ថៃហាមឃាត់ការឲ្យចំណីសត្វព្រាបនៅទីសាធារណៈឲ្យសោះ
សារព័ត៌មាន Cambodia News/
ថៃ (២៦ កញ្ញា ២០១៨) ៖ អ្នកទេសចរធ្វើដំណើរទៅប្រទេសថៃ គួរតែកត់សម្គាល់ និងចងចាំថា ការឲ្យចំណីសត្វព្រាបនៅទីសាធារណៈ អាចនាំឲ្យអ្នកជួបបញ្ហាធំ ដោយសារតែរដ្ឋាភិបាលបានរឹតបន្តឹងបទបញ្ជាប្រឆាំងនឹងសកម្មភាពនេះ បន្ទាប់ពីមានការព្រួយបារម្ភពីបញ្ហាសុខភាពធ្ងន់ធ្ងរ និងការកើនឡើងខ្លាំងនៃចំនួនសត្វព្រាប។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកដែលរំលោភលើបទបញ្ជានេះ អាចត្រូវពិន័យជាប្រាក់ចំនួន ២៥ ០០០បាត ឬប្រហែល ៧៧០ដុល្លារ ឬក៏អាក្រក់ជាងនេះទៅទៀតនោះ គឺ ជាប់គុក ៣ខែ។
សកម្មភាពដ៏តឹងរ៉ឹងប្រឆាំងនឹងការឲ្យចំណីសត្វព្រាបនៅទីសាធារណៈ បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចេញសេចក្ដីបង្គាប់មួយ កាលពីថ្ងៃពុធសប្ដាហ៍មុន ដើម្បីណែនាំដល់រដ្ឋបាលក្រុងបាងកក និងក្រុមប្រឹក្សាក្នុងស្រុកដទៃទៀត ឲ្យហាមឃាត់ការអនុវត្តនេះ៕