ស្វែងយល់ពីការប្រើថ្នាំសណ្ដំឬសន្លប់
សារព័ត៌មាន Cambodia News/
សុខភាព (០៧ ឧសភា ២០១៤) ៖ ការដាក់សណ្ដំឬថ្នាំសន្លប់ គឺជាសភាព ដេកលក់សិប្បនិម្មិត ដែលកើតមានក្រោយពីដាក់ថ្នាំចូលទៅក្នុងខ្លួន(តាមរយៈការចាក់តាមសរសៃ ឬការហិតតាមផ្លូវដង្ហើម)។ ការ ប្រើថ្នាំសន្លប់គឺធ្វើឡើងនៅពេលមានការវះកាត់ធំ ឬដោយការឈឺចាប់ខ្លាំង ក្នុងគោលបំណងកុំឱ្យអ្នកជម្ងឺឈឺចាប់។
ការដាស់ថ្នាំសណ្ដំឬសន្លប់មិនមានផលប៉ះពាល់ធំដុំនោះទេ លើកលែងតែផលប៉ះពាល់តិចតួចប៉ុណ្ណោះក្រោយពេលដឹងខ្លួនមកវិញ ដូចជាអាការក្អួតចង្អោរ ធ្ងន់ដៃធ្ងន់ជើង ឬស្ពឹកស្រពន់មួយរយៈប៉ុណ្ណោះ រមាស់កបណ្ដាលមកពីការស៊កបំពង់ស្នាម ក្រហមឬឈឺចាប់នៅម្ដុំត្រង់ស្នាមចាក់ ពិបាកប្រមូលអារម្មណ៍ ឬបាត់បង់ការចងចាំមួយរយៈជាដើម។
ទាំងនេះជាផលប៉ះពាល់ស្រាលៗ មិននាំឱ្យបាត់បង់ជីវិតនោះឡើយ។ ផ្ទុយទៅវិញ ឃើញមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតតិចតួចបំផុត ប្រមាណជា១ភាគ១សែន ប៉ុណ្ណោះ ដែលអាចមានប្រតិកម្មធ្ងន់ធ្ងរបណ្ដាលមកពីការប្រើថ្នាំសន្លប់ឬថ្នាំ សណ្ដំ គឺជាករណីប្រតិកម្មទៅនឹងសារធាតុសណ្ដំ គាំងបេះដូង ឬគាំងដង្ហើម កើតមាននៅពេលប្រើថ្នាំសណ្ដំឬពេលដឹងខ្លួនមកវិញ។
ត្រង់នេះ សូមបញ្ជាក់ថាវាជាករណីកម្របំផុត សឹងតែមិនដែល ជួបប្រទះផង ពីព្រោះរាល់ពេលវះកាត់មានអ្នកជំនាញខាងថ្នាំសណ្ដំត្រឹមត្រូវអង្គុយ តាមដាន។ ហេតុនេះ សូមអ្នកកុំមានការបារម្ភអី ប៉ុន្ដែត្រូវទៅព្យាបាលនៅកន្លែងដែលមានជំនាញច្បាស់លាស់ ទើបជាការប្រសើរ៕