ចិនខ្វល់ខ្វាយចំពោះ​ទំនាក់ទំនង​យោធា​អូស្រ្តាលីនិងសហរដ្ឋអាមេរិក

ប្រទេសចិនបានរិះគន់ផែនការរបស់ប្រទេស អូស្រ្តាលី (Australia) ក្នុងការបង្កើនចំនួនបុគ្គលិកយោធាសហរដ្ឋអាមេរិក ដែលបោះ ទីតាំង នៅតំបន់ភាគខាងជើង(Northern Territory)។ អូស្រ្តាលី កំពុងធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពទាំងនោះ ដែលជាផ្នែកមួយនៃការផ្លាស់ ប្តូរយុទ្ធ សាស្រ្តរបស់រដ្ឋបាលលោក ប្រធានាធិបតី អូបាម៉ា (Obama) ចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific)។ រដ្ឋាភិបាលទីក្រុង ប៉េកាំង (Beijing) ថ្លែងថា ទីក្រុងកង់បេរ៉ា (Canberra) កំពុងតែត្រឡប់ទៅរកសម្ព័ន្ធមិត្តសង្រ្គាមត្រជាក់វិញហើយ ខណៈពេលដែលរដ្ឋ មន្រ្តីការបរទេសអូស្រ្តាលី លោក ប៊ប ខារ៍ (Bob Carr) ដែលបានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ ខែឧសភា។

រដ្ឋាភិបាលទីក្រុង កង់បេរ៉ា បានទទូចថា ចិនគ្មានអ្វីត្រូវព្រួយបារម្ភចំពោះវត្តមានកងទាហានម៉ារីនចំនួន ២ពាន់ ៥០០នាក់របស់សហរដ្ឋ អាមេរិក នៅក្នុងដែនដីភាគខាងជើងរបស់អូស្រ្តាលី នៅត្រឹមឆ្នាំ២០១៧នោះឡើយ។ ប៉ុន្តែ បញ្ហានេះបានគ្របដណ្តប់ក្នុងពេលដំណើរទស្សន កិច្ចជាលើកដំបូងរបស់ លោករដ្ឋមន្រ្តីការបរទេស ប៊ប ខារ៍ ទៅកាន់ទីក្រុងប៉េកាំង។ លោក ខារ៍ បានជួបពិភាក្សាជាមួយសមភាគីចិនរបស់ លោក គឺលោក យ៉ាង ជីជី (Yang Jiechi) និងលោកឧត្តមសេនីយទោ វី ហ្វេងជី (Wei Fenghe) ដែលជានាយរងអគ្គសេនាធិការ។

លោក ខារ៍ បាននិយាយថា លោកបានប្រាប់ប្រទេសម្ចាស់ផ្ទះថា ទំនាក់ទំនងយោធារបស់អូស្រ្តាលី ជាមួយទីក្រុងវ៉ាស៊ីនតោន (Washington) គឺជាមូលដ្ឋានយ៉ាងរឹងមាំសម្រាប់សន្តិសុខរបស់ប្រទេសរបស់លោក។

«នៅក្នុងករណីនីមួយៗ ពួកគេបានលើកឡើងបញ្ហាស្តីពីការបង្កើនទំនាក់ទំនងផ្នែកការពារជាតិ របស់អូស្រ្តាលី ជាមួយសហរដ្ឋអាមេរិក។ ហើយខ្ញុំបានឆ្លៀតយកឱកាសនេះ ដើម្បីដាក់ទំនាក់ទំនងនេះទៅក្នុងបរិបទប្រវត្តិសាស្រ្ត ហើយពន្យល់ថាតើហេតុអ្វីបានជា ទំនាក់ទំនងនេះ ក្លាយជាចំណុចរបត់ ដ៏សំខាន់និងប្រកបដោយប្រសិទ្ធភាព នៅក្នុងគោលនយោបាយការបរទេសរបស់ អូស្រ្តាលី»។

លោក ខារ៍ ថ្លែងថា ក្រុមមន្រ្តីជាន់ខ្ពស់ចិនបានទទូចថា ឳកាសសម្រាប់«សម្ព័ន្ធភាពសង្រ្គាមត្រជាក់» បានកន្លងផុតជាយូរណាស់មកហើយ។

រដ្ឋាភិបាលទីក្រុង កង់បេរ៉ា ជឿជាក់ថា សហរដ្ឋអាមេរិកបានជួយធានាឲ្យមានសន្តិភាពនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលនៅទីនោះ ស្ថិរភាពបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា សម្រាប់ប្រទេសទាំងឡាយ ដោយរាប់បញ្ចូលទាំងប្រទេសចិនផងដែរ។

ប៉ុន្តែ លោក ខាធឺរីន ម័រតុន (Katherine Morton) ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូបនៅឯសាកលវិទ្យាល័យជាតិអូស្រ្តាលី (Australian National University) មានប្រសាសន៍ថា ទីក្រុងប៉េកាំង កំពុងតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការកសាងកម្លាំងយោធា របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

«ខ្ញុំគិតថា ទស្សនៈជារួមដែលផុសចេញមកពីទីក្រុង កង់បេរ៉ា គឺថា វត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ គឺជារឿងល្អ គឺជារឿងវិជ្ជមាន ហើយថា ជាពិសេសនៅក្នុងពេលថ្មីៗនេះ បានបង្កឱ្យមានការខ្វល់ខ្វាយយ៉ាងខ្លាំងពីភាគីទីក្រុង ប៉េកាំង»។

ទ្វេគ្រោះរបស់ប្រទេស អូស្រ្តាលី គឺថាតើត្រូវធ្វើឲ្យមានតុល្យភាពរវាងសម្ព័ន្ធមិត្តដ៏សំខាន់របស់ ខ្លួនជាមួយសហរដ្ឋអាមេរិក និងទំនាក់ទំនង សេដ្ឋកិច្ចប្រកបដោយភាពរីកដុះដាលរបស់ខ្លួនជាមួយនឹង ប្រទេសចិនយ៉ាងដូចម្តេច។ តម្រូវការរបស់ខ្លួនលើវិស័យធនធានធម្មជាតិ ពោល គឺ រ៉ែដែក កំពុងតែជួយគាំទ្រដល់វិបុលភាពរបស់ អូស្រ្តាលី ខណៈពេលដែលប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតជាច្រើន កំពុងជួបវិបត្តិ សេដ្ឋកិច្ច៕ដោយ ឌី ខាំបូលីz (VOA)

Related Articles

Back to top button
Close
Close