ក្រសួងព័ត៌មានណែនាំឲ្យប្រព័ន្ធផ្សព្វផ្សាយ និងកន្លែងកំសាន្តចូលរួមកាន់ទុក្ខពេលហែព្រះបរមអដ្ឋិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ កក្កដា ២០១៤) ៖ ក្រសួងព័ត៌មាន ដាក់បង្គាប់ឲ្យអង្គភាពផ្សព្វផ្សាយរដ្ឋ និងឯកជន រួមនឹងកន្លែងកម្សាន្ត គោរពនូវបទបញ្ជាមួយចំនួនក្នុងដំណើរការផ្សព្វផ្សាយ អំឡុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ អតីតព្រះមហាក្សត្រ រយៈពេល៣ថ្ងៃ។
តាមបទបញ្ជាណែនាំចុះថ្ងៃទី៣ខែកក្កដា ឆ្នាំ២០១៤នេះ ក្រសួងព័ត៌មាន ណែនាំឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន ព្រមទាំងកន្លែងកម្សាន្តសប្បាយ ត្រូវផ្អាកការផ្សាយ នូវកម្មវិធីទស្សនីយភាព ការសម្តែង ការប្រគំតន្ត្រី ការផ្សាយពាណិជ្ជកម្មផ្សេងៗ
ដែលមានលក្ខណៈសប្បាយ គគ្រឹកគគ្រេង ដោយត្រូវបង្កើតការផ្សាយបន្តផ្ទាល់ពីវិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជា នូវសកម្មភាពនានា ក្នុងរយៈពេលនៃព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ។
ក្នុងបទបញ្ជានេះ កំណត់អំឡុងរយៈពេល៣ថ្ងៃ គិតពីថ្ងៃទី១០ ដល់ទី១២ ខែកក្កដា អ្នកសារព័ត៌មានគ្រប់រូប ទាំងអ្នកនៅក្នុងព្រះរាជពិធីដង្ហែ និងទាំងអ្នកបម្រើការងារក្នុងស្ទូឌីយោ តាមស្ថានីយ៍ផ្សាយរបស់ខ្លួន ត្រូវកំណត់ប្រើប្រាស់ឯកសណ្ឋាន សម្លៀកបំពាក់ ពណ៌ស និងខ្មៅ គឺបុរស ខោខ្មៅវែង អាវសវែង ក្រវ៉ាត់កខ្មៅ និងស្ត្រីសំពត់ខ្មៅ អាវសពានាស ពាក់សញ្ញាកាន់ទុក្ខដែលជាការចូលរួម កាន់ទុក្ខសោកស្តាយស្រណោះអាឡោះអាល័យ និងគោរពដឹងគុណជានិច្ច ចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ។
ទន្ទឹមនេះ ក្រសួងក៏តម្រូវឲ្យអ្នកបម្រើការងារនៅគ្រប់ស្ថានីយ៍ទូរទស្សន៍ ដែលមានភារកិច្ចថតរូបភាព សកម្មភាពក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ តាមដងមហាវិថីដែលបានកំណត់ទីតាំងនោះត្រូវមានម្ចាស់ការសហការឲ្យបានជិតស្និទ្ធក្នុងការផ្តល់ព័ត៌មាន ហើយរាល់ការចាក់ភ្លេងនានា ត្រូវត្រៀមរៀបចំឲ្យស្របនឹងរូបភាព និងខ្លឹមសារ៕