វត្តមានរបស់ស.រ.អា.នៅអាស៊ីមិនមែនសម្រាប់ប្រឆាំងនឹងប្រទេសណាមួយឡើយ
“សហរដ្ឋអាមេរិកមិនមែនទៅអាស៊ីដើម្បី ធ្វើការប្រឆាំងនឹងប្រទេសណាមួយឡើយ” នេះជាសេចក្តីប្រកាសនៅថ្ងៃព្រហស្បតិ៍ទី៦កញ្ញានេះ ដោយលោកស្រីគ្លីន តុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នាឱកាសទស្សនកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលត្រូវគេមើលឃើញថា ជាការឆ្លើយតបទៅនឹងឥទ្ធិពលនិងអានុភាព ដ៏ខ្លាំងក្លារបស់ប្រទេសចិន ក្នុងតំបន់។
“ទស្សនកិច្ចចំនួន១០ថ្ងៃនិងនៅក្នុង៦ប្រទេសគឺពិតជាសារមួយដ៏ ជាក់ច្បាស់ បង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកធ្លាប់ជានិងនៅតែជាមហាអំណាចមួយ នៅក្នុងតំបន់ ប៉ាស៊ីហ្វិក” នេះជាការប្រកាសរបស់លោកស្រីគ្លីនតុន នាឱកាស ទស្សនកិច្ចនៅប្រទេសទីម័រខាងកើត រដ្ឋអាស៊ី-អាគ្នេយ៍តូចមួយដែលទទួលជា លើក ទីមួយ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។
“សហរដ្ឋអាមេរិកមិនមែនមកអាស៊ីដើម្បីធ្វើការប្រឆាំងនឹងប្រទេសណាមួយ ឡើយ ហើយ អាមេរិកយល់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជាតំបន់ដ៏សែនធំទូលាយ និងអាច អនុញ្ញាតឲ្យប្រទេសជាច្រើន ចូលរួមសកម្មភាពធ្វើការអភិវឌ្ឍន៍តំបន់” នេះ សេច ក្តីប្រកាសបន្ថែមរបស់លោកស្រីគ្លីនតុន។
ពាក់ព័ន្ធនឹងទំនាក់ទំនងតានតឹងរវាងស.រ.អា.ជាមួយប្រទេសចិនស្តីពី បញ្ហាស៊ីរីវិញ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានថ្លែងថា “ប្រទេសមហាអំណាច ទាំងពីរនឹងខិតខំធ្វើការសម្រុះសម្រួលនឹងគ្នា”។
នាឱកាសទស្សនកិច្ចនៅកោះទីម័រខាងកើតនេះ លោកស្រីគ្លីនតុនបានថ្លែង ឲ្យដឹងទៀតថា “ស.រ.អា.នឹងផ្តល់ជំនួយឲ្យបានច្រើនជូនប្រទេសទីម័រខាងកើត” រដ្ឋអាស៊ី-អាគ្នេយ៍ដ៏តូចមួយនេះ មានប្រជាជនប្រមាណ១លាន១សែននាក់រស់នៅ ហើយកំពុងប្រយុទ្ធប្រឆាំងទល់នឹងភាពក្រីក្រ ក្រោយពីបានស្គាល់សង្គ្រាមអស់ រយៈរាប់ទសវត្សរ៍ដែលបានផ្តាច់ជីវិត ប្រជាជនអស់ប្រមាណ១/៤។ គួរបញ្ជាក់ថា កោះទីម័រខាងកើតបានត្រូវឈ្លានពានដោយប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំ១៩៧៥ ក្រោយពីការចាកចេញនៃកងកម្លាំងអាណានិគមព័រទុយហ្កាល។ទីម័រខាងកើត បាន ទទួលឯករាជ្យពេញលេញនៅឆ្នាំ២០០២។
សូមបញ្ជាក់ថា ស.រ.អា.បានពង្រឹងកងកម្លាំងយោធារបស់ខ្លួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយបានដាក់បន្ថែមទាហាមម៉ារីនប្រមាណ២ ៥០០នាក់នៅតំបន់ ទីក្រុង Darwin ដែលជាទីក្រុងឋិតនៅប៉ែកខាងជើងនៃប្រទេសអូស្ត្រាលី ឋិតនៅទល់ មុខកោះទីម័រខាងកើត៕ដោយ សៀក សារិន (RFI)