លោកនាយករដ្ឋមន្រ្តីជប៉ុនមិនខ្លាចនឹងទៅកាន់វិហារយ៉ាស៊ូគូនីជាថ្មីទេ
នៅ ក្នុងប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេបានបញ្ជាក់យ៉ាងច្បាស់ៗនៅថ្ងៃព្រហស្បតិ៍ ទី៩ មករានេះថា លោកមិនញញើតនឹងធ្វើដំណើរទៅកាន់វិហារយ៉ាស៊ូគូនីជាថ្មីទេ។ ការអះអាងរបស់លោកប្រមុខរដ្ឋាភិបាលជប៉ុនពេលនេះបានធ្វើឡើង ២ សប្តាហ៍បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ទីនោះនាឱកាសខួបគម្រប់ មួយឆ្នំានៃការវិលមកកាន់តំណែងជាថ្មីរបស់លោក។ ដំណើរទៅកាន់ទីកន្លែងសក្ការៈរបស់លោកស៊ីនហ្សូ អាបេដែលបានបញ្ឆេះឲ្យមានកំហឹងពីសំណាក់ប្រទេសចិន និងកូរ៉េខាងត្បូង។
សម្រាប់ លោកនាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូ អាបេដែលមានជំហរជាអ្នកជាតិនិយម ដំណើរទៅកាន់វិហារយ៉ាស៊ូគូនីជារឿងមួយមិនអាចចៀសរួចទេ ព្រោះវាជាទីកន្លែងសក្ការៈសម្រាប់គោរពវិញ្ញាណក្ខន្ធទាហានជប៉ុនដែល បានពលីជីវិតដើម្បីប្រទេសជាតិក្នុងសម័យសង្រ្គាមលោកលើកទី២។ តែបញ្ហានៅត្រង់ថានៅទីនោះ ក៏មានការដាក់តំាងរូបថតទាហានជប៉ុនជាង ១០នាក់ដែលជាប់ចោទបទឧក្រិដ្ឋកម្មសង្រ្គាម។ គឺនៅត្រង់ចំណុចនេះហើយដែលបានធ្វើឲ្យប្រទេសចិន និងកូរ៉េខាងត្បូងមិនអាចទប់កំហឹងរបស់ខ្លួនបានឡើយ។ ក្រោមភ្នែកច្រមុះរបស់ទីក្រុងប៉េកំាង ក៏ដូចជាទីក្រុងសេអ៊ូល ដំណើរទៅកាន់វិហារយ៉ាស៊ូគូនីរបស់ថ្នាក់នំាជប៉ុន គឺជាកាយវិការជេរប្រមាជ មាក់ងាយលើជនរងគ្រោះចិន ក៏ដូចជាកូរ៉េខាងត្បូងដែលត្រូវបានក្រុមទាហានជប៉ុនវាយធ្វើបាប។
ក្រៅពីចិន និងកូរ៉េខាងត្បូង សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធចាក់ទឹកមិនលិចរបស់ជប៉ុនក៏បានសម្តែង ក្តីមិនសប្បាយចិត្តចំពោះទង្វើរបស់លោកស៊ីនហ្សូ អាបេដែរ។ សម្រាប់ទីក្រុងវ៉ាស៊ីតោន កាយវិការរបស់ប្រមុខរដ្ឋាភិបាលជប៉ុនរឹតតែធ្វើឲ្យទំនាក់ទំនងរវាង ចិន និងជប៉ុន ក៏ដូចរវាងជប៉ុន និងកូរ៉េខាងត្បូងកាន់តែឡើងតានតឹងបន្ថែមទៀតប៉ុណ្ណោះ។ តែយ៉ាងណាក៏ដោយនៅថ្ងៃនេះ លោកស៊ីនហ្សូ អាបេបានបញ្ជាក់ជាថ្មីម្តងទៀត និងច្បាស់ៗថា ក្នុងនាមជាអ្នកដឹកនំាប្រទេស លោកមានកាតព្វកិច្ចទៅកាន់វិហារយ៉ាស៊ូគូនីដើម្បីបន់ស្រន់ និងគោរពវិញ្ញាណក្ខន្ធចំពោះប្រជាជនជប៉ុនដែលបង់បាត់ជីវិតក្នុងពេល សង្រ្គាម។
អ្វីជាការកត់សម្គាល់ ការអះអាងជាថ្មីរបស់លោកស៊ីនហ្សូ អាបេបានធ្វើឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចំាអង្គការសហប្រជាជាតិបានអំពាវនាវ សហគមន៍អន្តរជាតិឲ្យចេញសារព្រមានលោកស៊ីនហ្សូ អាបេកុំឲ្យធ្វើដំណើរជាថ្មីទៅកាន់វិហារយ៉ាស៊ូគូនី។ សូមជម្រាបជូនថា ក្រៅពីមើលមុខគ្នាមិនចំជុំវិញរឿងវិហារយ៉ាស៊ូគូនី ចិន និងជប៉ុនក៏កំពុងបន្តឹងសរសៃ ក ដាក់គ្នាក្នុងជម្លោះដណ្តើមទីប្រជុំកោះសេនកាគុដែរ។ ថ្មីៗនេះ ចិនបានចោទជប៉ុនពីបទចង់ធ្វើវិសោតនកម្មរដ្ឋធម្មនុញ្ញសន្តិភាពដើម្បី វិលទៅរកនយោបាយយោធានិយម និងនយោបាយវាតទីនិយមដូចកាលពីមុនសម័យសង្រ្គាមលោកលើកទី២ ជាថ្មី។ តែលោកស៊ីនហ្សូ អាបេបានឆ្លើយបកវិញតាមកញ្ជក់ទូរទស្សន៍ជប៉ុននៅយប់មិញថា ប្រទេសដែលបានចោទជប៉ុនក្នុងរឿងមហិច្ឆតាយោធា បែរជាបានដំឡើងថវិកាយោធារបស់ខ្លួនជាង ១០% ជារាល់ឆ្នំាតំាងពី ២ទសវត្សកន្លងមកហើយ៕ដោយ គួច គន្ធារ៉ា (RFI)