ពេជ្រ អាវីហ្សា ត្រូវបានដោះលែងក្រោយពីដោះស្រាយសំណង៦.០០០ដុល្លារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មីនា ២០១៧) ៖ តារាសម្តែងកញ្ញា ពេជ្រ អាវីហ្សា ទំនងជាស្រវឹង ស្រាបានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ ឌុបគ្នាពីរនាក់ ដែលមាន ទិសដៅបញ្ច្រាសគ្នាបណ្តាល ឱ្យអ្នកបើកបរម៉ូតូ និងអ្នករួម ដំណើររងរបួសធ្ងន់ធ្ងរនោះ បានត្រូវដោះលែងវិញកាលពី ថ្ងៃទី២៥ ខែមីនា បន្ទាប់ពីបានឃាត់ខ្លួននៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា។
ការដោះលែងនេះ គឺដោយសារកញ្ញា ពេជ្រ អាវីហ្សា ព្រមជួយដល់ជនរង គ្រោះចំនួន៦.០០០ដុល្លារតាមការ ទាមទាររបស់ជនរងគ្រោះ និងបានចេញទៅមើលជន រងគ្រោះដល់មន្ទីរ ពេទ្យថែមទៀតផង ។
គួររំលឹកថា គ្រោះថ្នាក់ចរាចរ នេះបានកើតឡើងកាលពីវេលាម៉ោង ២ៈ១០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ តាមផ្លូវ សុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តឡិចស៊ីស GS 3០០ ពាក់ស្លាក លេខ ភ្នំពេញ 2R 2141 បើកដោយ តារាសម្តែងល្បីឈ្មោះ កញ្ញា ពេជ្រ អាវីហ្សា បានបើកចេញពីក្លិបកម្សាន្ត មួយកន្លែង យីហោ ៥៥ ដោយធ្វើ ដំណើរតាមបណ្តោយផ្លូវសុធារស ទិសដៅពីត្បូងទៅជើងក្នុងល្បឿន យ៉ាងលឿន។
លុះដល់ចំណុចកើតហេតុក៏បានបុកជាមួយ ម៉ូតូកូនទា (ស្កូបពីមីនី) ពាក់ស្លាកលេខ ភ្នំពេញ 1Fl 3864 ដែលមានទិសដៅបញ្ច្រាសចំពីមុខ ពេញទំហឹងបណ្តាលឱ្យប៉ើងខ្ទាតដាច់ម៉ូតូជា ២កំណាត់ ។ ចំណែកបុរស២នាក់ជិះម៉ូតូខាងលើ រងរបួសធ្ងន់ ខ្លះបាក់ជើង ដេកក្នុងថ្លុកឈាម ក្រោយមកត្រូវ រថយន្តសាមុយដឹកទៅមន្ទីរពេទ្យ៕