អាហ្វ្រិកកណ្តាលបន្តធ្លាក់ក្នុងវិបត្តិក្រោយប្រធានាធិបតីDjotodia ចុះពីអំណាច
ក្រុង បង់ហ្គី នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ព្រឹកថ្ងៃសៅរ៍នេះ ហាក់មានភាពស្ងប់ស្ងាត់។ ទោះយ៉ាងនេះក្តី ស្ថានភាពនៅមិនទាន់ប្រសើរនៅឡើយទេ ទោះជាប្រធានាធិបតី មីសៃល ចូតូឌីយ៉ា Michel Djotodia បានចុះចេញពីអំណាច កាលពីថ្ងៃសុក្រហើយក៏ដោយចុះ។ នៅក្នុងយប់ថ្ងៃសុក្រដដែល ការលួចប្លន់នៅតែបន្តកើតឡើង ក្នុងក្រុងបង់ហ្គី ហើយសកម្មជនអតីតក្រុមឧទ្ទាមសេឡេកា និងសកម្មជនកាន់គ្រិស្តសាសនា បានបន្តប្រឈមមុខដាក់គ្នា។
នៅពេល នេះ សាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅមិនទាន់មានប្រធានាធិបតីពិតប្រាកដនៅឡើយទេ។ ក្នុងពេលកំពុងរង់ចាំការបោះឆ្នោត ដែលតាមធម្មតា នឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០១៤នេះ អ្នកដែលឡើងមកចាត់ចែងការងារក្នុងប្រទេសជាបណ្តោះអាសន្ន គឺលោក Alexandre-Ferdinand Nguendet ជាប្រធានក្រុមប្រឹក្សាជាតិអន្តរកាលអាហ្វ្រិកកណ្តាល។ ក្រុមប្រឹក្សាអន្តរកាលនេះ នឹងតែងតាំងអ្នកដឹកនាំប្រទេសថ្មីម្នាក់ ក្នុងពេលខាងមុខនេះ ដើម្បីអោយអ្នកដឹកនាំថ្មីនេះ ជួយអាហ្វ្រិកកណ្តាលអោយរៀបចំការបោះឆ្នោត។
គួររំលឹក ថា អតីតប្រធានាធិបតី ចូតូឌីយ៉ា និងនាយករដ្ឋមន្ត្រី នីកូឡា ចង់ហ្កៃយេ បានលាលែងពីតំណែង កាលពីថ្ងៃសុក្រកន្លងទៅ ក្រោមសម្ពាធរបស់អ្នកដឹកនាំជាច្រើនរូបនៃបណ្តាប្រទេសក្នុងតំបន់ ភាគកណ្តាលអាហ្វ្រិក។ បណ្តាមេដឹកនាំទាំងនេះ យល់ថា ការលាលែងពីតំណែងរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីសាធារណរដ្ឋអាហ្វ្រិកកណ្តាល ជាលក្ខខណ្ឌចំបងមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាក្នុងប្រទេស។ អតីតប្រធានាធិបតី ចូតូឌីយ៉ា បច្ចុប្បន្នកំពុងភៀសខ្លួន នៅប្រទេសបេណាំង។
គួររំលឹកផងដែរថា លោកចូតូឌីយ៉ា បានចូលកាន់អំណាចកាលពីខែមិនា ក្រោមការផ្តួចផ្តើមរបស់ក្រុមឧទ្ទាមសេឡេកា។ ក្រុមឧទ្ទាមនេះ បានធ្វើរដ្ឋប្រហារយោធាទម្លាក់អតីតប្រធានាធិបតី Fraçois Bozizé។ ក្រោយរដ្ឋប្រហារនោះមក អំពើឆក់ប្លន់ បាញ់សម្លាប់គ្នា បានកើតឡើងស្ទើរតែរាល់ថ្ងៃក្នុងប្រទេស។ បន្ទាប់ពីលោកចូតូឌីយ៉ា បានចុះពីអំណាច នៅថ្ងៃសុក្រ បណ្តាជនអាហ្វ្រិកកណ្តាលបានស្រែកអរកញ្ជ្រៀវ។ ប៉ុន្តែ បន្ទាប់ពីនោះមក ការឆក់ប្លន់ បានចាប់កើតមានដូចសព្វដងដដែល នៅក្នុងយប់ថ្ងៃសុក្រ។
បន្ទាប់មកទៀត សកម្មជននៃអតីតក្រុមឧទ្ទាមសេឡេកា និងសកម្មជនកាន់គ្រិស្តសាសនាបានប្រឈមមុខដាក់គ្នា។ យោងតាមអង្គការកាកបាទក្រហម ក្រោយអំពើហិង្សាទាំងនោះកើតឡើង អង្គការបានរកឃើញសាកសពមនុស្ស៣នាក់។
ជនបរទេសអាហ្វ្រិកនានា ដែលស្នាក់នៅប្រទេសអាហ្វ្រិកកណ្តាល កំពុងតែចាកចេញពីប្រទេសនេះ យ៉ាងសន្ធឹកសន្ធាប់។ កន្លងមក រដ្ឋាភិបាលម៉ាលី សេណេហ្កាល់ ឆាដ នីហ្សេ បានជម្លៀសប្រជាជនខ្លួន ២ម៉ឺន៧ពាន់នាក់ ពីប្រទេសអាហ្វ្រិកកណ្តាលរួចមកហើយ៕ដោយ ព្រំ សឿន សូលីណា (RFI)