អតីត​​នាយក​រដ្ឋ​មន្ត្រី​​ម៉ាឡេ​ស៊ី​​ត្រូវ​​ចោទ​ប្រកាន់​​ពី​បទ​​រំលោភ​​ទំនុក​ចិត្ត​​ពាក់​ព័ន្ធ​​នឹង​​1MDB

សារព័ត៌មាន​ Cambodia News/

ម៉ាឡេស៊ី ៖ ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ណា​ជីប រ៉ា​ហ្សា​ក់នៅ​ថ្ងៃ​ពុធ​ទី​៤​កក្កដា​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ទំនុកចិត្ត​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​បាត់​លុយរាប់​ពាន់​​លាន​នៅ​មូលនិធិ​សាធារណៈ​1MDB​ដែលនាំអោយ​លោក​ធ្លាក់​ពី​អំណាច​ក្នុងការ​បោះឆ្នោត​កាលពី​ខែឧសភា​កន្លងទៅ​។​

​ដា​ទុក សេរី ណា​ជីប អាយុ​៦៤​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ដោយ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​និង​បាន​ចំណាយពេល​មួយ​យប់​នៅក្នុង​កន្លែង​ឃុំឃាំង​។​ ​មន្ត្រី​តុលាការ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ថា អតីត​មេដឹកនាំ​ម៉ាឡេស៊ី​រូបនេះ​នឹងត្រូវ​ចោទប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​។

​យោងតាម​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​ក្រុមការងារ​1MDB​របស់​រដ្ឋ លោក​ណា​ជីប​ត្រូវបាន​នាំខ្លួន​ចេញពី​គេហដ្ឋាន​របស់លោក​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ​នៅ​ម៉ោង​២:៣៥​រសៀល​ថ្ងៃ​អង្គារ ។​អតីត​នាយករដ្ឋមន្ត្រី​ដែល​បាន​ចូលកាន់​តំណែង​នៅ​ឆ្នាំ​២០០៩​រូបនេះ ត្រូវ​រំពឹងថា​នឹង​ប្រឈម​ការចោទប្រកាន់​ជាង​១០​ករណី​ពីបទ​រំលោភសេចក្តីទុកចិត្ត​​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​នៅ​ក្រុមហ៊ុន SRC International Sdn Bhd ជា​ក្រុមហ៊ុន​ថាមពល​មួយ​ដែលជា​សាខា​របស់​1MDB​។​

​គេ​ថា ក្នុងចំណោម​ប្រាក់​រាប់ពាន់​លាន​រីង​ហ្គី​ត​ដែល​គេ​រកឃើញ​ក្នុង​គណនី​របស់លោក មាន​៤២​លាន​រីង​ហ្គី​ត​ត្រូវបាន​ផ្ទេរ​មកពី SRC International Sdn Bhd​។​

​ការចាប់ខ្លួន​លោក​ណា​ជីប​កើតឡើង​៣​ឆ្នាំ​បន្ទាប់ពី​ការរកឃើញ​ប្រាក់​៧០០​លាន​ដុល្លារ​នៅក្នុង​គណនី​ផ្ទាល់​របស់លោក ។​លោក​ណា​ជីប​បាន​បដិសេធថា​មិនបាន​ធ្វើ​​អ្វី​ខុស​ទេ និង​ថា​ប្រាក់​ដែល​គេ​បាន​រកឃើញ​នោះ​ជា​អំណោយ​របស់​រាជ​វង់​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​លោក​ក៏​មិនដែល​រំលោភ​អំណាច​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដែរ​៕

Related Articles

Back to top button
Close
Close