ក្រុមហ៊ុនឯកជន ចំនួន ៣ នឹងចាប់ធ្វើអាជីវកម្ម ប្រមូលសំរាមក្នុងរាជធានីភ្នំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៥ កុម្ភៈ ២០២១) ៖ ពេលនេះសាលារាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមហ៊ុនឯកជន ចំនួន ៣ នឹងធ្វើអាជីវកម្ម ប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនឯកជនទាំង ៣នោះ រួមមាន ក្រុមហ៊ុនស៊ីនទ្រី ក្រុមហ៊ុន Mizuda Group Co.,Ltd និងក្រុមហ៊ុន 800 Super/GAEA។
សាលារាជធានីភ្នំពេញ បានអញ្ជើញតំណាងពាក់ព័ន្ធចូលរួម ពិធីប្រគល់-ទទួលកិច្ចសន្យា ស្តីពីការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
សាលារាជធានីភ្នំពេញ បានប្រកាសរកក្រុមហ៊ុនឯកជនអោយចូលរួមដេញថ្លៃតំបន់គ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ ដែលនឹងត្រូវបែងចែកជា៣តំបន់ ដើម្បីអោយការគ្រប់គ្រប់កាកសំណល់ក្នុងរាជធានីភ្នំពេញកាន់តែមានប្រសិទ្ធិភាព ដោយក្រុមហ៊ុនចំនួន៣នឹងត្រូវជ្រើសរើស អោយមានគ្រប់គ្រងសំរាមតាមតំបន់នីមួយៗ។ ហើយដាក់ឲ្យក្រុមហ៊ុនឯកជន ដេញថ្លៃ ប្រមូល និងគ្រប់គ្រងសំរាម នៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុន១ មានសិទ្ធិទទួលបានតែ ១តំបន់ប៉ុណ្ណោះ៕