បទវិភាគ៖ តើបណ្តាញទូរគមនាគមន៍ជំនាន់ថ្មីពង្រឹងមូលដ្ឋានឌីជីថលនៃ “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ”តាមរបៀបណា
Cambodia News
កាលពីចុងខែមេសា ឆ្នាំ២០២៦ កិច្ចប្រជុំការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានដាក់ចេញការរៀបចាំចាត់ចែង គួរបង្កើនការងាររៀបចំនិងកិច្ចសាងសង់បណ្តាញទឹក បណ្តាញអគ្គិសនីថ្មី បណ្តាញកុំព្យូធីង បណ្តាញទូរគមនាគមន៍ជំនាន់ថ្មី បណ្តាញបំពង់ក្រោមដីក្នុងទីក្រុង និងបណ្តាញភស្តុភារជាដើម។ ក្នុងនាមជាចំណែកសំខាន់មួយក្នុង “បណ្តាញទាំង៦ ” បណ្តាញទូរគមនាគមន៍ជំនាន់ថ្មី ជាខ្សែចំណងឌីជីថលគន្លឹះ ដែលតភ្ជាប់ឌីជីថលនិងអង្គភាព ក៏ដូចជាបច្ចុប្បន្នភាពនិងអនាគត ។
ឈរនៅឆ្នាំគន្លឹះដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ កិច្ចការគ្រប់ផ្នែកដូចជាការដាក់ពង្រាយបណ្តាញ 5G-A បណ្តាញផ្កាយរណប និងការសាងសង់បណ្តាញឧស្សាហកម្ម សុទ្ធតែកំពុងដំណើរការដោយមានរបៀបរៀបរយ ហើយផែនការដ៏ធំសម្រាប់កសាងបណ្តាញទូរគមនាគមន៍ជំនាន់ថ្មីក៏បានចាប់ផ្តើមអនុវត្តផងដែរ ។
បច្ចុប្បន្ននេះ ទូរស័ព្ទរបស់យើងមានសញ្ញា5Gដ៏ប្រសើរនិងល្បឿនលឿន ហើយក្នុងផ្ទះក៏សុទ្ធតែមានខ្សែអុបទិករួចហើយ ហេតុអ្វីបានជាយើងត្រូវការបង្កើតបណ្តាញទូរគមនាគមន៍ជំនាន់ថ្មី?
បើមើលពីនិន្នាការអភិវឌ្ឍនៅពេលអនាគតយើងអាចឃើញថា ពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលនិម្មាបនកម្មដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំកន្លងមក បដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មីកំពុងពន្លឿនជំហានទៅមុខ ដូច្នេះ ទិន្នន័យបានក្លាយជាកត្តាគន្លឹះនៃផលិតកម្ម ហើយបណ្តាញអ៊ីនធឺណែតក៏បានក្លាយជាហេដ្ឋារចនាសម្ព័ន្ធស្នូល។ អ្នកណាអាចគ្រប់គ្រងបណ្តាញទូរគមនាគមន៍ដ៏ជឿនលឿន នោះក៏អាចក្តាប់ជាប់ភាពម្ចាស់ការក្នុងការអភិវឌ្ឍនៅពេល
អនាគត ។
របាយការណ៍មួយដែលសមាគមប្រព័ន្ធទូរគមនាគមន៍ចល័តពិភពលោកចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា នៅឆ្នាំ២០២៥ បច្ចេកវិទ្យានិងសេវាកម្មទូរគមនាគមន៍ចល័តបានបង្កើតតម្លៃសេដ្ឋកិច្ចចំនួន១,៥ទ្រីលានដុល្លារសម្រាប់ប្រទេសចិន ។ អាជីវកម្មដែលពាក់ព័ន្ធដល់ឧស្សាហកម្មទូរគមនាគមន៍ចល័តបានផ្តល់ឱកាសការងារប្រហែល៧លាន៩សែនកន្លែង។
ក្នុងអំឡុងពេលអនុវត្ត “ផែនការ៥ឆ្នាំទី១៥ ” តើប្រទេសចិននឹងកសាងបណ្តាញទូរគមនាគមន៍ជំនាន់ថ្មីយ៉ាងណា ?
លោកស្រី Zhong Zhihong ប្រធានវិស្វករនៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានធ្វើបទបង្ហាញថា ប្រទេសចិននឹងប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ដ៏សមរម្យនិងឈានមុខ បង្កើនការងាររៀបចំនិងកិច្ចសាងសង់បណ្តាញទូរគមនាគមន៍ និងបណ្តាញកុំព្យូធីងជំនាន់ថ្មី ជំរុញដំណើរការប្រែបណ្តាញជីហ្គាប៊ីតពីរ ទៅជាបណ្តាញ១០ជីហ្គាប៊ីតពីរ ដាក់ពង្រាយយ៉ាងសកម្មនូវបណ្តាញអ៊ីនធឺណែតផ្កាយរណប និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានរយៈកម្ពស់ទាប ព្រមនិងបង្កើតបណ្តាញព័ត៌មានរួមបញ្ចូលគ្នាទាំងអវកាស អាកាស ផ្ទៃដីនិងសមុទ្រ ។
អ្នកជំនាញក្នុងឧស្សាហកម្មបានព្យាករណ៍ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ បណ្តាញទូរគមនាគមន៍ជំនាន់ថ្មី ត្រូវគេរំពឹងថានឹងនាំមកផលិតកម្មក្នុងវិស័យខាងលើនិងខាងក្រោម សរុបប្រហែល៧ ទ្រីលានយាន់ប្រាក់ចិន ព្រមនិងនាំមកនូវឱកាសវិនិយោគឧស្សាហកម្មកាន់តែច្រើន ពង្រីកខ្សែសង្វាក់តម្រូវការក្នុងស្រុកជាបន្តបន្ទាប់ ក៏ដូចជាបន្ថែមឱកាសការងារទៀតផង។
ក្នុងឆ្នាំដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ កិច្ចសាងសង់បណ្តាញទូរគមនាគមន៍ជំនាន់ថ្មីត្រូវបានពន្លឿនល្បឿន ។ ទិន្នន័យនៃក្រសួងឧស្សាហកម្ម
និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានបង្ហាញថា គិតរហូតដល់ចុងខែមិថុនា ប្រទេសចិនបានកសាងស្ថានីយ៍មូលដ្ឋាន5G សរុបចំនួន៥លាន១សែន២ពាន់កន្លែង បណ្តាញមូលដ្ឋាន5G-A ដែលមានថាមពលខ្លាំងជាងក៏ចាប់ផ្តើមកសាងជាបណ្តើរៗ។ គិតរហូតដល់ចុងខែមីនា បណ្តាញ 5G-A បានគ្របដណ្តប់នៅទីក្រុងចំនួន៣៣០ នៅក្នុងប្រទេសចិន។ ខណៈពេលដែលការសាងសង់បណ្តាញមូលដ្ឋាន 5G-A កំពុងបង្កើនល្បឿន បណ្តាញ6G របស់ប្រទេសចិនក៏បានពន្លឿនល្បឿនការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍក្នុងបន្ទប់ពិសោធន៍ ការធ្វើតេស្តនិងផ្ទៀងផ្ទាត់ និងការអនុវត្តក្នុងឧស្សាហកម្ម។ បច្ចុប្បន្ននេះ ប្រទេសចិនបានសម្រេចបាននូវការធ្វើតេស្តបច្ចេកទេសដំណាក់កាលទីមួយរួចហើយ ដែលទទួលបានបច្ចេកទេសគន្លឹះចំនួនជាង ៣រយផ្នែក ។
ចាប់ពីបណ្តាញមូលដ្ឋានរហូតដល់បច្ចេកទេសទំនើបៗ ចាប់ពីសង្កាត់ទីក្រុងរហូតដល់តំបន់ព្រំដែននិងដាច់ស្រយាល បណ្តាញទូរគមនាគមន៍ជំនាន់ថ្មីបាននិងកំពុងផ្លាស់ប្តូរពីផែនការគោលទៅជាការពិតជាក់ស្តែង ដើម្បីសម្រេចបាននូវក្តីសុបិនក្នុងជីវភាពរស់នៅរបស់ប្រជាជន ៕


