យុវជនអាហ្វ្រិកខាងត្បូងនិយាយអំពីលោក ម៉ានឌែឡា

ចូហាណេស្បឺក៖ លោក នែលសុន ម៉ានឌែឡា គឺ​ជា​អ្នកនយោបាយ​ម្នាក់​ដែល​ទទួល​បាន​ការស្រឡាញ់​និង​គោរព​បំផុត​នៅ​ក្នុង​ ពិភពលោក។ ប៉ុន្តែ​សម្រាប់​ប្រជា​ពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​វិញ លោក​គឺ​ជា​បិតា​នៃ​ប្រទេស​ដែល​បាន​ចាប់​កំណើត​ឡើង​វិញ​និង​ថែម​ទាំង​ទទួល​ បាន​ការស្រឡាញ់​ពី​សំណាក់​ក្មេងៗ​អាហ្រ្វិក​ខាងត្បូង​ដែល​បាន​កើត​ក្រោយ​ពេល ​លោក​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក។

សម្រាប់​ប្រជា​ពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​ជាច្រើន ការចាប់ផ្តើមនៃលទ្ធិ ប្រជាធិបតេយ្យក្នុងឆ្នាំ ១៩៩៤ បានផ្តល់ពន្លឺនៃក្តីសង្ឃឹម អនាគត​មួយ​ដែល​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការទទួល​ បានសេវាសុខាភាព អប់រំ និងការងារ។ ប៉ុន្តែភាពពិតជាក់ស្តែងខុសពីនេះ។ ការអប់រំ  និងសេវាសុខភាព សាធារណៈមានភាពរញ៉េរញ៉ៃ គម្លាតរវាង​អ្នកមាន​និង​អ្នកក្រ​កាន់តែ​ធំឡើង ភាពអត់​ការងារ​ធ្វើ​កាន់តែកើនឡើង ហើយរដ្ឋាភិបាល​គ្រប់លំដាប់​ថ្នាក់មាន​បញ្ហាដោយសារ​អំពើ​ពុករលួយ​និង​ភាពអន់​ ខ្សោយ​នៃ​រដ្ឋបាល។

ប៉ុន្តែ​រហូត​មក​ដល់​ទីបញ្ចប់​នៃ​ជីវិត​របស់​លោក​អតីត​ប្រធានាធិបតី នែលសុន ម៉ានឌែឡា នៅ​តែជា​បុព្វហេតុ​នៃក្តី​សង្ឃឹម​និង​ជា​ប្រភព​នៃមោទនភាព​សម្រាប់ប្រជា​ ពលរដ្ឋអាហ្វ្រិក​ខាងត្បូង​ទាំងអស់ ដែល​អំពើ​នេះ​នៅតែ​បន្ត​ជំរុញ​ទឹកចិត្តប្រជា​ពលរដ្ឋរបស់លោក​និង​មនុស្ស​រាប់ ​លាននាក់នៅជុំវិញសកល​លោកជារៀងរាល់ថ្ងៃ។ អ្នកទាំងនោះ​រួម​មានក្មេងៗនៃ​ជំនាន់​មួយ​ដែល​ត្រូវ​បាន​ហៅថា «ជំនាន់ម៉ាន់ឌែលឡា»។ អ្នកទាំងនោះ​កើតនិង​ធំ​ដឹង​ក្តីនៅ​ក្នុងរបប​ប្រជាធិបតេយ្យ​អាហ្វ្រិក​ ខាងត្បូង ។

កុមារា ចូណាថាន ស៊ីបានឌី (Jonathan Sibandi) ដែល​មាន​អាយុ​១២​ឆ្នាំ ស្ថិត​ក្នុង​ចំណោម​ក្មេងៗ​ដែល​បាន​ឃើញ​លោក​ម៉ាន់ឌែលឡា ជា​និមិត្តរូប​បិតា​ជាតិ។

«លោក ម៉ាន់ឌែលឡា ដូច​បិតា​ជាតិ​របស់​យើង​អញ្ចឹង។ បើ​នៅ​ក្នុង​ប្រទេស​នេះ ហើយ​និយាយថា អ្នក​មិន​ស្គាល់​លោក ម៉ាន់ឌែលឡា គឺ​ជា​ការអាម៉ាស់​មុខ​មួយ។ ប្រសិន​បើគ្មាន​គាត់ទេ ប្រហែល​ជា​យើង​នៅ​តែ​នៅ​ទីនោះ ហើយ​ខ្ញុំ​ប្រហែល​ជា​ដុស​លាង​ឥដ្ឋ។ ដូច្នេះ​ លោក ម៉ាន់ឌែលឡា គឺ​ជា​មេដឹកនាំ​ប្រកប​ដោយ​ការជំរុញ​ទឹកចិត្ត»។

នាង ភូមែលែល ម៉ូថាឌី (Phumelele Mothadi) ដែលមានអាយុ១២ឆ្នាំ មិន​មើល​ស្រាល​ការណ៍​ដែលថា នាងមាន​សិទ្ធិពិសេស​ដែល​បាន​ធំ​ដឹង​ក្តី​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​នោះ ​ទេ។

«ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានការទទួលខុសត្រូវធំណាស់ ពីព្រោះខ្ញុំមានអារម្មណ៍ថា ខ្ញុំ​ត្រូវ​អ្វីៗ​ ដើម្បីអាហ្រ្វិកខាងត្បូងដើម្បីកុំឲ្យប្រទេសនេះត្រឡប់ទៅជំនាន់ មុនឆ្នាំ ១៩៩៤»។

កុមារា ឌែញែល ស៊ីង្ហ (Daniel Singh) អាយុ១៣ឆ្នាំ និយាយថា ក្រោយពី​ប្រវត្តិសាស្ត្រ​ប្រកប​ដោយការឈឺចាប់ លោក ម៉ាន់ឌែលឡា អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាហ្រ្វិក​ខាងត្បូង​មាន​មោទនភាពចំពោះ​កេរដំណែល​ របស់​ខ្លួន​ឡើង​វិញ។

«ខ្ញុំចង់និយាយថា វាបានបង្ហាញថា យើង​ជា​ប្រជា​ពលរដ្ឋ​អាហ្រ្វិក​ខាងត្បូង​មាន​សមត្ថភាព​ធ្វើ​អ្វី​មួយ។ អ្នកមិនគួរវាយតម្លៃយើងដោយសារតែរូបរាងយើង ការនិយាយស្តីរបស់យើង និងរបៀបយើងធ្វើការនោះទេ។ យើង​មាន​សមត្ថភាព​ផ្លាស់ប្តូរ​ពិភពលោក ហើយយើងបាន​ធ្វើ​រួច​ហើយ​តាម​រយៈលោក ម៉ាន់ឌែលឡា ហើយលោកបានបង្ហាញពិភពលោកនូវចំណុចមួយដែល​ថា យើង​អាច​ធ្វើ​អ្វី​ក៏​បាន»។

ហើយ កុមារា ចូណាថាន ស៊ីបានឌី យល់​ស្រប។

«ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ពីព្រោះ​យ៉ាង​ហោចណាស់​មនុស្ស​ម្នាក់​មក​ពី​ ប្រទេស​តូច​មួយ​មនុស្ស​តូច​ម្នាក់ មនុស្សម្នាក់ដែលប្រហែលជាមិនសំខាន់អាចធ្វើ​ឲ្យ​មានការផ្លាស់ប្តូរដ៏ធំ​មួយនៅ​ ក្នុង​ពិភពលោក។ ហើយ​លោក ម៉ាន់ឌែលឡា អាច​មក​ពី អឺ… ខ្ញុំ​មិន​ដឹង​ថា លោក ម៉ាន់ឌែលឡា​យ៉ាងម៉េច​ទេ​ ពីព្រោះ​ខ្ញុំ​មិន​បាន​នៅ​ទីនោះ​ផង ប៉ុន្តែ ឃើញ​ស្នាដៃ​ធំ​ដុំ និងមានប្រជាប្រិយភាព​បែប​នោះ វា​ជា​រឿង​អស្ចារ្យ​ដែល​បាន​ឃើញ​អ្វី​ដែល​គាត់​បាន​ធ្វើ»។

កុមារា ចូណាថាន ស៊ីបានឌី និយាយ​ថា រឿង​សំខាន់​បំផុត​ដែល​គេ​បាន​រៀន​ពី​លោក ម៉ាន់ឌែលឡា ដែល​ជា​សកម្មជន​ប្រឆាំង​នឹង​របប​អាប៉ាថេត ដែល​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​២៧ឆ្នាំ​នោះ​គឺ ការអភ័យទោស។

«សមត្ថភាព​ចេញ​ពី​ពន្ធនាគារ ហើយ​នៅតែ​មាន​ចិត្ត​សន្តិភាព​ជាមួយ​មនុស្ស​គ្រប់​រូប​នៅ​ជុំវិញ​លោក។ ខ្ញុំ​ចង់​និយាយ​ថា ប្រសិន​បើ​មនុស្ស​ផ្សេងៗ​ចេញ​ពី​ពន្ធនាគារ​គេ​អាច​មាន​ចិត្ត​ហិង្សា ប៉ុន្តែ​ឃើញ​គាត់​ចេញ​ពី​ពន្ធនាគារ ហើយ​នៅតែ​ស្រឡាញ់​អ្នក​ដែល​ចាប់​លោក​ដាក់​ពន្ធនាគារ គឺ​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់»។

សម្រាប់ ភូមែលែល ម៉ូថាឌី មេរៀន​ដែល​ត្រូវរៀន​ពី​អតីត​ប្រធានាធិបតី​ដ៏​មាន​ប្រជាប្រិយភាពនោះគឺ​ភាព​មិន​អាត្មានិយម។

«ខ្ញុំ​ស្រឡាញ់​លោក​ដោយសារតែ​លោក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ខ្ញុំ ហើយ​លោក​មិន​ទាំង​ស្គាល់​ខ្ញុំ​ផង។ អំពើ​នេះ​ពិសេស​ណាស់»។

កុមារា ឌែញែល ស៊ី និយាយ​ថា គេ​មិន​អាច​រក​បាន​ជន​គំរូ​ល្អ​ជាង​លោក ម៉ាន់ឌែលឡា​ទេ។

«ខ្ញុំ​ស្រឡាញ់​លោក នែលសុន ម៉ាន់ឌែលឡា ពីព្រោះ​លោក​គឺ​ជា​ជន​គំរូ​ដ៏​អស្ចារ្យ។ លោក​មិន​ដែល​បោះបង់​ចោល​ទេ។ លោក​ព្យាយាម​ធ្វើ​អ្វី​ដែល​លោក​ត្រូវ​ធ្វើ។ បើ​លោក​មាន​គំនិត​ផ្តោត​លើ​អ្វី​មួយ លោក​ព្យាយាម​ធ្វើ​កិច្ចការ​នោះ។ ដោយសារតែ​លោក ទើប​ពេល​នេះ​ខ្ញុំ​មាន​អនាគត​ប្រសើរ​ជាង​មុន ពោល​គឺ​ខ្ញុំ​មាន​ហេតុផល​នឹង​បន្ត​ជីវិត​ខ្ញុំ​ពេល​នេះ»។

ប្រហែល​ជា​នាង  ភូមែលែល ម៉ូថាឌី អាច​សង្ខេប​អារម្មណ៍​បាន​ល្អ​បំផុត​ក្នុង​ចំណោម​មនុស្ស​ក្នុង​ជំនាន់​ ម៉ាន់ឌែលឡា គឺ​ក្នុង​ប្រទស​អាហ្វ្រិក​ខាងត្បូង​ក្នុង​សម័យ​ទំនើប។

«ខ្ញុំ​មាន​អារម្មណ៍​ធូរ​ក្នុង​ចិត្ត​ដែល​ខ្ញុំ​មិន​ចាំបាច់​ប្រយុទ្ធ​ប្រឆាំង​នឹង​អាប៉ាថេត។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សេរីភាព»។

ក្មេងៗទូទាំង​អាហ្វ្រិក​ខាងត្បូង​នឹង​ត្រូវ​បាន​ផ្តល់​ឱកាស​សម្តែង​អារម្មណ៍ ​របស់​ខ្លួន​និង​ការគោរព​ចំពោះ​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ស្គាល់​ជាទូទៅ​ថា ម៉ាឌីបា (Madiba) ដែល​ជា​ឈ្មោះ​ក្នុង​កុលសម្ព័ន្ធ ហ្សុកហ្សា ឬ«តាតា» ដែល​មាន​ន័យ​ថា ឪពុក​នៅ​តាម​សាលា​និង​ព្រឹត្តិការណ៍​បូជនីកិច្ច​សហគមន៍​នានា។ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ

Related Articles

Back to top button
Close
Close