សញ្ញាគ្រោះថ្នាក់ចំពោះស្ដ្រីពេលមានផ្ទៃពោះ
សារព័ត៌មាន Cambodia News/
សុខភាព (២២ មេសា ២០១៤) ៖ សញ្ញាគ្រោះថ្នាក់ចំពោះស្ដ្រីពេលមានផ្ទៃពោះអាចកើតមានឡើងដោយ មិនបានដឹងជាមុន ក្នុងពេលមានផ្ទៃពោះ និងពេលសម្រាល។ ដូចនេះទាមទារឱ្យក្រុមគ្រួសារទាំងអស់ ពិសេសស្ដ្រីខ្លួនឯងផ្ទាល់ចាំបាច់ត្រូវដឹងអំពីកត្ដាដែលនាំឱ្យ គ្រោះថ្នាក់ និងឱ្យស្គាល់ពីសញ្ញាគ្រោះថ្នាក់ទាំងឡាយដែលអាចកើតមាន ។
ការធ្លាក់ឈាម នៅពេលដែលទារកមានអាយុតិចចាប់ពី១ខែទៅ៥ខែ នេះគឺជាមុខសញ្ញាមួយដែលស្ដ្រីប្រឈមមុខនឹងគ្រោះថ្នាក់ ហើយវាជាការគំរាមនៃការរលូត។ បើសិនជានៅពេលជិតគ្រប់ខែហើយនៅតែមានការធ្លាក់ឈាមទៀតនោះ នេះក៏ជាសញ្ញាគ្រោះថ្នាក់ដែរ។
ស្ដ្រីដែលមានការកើនឡើងទម្ងន់ហួសកំណត់(ធាត់ពេក) អាចបង្កឱ្យមានគ្រោះថ្នាក់នៅពេលសម្រាល ប្រការដែលល្អបំផុត គឺទម្ងន់អាចកើនត្រឹម១០គីឡូក្រាមក្នុងអំឡុងពេលមានផ្ទៃពោះ
ជម្ងឺកង្វះគ្រាប់ឈាមក្រហម ឬមានភាពស្លេកស្លាំងនៅផ្នែកខាងក្នុងនៃត្របកភ្នែក អស់កម្លាំងខ្លាំង ឬដង្ហក់ បើមានបញ្ហានេះគប្បីនាំស្ដ្រីទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីទទួលការពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ឬអ្នកជំនាញ ដើម្បីជួយសង្គ្រោះ ព្យាបាលម្ដាយ និងកូនឱ្យបានទាន់ពេលវេលា។
អាការហើមជើង ហើមដៃ ហើមមុខខុសធម្មតា បញ្ហាទាំងនេះសុទ្ធសឹងជាសញ្ញាគ្រោះថ្នាក់ចំពោះស្ដ្រីនៅពេលមានផ្ទៃពោះ។ ទារកនៅក្នុងផ្ទៃមានចលនាខ្សោយ ឬគ្មានចលនាសោះតែម្ដង នេះជាគ្រោះថ្នាក់ចម្បងបំផុតសម្រាប់អាយុជីវិតរបស់ទារក។
ការប្រើថ្នាំផ្ដេសផ្ដាសរបស់ស្ដ្រីដែលមានផ្ទៃពោះ ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវពីអ្នកជំនាញ ឬគ្រូពេទ្យ ជាការបង្កគ្រោះថ្នាក់ខ្លាំងក្លាបំផុតចំពោះទារកនៅក្នុងផ្ទៃព្រោះ ឱសថ មួយចំនួននឹងធ្វើឱ្យទារកក្នុងផ្ទៃមានភាពមិនប្រក្រតីពេលសម្រាលមក។
ការធ្លាក់ឈាមតិច ឬច្រើនតាមទ្វារមាស ឬឈឺពោះខ្លាំង ក្អួតមិនឈប់ គ្រុនក្ដៅខ្លាំង មានប្រកាច់ មានការឈឺពោះយូរ និងស្ត្រីមានបែកទឹកភ្លោះមុនថ្ងៃសម្រាលទាំងនេះជាសញ្ញា គ្រោះថ្នាក់ចំពោះស្ដ្រីមានផ្ទៃពោះដែលទាមទារឱ្យមានការពិគ្រោះ ព្យាបាលតាមរោគវិនិច្ឆ័យជម្ងឺត្រឹមត្រូវ៕