មានតែការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ទេ ទើបជួយជីវិតមនុស្សបានច្រើន
ដោយ ឆាយ សុផល
ខណៈដែលឈាមហូរស្រោចជោកពេញផ្ទៃមុខ កុមារម្នាក់អាយុ៩ខែបានស្រែកយំទ្រហឹងនៅលើដងផ្លូវ។ កុមារតូចនោះនិងឪពុករបស់គេបានរងរបួស យ៉ាងធ្ងន់ធ្ងរដោយសារការប៉ះទង្គិចមួយនៅលើដងផ្លូវ ហើយត្រូវបានគេដឹកយកទៅមន្ទីរពេទ្យគុន្ធបុប្ផាជាបន្ទាន់។
កុមារ ម៉េង លីហ៊ា និងឪពុករបស់គេកំពុងជិះទោចក្រយានយន្ត នៅពេលនោះក៏ស្រាប់តែរថយន្តមួយគ្រឿងបានបុកពីក្រោយ។ អ្នកទាំងពីរបានដួល ដោយបោកក្បាលទៅនឹងផ្ទៃថ្នល់អូសជាច្រើនម៉ែត្រនៅលើផ្លូវជាតិលេខ១ ទល់មុខវត្តជ្រោយអំពិល ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាទីព្រឹកថ្ងៃទី១៩ មេសា ឆ្នាំ២០១៦។ ចៅ ផល្លា អាយុ៣០ឆ្នាំ ជាឪពុកបានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ និងបាក់ដៃជើងផង។ គាត់បានសន្លប់ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ទាំងឪពុកនិងកូនមិនបានពាក់មួកសុវត្ថិភាពឡើយ ខណៈពេលកំពុងធ្វើដំណើរតាមទោចក្រយានយន្ត។
ករណី មួយទៀតនាពេលថ្មីៗនេះដែរ គ្រួសារមួយជាកម្មកររោងចក្របានជិះម៉ូតូទៅស្រុកកំណើតដើម្បីបាន សម្រាកបុណ្យចូលឆ្នាំ។ ពួកគេបានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានព្រែកក្ដាម ស្ថិតក្នុងភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ រថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបុកនិងកៀរពួកគេខ្ទាតជាច្រើន ម៉ែត្រ។ ថ្វីបើបុរសជាប្តីអាយុ២៩ឆ្នាំរងរបួសស្រាល តែភរិយារបស់គេអាយុ២៥ឆ្នាំ និងកូនប្រុសអាយុ១១ខែបានស្លាប់នៅនឹងកន្លែង បន្ទាប់ពីក្បាលរបស់ពួកគេបានបោកនឹងផ្ទៃថ្នល់។ ទាំងម្តាយនិងកូនមិនបានពាក់មួកសុវត្ថិភាពឡើយ។
ចំណែកឯលោកមេឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលក៏បានស្លាប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរដែរនៅលើកំណាត់ ផ្លូវជាតិលេខ៤ មុខសាលាស្រុកអង្គស្នួល ស្ថិតនៅក្នុងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល។ ខណៈកំពុងជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព លោកមេឃុំបានរងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ហើយក្បាលរបស់គាត់បានបោកនឹងផ្ទៃថ្នល់ និងអូសជាច្រើនម៉ែត្រ។ លោកមេឃុំមិនបានពាក់មួកសុវត្ថិភាពទេ នៅពេលកំពុងបើកបរ។
ករណីទាំងបីខាងលើគឺស្ថិតក្នុងចំណោមករណីជាច្រើនទៀត ដែលបណ្តាលឲ្យអ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរ ក្នុងនោះមានទាំងកុមារផង ហើយពួកគេភាគច្រើនមិនបានពាក់មួកសុវត្ថិភាព។ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់នៃ អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញថា គ្រាន់តែនៅក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៥ថ្ងៃ (១៣-១៧ មេសា ២០១៦) មានគ្រោះថ្នាក់ចរាចរណ៍រហូតដល់ទៅ១១៣ ករណី។ មនុស្ស៥២នាក់បានស្លាប់ ក្នុងនោះ២៦នាក់មិនបានពាក់មួកសុវត្ថិភាព ហើយនិង២៣៩នាក់ទៀតបានរបួស។
ចំនួននេះពិតជាច្រើន គឺមានដល់ទៅយ៉ាងហោចណាស់១០នាក់បានស្លាប់នៅតាមដងផ្លូវក្នុងមួយថ្ងៃៗនៅអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរ ហើយឧបទ្ទវហេតុទាំងនេះត្រូវបានផ្សាយតាមទូរស្សន៍ជាតិ តាមកាសែតនិងសារព័ត៌មានអ័នឡាញ ព្រមទាំងបណ្តាញព័ត៌មានសង្គមផងដែរ។ ប៉ុន្តែបន្ទាប់ពីការផ្សាយពីការស្លាប់និងរបួសនេះទៅ គឺពុំសូវឃើញមានសេចក្តីរាយការណ៍បន្ថែមទាក់ទិនទៅនឹងផលប៉ះពាល់ដល់ផ្លូវចិត្ត ផ្លូវកាយនិងផ្នែកសេដ្ឋកិច្ចទាំងគ្រួសារក៏ដូចជាសង្គមទាំងមូលឡើយ។
បើតាមលទ្ធផលនៃការវិភាគ របស់ អង្គការមូលនិធិបង្ការរបួស អាស៊ី (AIP Foundation)បានឲ្យដឹងថា ប្រសិនបើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមានប្រសិទ្ធភាពចាប់ តាំងពី២០១៥ ជាពិសេសសំដៅលើអ្នករួមដំណើរតាមទោចក្រយានយន្ត នោះហើយអត្រាពាក់មួកសុវត្ថិភាពឈានដល់៨០% កម្ពុជាអាចនឹងសង្រ្គោះជីវិតមនុស្សបានដល់ទៅ៥៦១នាក់ ការពារអ្នករួមដំណើរបាន១0.៥៧៤នាក់ពីការរងរបួសក្បាល និងការពារការខាតបង់ថវិការហូតដល់ទៅ ៩៨.៦១៨.៤២២ ដុល្លារអាម៉េរិកនៅឆ្នាំ២០២០។
ដោយមានផលប៉ះពាល់ដល់ប្រយោជន៍សម្រាប់ទាំងបុគ្គលនិងសង្គមបែបនេះហើយ អ្វីដែលជាការប្រឈមត្រូវតែធ្វើជាចាំបាច់នោះគឺការអនុវត្តច្បាប់ឲ្យបានពិត ប្រាកដ។ ដោយផ្អែកលើចំនួនគ្រោះថ្នាក់នៅតាមដងផ្លូវកាន់តែកើនឡើងបែបនេះហើយ ទើបសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ មេសា នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅមុខប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ដើម្បីអបអរសារពិធីបុណ្យចូលឆ្នាំខ្មែរ បានអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ចរាចណ៍ ដែលក្នុងនោះអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរជានិច្ចជាកាលត្រូវពាក់មួក សុវត្ថិភាព ពេលធ្វើដំណើរ។
“បើទោះបីជា នគរបាលចរាចរណ៍ និងស្ថាប័នទទួលបន្ទុកបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអនុវត្តច្បាប់ចំពោះការពាក់មួកសុវត្ថិភាព ប៉ុន្តែយើងកត់សំគាល់ឃើញថាច្បាប់មិនទាន់ត្រូវបានអនុវត្តឲ្យបានពេញ លេញ និងបានទូលំទូលាយឡើយនៅទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ” នេះជាការលើកឡើងរបស់លោក គឹម បញ្ញា នាយកអង្គការ AIP Foundation ប្រចាំកម្ពុជា ដែលជាអង្គការអន្តរជាតិផ្តោតលើការបញ្ចប់វិបត្តិនៅលើផ្លូវដែលធ្វើឲ្យ អន្តរាយដល់ប្រទេសកំពុងអភិវឌ្ឍ។
លោក បញ្ញា បានបន្តថា “បទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗបង្ហាញថា ការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់គឺពិតជាមានប្រសិទ្ធភាពក្នុងការបង្កើនការ ពាក់មួកសុវត្ថិភាពរហូតដល់ទៅ៩០% ដែលមានន័យថាបានជួយជីវិតអ្នកដែលបានប្រើប្រាស់ផ្លូវថ្នល់។ នៅក្នុងប្រទេសកម្ពុជា ដែលមានចំនួនអ្នកប្រើប្រាស់ទោចក្រយានយន្តជាច្រើនបានស្លាប់និងរបួស ការអនុវត្តច្បាប់ដោយផ្តោតគោលដៅលើការពាក់មួសុវត្ថិភាព នឹងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការសង្គ្រោះជីវិតមនុស្ស”។
លោកបញ្ញា បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ពោលគឺអនុក្រឹត្យនេះមិន បានដាក់បញ្ចូលការពិន័យចំពោះករណីដែលកុមារជាអ្នករួមដំណើរមិនបានពាក់ មួកសុវត្ថិភាពនោះទេ។”នគរបាលចរាចរណ៍អាចពិន័យតែមនុស្ស ពេញវ័យប៉ុណ្ណោះចំពោះការមិនពាក់មួកសុវត្ថិភាព ប៉ុន្តែមិនអាចពិន័យករណីមិនពាក់មួកសុវត្ថិភាពសម្រាប់កុមារឡើយដែលពួក គេនៅតែជាអ្នកដែលងាយរងគ្រោះបំផុតនៅលើដងផ្លូវ បើទោះជាច្បាប់ស្តីពីចរា ចរណ៍ផ្លូវគោកបានកំណត់ពីការពាក់មួកសុវត្ថិភាពក្នុងចំណោម កុមារជាអ្នករួមដំណើរជាមួយក៏ដោយ”។
មាត្រា៨នៃច្បាប់ចរាចរណ៍ផ្លូវគោកចែងថា “ទោចក្រយានយន្តអាចផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែមបានកុមារមួយនាក់។ អ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុចាប់ពី៣ (បី) ឆ្នាំឡើងទៅ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ អ្នកបើកបរត្រីចក្រយានយន្ត និងអ្នកបើកបរទោចចក្រយានយន្តសណ្តោងរឺម៉ក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ”។
ដោយសារការដកករណីកុមារតូចៗចេញពីការអនុវត្តច្បាប់នេះហើយ ទើប ម៉េង លីហ៊ា អាយុ៩ខែបានស្លាប់ដោយរងរបួសក្បាល បន្ទាប់ពីដួលម៉ូតូកន្លងមក។
ដោយសារតែបញ្ហានេះ គឹម បញ្ញា បានបញ្ជាក់ថា “យើងសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលឲ្យចាត់វិធានការណ៍បន្តទៀត ដើម្បីជំរុញឲ្យមានការពាក់មួកសុវត្ថិភាពនៅទូទាំងប្រទេស ពិសេសក្នុងចំណោមមន្រ្តីរាជការ និងសិស្សានុសិស្ស។ គ្រប់ក្រសួង ឬស្ថាប័ននីមួយៗរបស់រាជរដ្ឋាភិបាលគួរចេញជាបញ្ញតិ ឬសេចក្តីណែ នាំសម្រាប់មន្រ្តីនិងបុគ្គលិករបស់ខ្លួនដោយតម្រូវឲ្យពាក់មួកសុវត្ថិភាពដាច់ខាត ទាំងអ្នកបើកបរនិងអ្នករួមដំណើរ។ ចំណុចនេះគឺត្រូវចាប់ផ្តើមពីកងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ ហើយបន្ទាប់មក គឺមន្រ្តីរាជការនិងសិស្សានុសិស្ស។
លោកក៏បានទទូចដែរថា យន្តការជាក់លាក់ និងជាប្រចាំក្នុងការត្រួតពិនិត្យនិងដាក់ពិន័យដល់អ្នកដែលមិនគោរពតាមបញ្ញត្តិ ឬសេចក្តីណែនាំនោះ គួរតែត្រូវបានដាក់ចេញ ដើម្បីធានាឲ្យបាននូវការគោរពប្រតិបត្តិតាម។ ព្រមពេលជាមួយគ្នានោះដែរ យុទ្ធនាការជាសាធារណៈគឺចាំបាច់ត្រូវធ្វើឡើង ដើម្បីផ្លាស់ប្តូរឥរិយាបថឲ្យមានការពាក់មួកសុវត្ថិភាព។ តាមរយៈការខិតខំប្រឹងប្រែងដ៏ទូលំទូលាយ នោះជីវិតមនុស្សរាប់ពាន់នាក់អាចត្រូវបានសង្រ្គោះពីការស្លាប់និងរបួស ដែលយើងអាចបង្ការបាននោះ ។
លោកឧត្តមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននរគបាលជាតិក៏បានឯកភាពនឹង លោក គឹម បញ្ញា ដែរ ដោយលោកនិយាយថា បើទោះជាចំនួនអ្នកពាក់មួកសុវត្ថិភាពបានកើនឡើងចាប់ពីដើមឆ្នាំនេះក៏ដោយ ក៏ចំនួននេះមិនបានដល់កម្រិតដែលជាគោលដៅនៅឡើយទេ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា “ផ្អែកលើកិច្ចប្រជុំនៅក្នុងខែនេះ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ពង្រឹងការអនុវត្តច្បាប់ចរា ចរណ៍ឲ្យបានម៉ឺងម៉ាត់ ជាពិសេសសចំពោះអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរដែលមិនពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរ”។
គួរបញ្ជាក់ថា យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ប្រសិនបើមិនពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរតាមម៉ូតូទេ នោះនគរបាលចរាចរណ៍នឹងពិន័យក្នុងម្នាក់១៥.០០០ រៀល ដែលតម្លៃពិន័យនេះពីរដងស្ទើរតែស្មើនឹងតម្លៃមួកសុវត្ថិភាពមួយ។
លោក សុខ ជា អ្នករត់ម៉ូតូឌុប អាយុ ៥៤ឆ្នាំ បាននិយាយថា គាត់ក៏បានឮពីច្បាប់ចរាចរណ៍នេះដែរ ប៉ុន្តែគាត់និងអ្នកធ្វើដំណើរតាមម៉ូតូផ្សេងទៀត ពេលខ្លះនៅតែធ្វើមិនដឹងមិនឮ ដោយសារការអនុត្តច្បាប់នៅធូររលុង។
គាត់បាននិយាយថា ”ខ្ញុំបានដឹងពីច្បាប់ចរាចរណ៍ ប៉ុន្តែខ្ញុំសង្កេតឃើញថា មានមនុស្សជាច្រើនមិនបានពាក់មួកសុវត្ថិភាពទេ ហើយពួកគេមិនត្រូវបាននគរបាលបានផាកពិន័យដែរ។ ដូចនេះពេលខ្លះ ខ្ញុំក៏មិនបានពាក់មួកសុវត្ថិភាពដែរ”។
នៅពេលសួរអំពីការរងរបួសក្បាលនៅពេលមានគ្រោះថ្នាក់នៅលើដងផ្លូវ គាត់បានឆ្លើយយ៉ាងរហ័សថា “ជារឿយៗ ខ្ញុំបានឃើញគ្រោះថ្នាក់នៅតាមផ្លូវ ហើយខ្ញុំព្យាយាមប្រុងប្រយ័ត្នពេលបើកបរ ប៉ុន្តែវាអាស្រ័យលើវាសនា”។
លោកវីរៈសេនីយ៍ ចេវ ហាក់ នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញក៏បានទទួលស្គាល់ដែរថា ចំនួនអ្នកបើកបរទោចក្រយានយន្តនិងអ្នករួមដំណើរកាន់ តែច្រើនបានពាក់មួកសុវត្ថិភាពនៅពេលថ្ងៃ តែនៅពេលយប់មិនច្រើនទេ ខណៈដែលការអនុវត្តច្បាប់នៅមានចន្លោះប្រហោងខ្លះ។
លោកបានលើកឡើងថា ទាំងនគរបាល ទាំងអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានស្មើគ្នា ដូចនេះប្រទេសអាចកាត់បន្ថយការស្លាប់និងរបួសជាអតិបរិមា ពិសេសគ្រោះថ្នាក់ដោយសារការប៉ះទង្គិចក្បាល។
ចំណែកលោកឧត្តមសេនីយ៍ទោ ទី ឡុង ក៏បានបន្ទរការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែរដោយលោកបញ្ជាក់ថា ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែធ្វើឲ្យបានម៉ឺងម៉ាត់ ដើម្បីផ្លាស់ប្តូរឥរិយាបថសាធារណជនចំពោះការបើកបរនៅតាមដងផ្លូវ ដើម្បីជួយសង្រ្គោះជីវិតមនុស្សពីគ្រោះថ្នាក់ ពិសេសពីការរងរបួសក្បាល៕