រដ្ឋសភាសម្រេចដកអភ័យឯកសិទ្ធិលោក សម រង្ស៊ី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ វិច្ចិកា ២០១៥) ៖ យោងតាមប្រកាសរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឲ្យដឹងថា លោក សម រង្ស៊ី ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលកំពង់ចាម នីតិកាលទី៤។
ប្រកាសបានបន្តថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវទទួលអនុវត្ត និងបទិផ្សាយសេចក្ដីប្រកាសនេះក្នុងរដ្ឋសភា និងផ្សព្វផ្សាយជាសាធារណៈ។ សេចក្ដីប្រកាសនេះ មានអនុភាពគតិយុត្តិចាប់តាំងពីថ្ងៃចុះហត្ថលេខានេះតទៅ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះ គណៈកម្មាធិការអចិន្ត្រៃយ៍សភា បានកោះប្រជុំបន្ទាន់មួយដើម្បីពិភាក្សា និងពិនិត្យមើលរបាយការណ៍ស្តីពីសំណុំរឿងពាក់ព័ន្ធ នឹងការអនុវត្តទោសទៅលើទណ្ឌិតឈ្មោះ សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ កិច្ចប្រជុំបន្ទាន់នេះ គឺដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា៕