បាឋកថាឈ្វេងយល់ពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន មូលដ្ឋានគ្រឹះនៃការយល់ដឹងសកល​ រៀបចំធ្វើឡើង នៅព្រឹទ្ធសភាកម្ពុជា

Cambodia News/

រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា មានរៀបចំបាឋកថាឈ្វេងយល់ពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន មូលដ្ឋានគ្រឹះនៃការយល់ដឹងសកល។

ថ្លែងទៅកាន់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដែលជាសិក្ខាកាមរៀនភាសាចិន និងជាសិក្ខាកាមគ្រោងទៅសិក្សាវគ្គខ្លីនៅប្រទេសចិន សរុបចំនួន៣០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថាក្នុងការសម្រេចជោគវាសនារបស់ប្រជាជននិងប្រទេសចិន បក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូលបាននិងកំពុងបង្កើនល្បឿនៃកំណែទម្រង់ និង ការបើកទូលាយ ដោយយកការបើកទូលាយជំរុញកំណែទម្រង់ ជំរុញការអភិវឌ្ឍឱ្យបន្តទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត។ លោកបណ្ឌិតក៏បានរំលេចពីសមាជបក្សកុម្មុយនិស្តចិនចាប់ពីអាណត្តិទី១៨មកបានអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រយកវិទ្យាសាស្ត្រនិងការអប់រំ បង្កើនគុណភាពនិងពង្រីកបរិមាណធនធានមនុស្សជំរុញនវានុវត្តន៍ដើម្បីបន្តមហាដំណើរនៅក្នុងការពង្រឹងកិច្ចគាំទ្រចំពោះការកសាងទំនើបកម្ម។

បន្ថែមពីលើនេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់ពីកំណែទម្រង់ និង ការបើកទូលាយរបស់ចិន ដោយពីយុគសម័យថ្មីបានរួមចំណែកផ្តល់ដំណោះស្រាយសកលដល់ពិភពលោកក្នុងការរួមគ្នាកសាងអរិយធម៌អេកូឡូស៊ី រួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលមានគំនិតផ្ដួចផ្ដើមទាំង៤ជាសសរស្តម្ភរួមមាន៖ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» «គំនិតផ្តួចផ្តើមសន្តិសុខសកល» និង «គំនិតផ្តួចផ្តើមអរិយធម៌សកល»។
លោកបណ្ឌិតក៏បានសង្ខេបពីការសំយោគទស្សនវិជ្ជាខុងជឺ និង ទស្សនវិជ្ជាកាល់ម៉ាក្ស ដែលបាននាំមកនូវវិបុលភាពរុងរឿងដល់សង្គមចិនថែមទៀតផង។

ក្នុងនាមសិក្ខាកាមដែលគ្រោងនឹងទៅសិក្សាវគ្គខ្លីនៅប្រទេសចិនតាមរយៈអាហារូបករណ៍ MOFCOM របស់ស្ថានទូតចិនប្រចាំកម្ពុជា លោកស្រី ឃុន សុវណ្ណនេត្រា បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលតែងបានចែករំលែកនូវបទពិសោធន៍នានាជាច្រើនពីប្រទេសចិន ហើយអង្គបាឋកថានារសៀលនេះបានផ្តល់ឱ្យមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានយល់ដឹងកាន់តែស៊ីជម្រៅពីអរិយធម៌អេកូឡូស៊ី ពីសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ពីទំនើបកម្មសង្គមនិយមតាមបែបផែនចិនដែលជាខ្លឹមសារសំខាន់ចេញពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣អាណត្តិទី២០នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

លោកស្រីក៏បានបញ្ជាក់បន្ថែមថា ជារៀងរាល់សប្តាហ៍ លោកបណ្ឌិត ជា មុនីឫទ្ធិ តែងបានចំណាយពេល៣ម៉ោងក្នុងការចែករំលែកពីទស្សនវិជ្ជាខុងជឺ និងប្រាជ្ញាចិនដែលផ្តោតលើចក្ខុវិស័យរបស់លោក Xi Jinping ព្រមទាំងការគិតពិចារណាដោយប្រើប្រាស់វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា ទៀតផង។ ជាមួយគ្នាផងដែរ មន្ត្រីរាជការដែលបានចូលរួមក្នុងពិធីនេះក៏បានស្តាប់យ៉ាងយកចិត្តទុកដាក់ពីបទឧទ្ទេសនាមរបស់លោកបណ្ឌិតស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយបានសង្ខេបដកស្រង់ចេញពីសៀវភៅជាខេមរភាសាស្តីពីយល់ដឹងកាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាឯកសារគោលដ៏សំខាន់មួយដែលបានបោះពុម្ពនិងផ្សព្វផ្សាយជាសាធារណៈនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤កន្លងមកផងដែរ៕

Related Articles

Back to top button
Close
Close