែរនោះ លោក Supriyanto បានបញ្ជាក់ថា កុមារីគ្រប់រូបត្រូវមានឱកាសបញ្ចប់ការអប់រំ និងធ្វើការជ្រើស រើសនូវជម្រើសនានាសម្រាប់អនាគតរបស់ពួកគេ។

បើតាមរបាយការណ៍នៅក្នុងគេហទំព័ររបស់អង្គការភ្លែនអន្តរជាតិកម្ពុជាបានឲ្យដឹងថា អង្គការនេះ បានធ្វើការជាប្រយោជន៍ដល់កុមារកម្ពុជាជាង ៥០០.០០០ នាក់ និង ៦៨០០០ គ្រួសារនៅក្នុង សហគមន៍ចំនួន ៣៨។

គួរបញ្ជាក់ដែរថា កន្លងមក ក្រៅពីសហការជាមួយក្រសួងកិច្ចការនារី ស្ថាប័នជាតិ និងអង្គការ សង្គមស៊ីវិលនានាដែលពាក់ព័ន្ធនឹងការងារជាប្រយោជន៍កុមារ អង្គការភ្លែនអន្តរជាតិកម្ពុជាក៏បាន សហការជាមួយក្លឹបអ្នកកាសែតកម្ពុជាក្នុងការបណ្ដុះបណ្ដាលការសរសេរព័ត៌មាន និងការផ្ដល់ រង្វាន់លើកទឹកចិត្តដល់អ្នកសារព័ត៌មានពីស្នាដៃល្អលើអត្ថបទស្ដីពីការលើកស្ទួយសិទ្ធិកុមារផងដែរ។ កិច្ចសហការនេះធ្វើឡើងក្នុងបំណងឲ្យអ្នកសារព័ត៌មានបង្កើនការផ្សព្វផ្សាយបន្ថែមពីបញ្ហាផ្សេងៗដែលទាក់ទិននិងសិទ្ធិទាំងបួនរបស់កុមារ ដែលក្នុងនោះរួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម។

សម្រាប់កុមារី ឌុំ ស្រីណាវិញ សិទ្ធិទាំងនោះមិនមានពេញលេញឡើយ ដោយនាងនិយាយដោយ ទឹកមុខស្រងូតស្រងាត់ថា នាងកម្រឮគេនិយាយពីសិទ្ធិកុមារណាស់នៅក្នុងភូមិរបស់នាង។

នាងបាននិយាយថា “ខ្ញុំចង់បានសិទ្ធិទាំងនេះ ហើយខ្ញុំក៏ចង់ឲ្យកុមារីផ្សេងទៀតមានសិទ្ធិបែបនេះ ដែរ។ ខ្ញុំពិតជាចង់រៀនបន្ត តែឪពុកម្ដាយរបស់ខ្ញុំគ្មានលទ្ធភាព”។

ដោយផ្អែកលើលទ្ធផលនៃការធ្វើអង្កេតមួយនៅក្នុងខែមេសាដល់ខែមិថុនា ឆ្នាំ ២០១១ ទៅលើ ខេត្ត-ក្រុង ចំនួន១២ សម្រាប់កុមាររៀនថ្នាក់ទី ៥ ចំនួន ៥៩៨ នាក់ លោកស្រី ខៀវ បូរី អគ្គលេខា ធិការនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានលើកឡើងថា លទ្ធផលបង្ហាញថា កុមារប្រមាណ ៣១៧ នាក់នៅក្នុងឃុំចំនួន ៩៨ បានចាកចេញពីផ្ទះទៅរកការងារធ្វើនៅតំបន់ផ្សេងៗ ក្នុងរយៈ ពេល២ខែជាប់គ្នា ដែលបណ្ដាលឲ្យគេខកខានមិនបានចូលរៀន។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយព្រឹត្តិបត្រស្ថានភាពកុមារកាលពីថ្ងៃទី ៥ មករា ឆ្នាំ ២០១២ កន្លងទៅនេះ លោកស្រី បូរី បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានជំរុញឲ្យកុមារដែលបោះបង់ ការសិក្សាបានចូលរៀនវិញ និងជួយដល់គ្រួសារពួកគេដែលក្រីក្រ តាមគោលការណ៍របស់ រាជរដ្ឋាភិបាល៕

Related Articles

Back to top button
Close
Close