ក្រុមប្រឹក្សាធម្មនុញ្ញនឹងពិនិត្យច្បាប់បែងចែកអាសនៈបក្សនយោបាយដែលត្រូវរំលាយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ តុលា ២០១៧) ៖ នារសៀលថ្ងៃទី២៤តុលានេះ ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រជុំពិនិត្យច្បាប់ស្តីពីការបែងចែកអាសនៈគណបក្សនយោបាយដែលត្រូវរំលាយ សង្គ្រោះជាតិដែលនឹងត្រូវរំលាយចោល។
អគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញកិច្ច នៃក្រុមប្រឹក្សាធម្មនុញ្ញ លោក ម៉េង ផល្លា ថ្លែងប្រាប់អ្នកសារព័ត៌មានថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីការបោះឆ្នោតចំនួន៤ នឹងត្រូវក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សា នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ។
សេចក្តីស្នើច្បាប់ចំនួន៤ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ជ្រើសតាំងសមាជិកព្រឹទ្ធ, ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។
កិច្ចប្រជុំនេះធ្វើឡើងក្រោយពីរដ្ឋសភា និងព្រឹទ្ធសភាអនុម័តវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ជ្រើសតាំងសមាជិកព្រឹទ្ធ, ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុងស្រុក និងខណ្ឌ កាលពីពេលថ្មីៗនេះ។ វិសោធនកម្មច្បាប់បោះឆ្នោត ដែលស្នើឡើងដោយតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាចំនួន៤៩ ដោយគ្មានវត្តមានបក្សសង្គ្រោះជាតិ ផ្តោតសំខាន់ទៅលើការបែងចែកអាសនៈគណបក្សនយោបាយមួយនេះ មុនកាលរំលាយចោល៕