ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ គ្រោងបង្កើនវត្តមានខ្លួនក្នុងទឹកដីអ៊ីរ៉ង់
យោងតាមសារព័ត៌មាន Reuters (រ៉យតឺ) ចុះផ្សាយថ្ងៃអាទិត្យ ទី១២មករានេះ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា AIEA គ្រោងនឹងបង្កើនវត្តមានខ្លួន បន្ថែមទៀតនៅប្រទេសអ៊ីរ៉ង់ ដើម្បីអាចបំពេញការងារត្រួតពិនិត្យនុយក្លេអ៊ែរ ស្របតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលប្រទេសមហាអំណាច៥+១ មានអាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស និងអាល្លឺម៉ង់ សម្រេចបានជាមួយអ៊ីរ៉ង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣។
ក្នុង ប្រទេសអ៊ីរ៉ង់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA មានក្រុមការងារខ្លួនមួយក្រុម រឺក៏ពីរក្រុម កំពុងបំពេញការងារ ស្របតាម កិច្ចព្រមព្រៀងបណ្តោះអាសន្ន ថ្ងៃ២៤វិច្ឆិកា ឆ្នាំ២០១៣ ដែលប្រទេសមហាអំណាច៥+១ មាន អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានសម្រេចចេញជាមួយអ៊ីរ៉ង់ ក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់នោះ។ កិច្ចព្រមព្រៀងនេះ តំរូវអោយទីភ្នាក់ងារ AIEA ពិនិត្យផ្ទៀងផ្ទាត់មើលថា តើអ៊ីរ៉ង់ពិតជាបានធ្វើសកម្មភាពនុយក្លេអ៊ែរយោធា ផ្ទុយពីលក្ខខណ្ឌ នៃកិច្ចព្រមព្រៀង រឺក៏យ៉ាងណា។
ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ AIEA ប្រហែលជាត្រូវការអោយមានអ្នកជំនាញខ្លួនបន្ថែមទៀត នៅអ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងកិច្ចការងារត្រួតពិនិត្យផ្ទៀងផ្ទាត់កម្មវិធី នុយក្លេអ៊ែរអ៊ីរ៉ង់ ជាការងារដែលមានចំនួនកាន់តែច្រើនឡើងនោះ។ ទីភ្នាក់ងារនេះអាចនឹងបោះទីតាំងការិយាល័យជាច្រើនកន្លែង សម្រាប់ រយៈពេលបណ្តោះអាសន្នមួយ នៅអ៊ីរ៉ង់ផងដែរ។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ធ្លាប់ចុះទៅអ៊ីរ៉ង់ញឹកញយមកហើយ ប៉ុន្តែនៅមិនទាន់មានទីតាំងប្រតិបត្តិការផ្ទាល់ ក្នុងទឹកដីអ៊ីរ៉ង់នៅឡើយទេ។ គេនៅមិនទាន់ដឹងថា តើទីភ្នាក់ងារនេះ ធ្លាប់បានពិភាក្សាជាមួយអាជ្ញាធរអ៊ីរ៉ង់ ពីគោលបំណងចង់បង្កើនវត្តមានខ្លួននេះ ហើយរឺនៅទេ។
គួររំលឹកថា មុនខែមិថុនា មុនពេលលោក ហាសាន រ៉ូហានី ជាប្រធានាធិបតីអ៊ីរ៉ង់ថ្មីឡើងកាន់អំណាច ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ មានភាពតានតឹងនឹងគ្នាយ៉ាងសម្បើម។ អ៊ីរ៉ង់ចោទទីភ្នាក់ងារ AIEA ថាបានដើរតួនាទីជាភ្នាក់ងារចារកិច្ចគាំទ្រប្រទេសលោកខាងលិច និងបានផ្តល់ព័ត៌មានជាច្រើនដល់សត្រូររបស់អ៊ីរ៉ង់ ដែលចង់បំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ ប៉ុន្តែ ក្រោយពេលលោករ៉ូហានី ឡើងកាន់អំណាចមក កាលពីពាក់កណ្តាលឆ្នាំ២០១៣មក ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានឈានទៅរកភាពប្រសើរនឹងគ្នាច្រើន។
អ្នកការទូតទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិមួយរូប ដែលបំពញការងារនៅក្រុងវីយេន ប្រទេសអូទ្រីស បានលើកឡើងថា លោកមិនជឿថា ការដែលទីភ្នាក់ងារលោក ត្រូវបង្កើនវត្តមានបន្ថែមក្នុងទឹកដីអ៊ីរ៉ង់ អាចបង្កជាបញ្ហានោះទេ៕ដោយ ព្រំ សឿន សូលីណា(RFI)