គណៈកម្មការជាតិថៃប្រយុទ្ធអំពើពុករលួយនឹងដាក់ពិរុទ្ធសមាជិកសភារាប់រយនាក់
នៅប្រទេសថៃ ថ្ងៃអង្គារនេះ គណៈកម្មការជាតិប្រយុទ្ធអំពើពុករលួយ បានប្រកាសថា នឹងដាក់ពិរុទ្ធសមាជិកសភារាប់រយនាក់ ដែលភាគច្រើនជាអ្នកតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចរបស់លោកស្រី យីងឡាក់។ ពួកគេទាំងនេះជាប់ចោទពីបទប៉ុនប៉ងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ទោះជាបីការព្យាយាមធ្វើកំណែទម្រង់នោះជួបបរាជ័យក្តី។ការប្រកាស ដាក់ពិរុទ្ធប្រឆាំងសមាជិកសភានេះ រឹតតែបន្ថែមទម្ងន់ទៅលើវិបត្តិនយោបាយថៃ ថែមទៀត។
នៅថ្ងៃ អង្គារនេះ សមាជិកសភារាប់រយនាក់ដែលគណៈកម្មការជាតិប្រយុទ្ធអំពើពុករលួយប្រទេស ថៃ ប្រកាសថា នឹងដាក់ពិរុទ្ធនោះ ជាប់ចោទពីបទប៉ុនប៉ងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ទោះជាបីការប៉ុនប៉ងនេះ មិនបានជោគជ័យក៏ដោយ។
គណៈកម្មការ ជាតិថៃប្រយុទ្ធអំពើពុករលួយ ក៏ទទួលបន្ទុកប្រឆាំងការបំពានអំណាចក្នុងប្រទេសផងដែរ។ កន្លងមក គណៈកម្មការ ធ្លាប់បានលើកលែងការចោទប្រកាន់អោយដល់អ្នកនយោបាយថៃ៧៣រូប ក្នុងនោះមានរូបនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ផងដែរ។ ប៉ុន្តែ យោងតាមការស៊ើបអង្កេតបឋមរបស់គណៈកម្មការ សមាជិកសភាទាំងពីររបស់ថៃ ចំនួន៣០៨រូបទៀត បានរំលោភច្បាប់ដោយបានធ្វើការស្នើរឺក៏តាក់តែងខ្លឹមសារច្បាប់ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ការប៉ុនប៉ងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញនេះ អាចនឹងតំរូវអោយការតែងតាំងសមាជិកព្រឹទ្ធសភាគ្រប់រូប សំរេចឡើង តាមរយៈការបោះឆ្នោត។ យោងតាមរដ្ឋធម្មនុញ្ញថៃ សមាជិកព្រឹទ្ធសភាមួយចំនួនតូចត្រូវបានតែងតាំង ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតជាមុននោះទេ។
ប្រសិនបើសមាជិកសភាទាំងនេះ ត្រូវបានជាប់សង្ស័យជាផ្លូវការ សំណុំរឿងរបស់ពួកគេនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា។ ហើយព្រឹទ្ធសភាថៃអាចនឹងហាមឃាត់ពួកគេមិនអោយធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
សកម្មជនគាំទ្ររដ្ឋាភិបាលថៃ ចាត់ទុកសំណុំរឿងទាំងនេះ ថាជាទង្វើរបស់តុលាការដើម្បីកំចាត់គណបក្សកាន់អំណាច គឺគណបក្សភឿថៃនោះ ចេញពីឆាកនយោបាយ។ កន្លងមក ក្នុងដំណោះស្រាយវិបត្តិនយោបាយ លោកស្រីយីងឡាក់ ធ្លាប់សុំអោយមានការបោះឆ្នោតមុនកាលកំណត់ នៅថ្ងៃ២កុម្ភៈ។ ប៉ុន្តែ គណបក្សប្រឆាំងបានប្រកាសធ្វើពហិការមិនចូលរួមការបោះឆ្នោតនោះទេ។
សកម្មជនប្រឆាំងរដ្ឋាភិបាលចង់អោយមានក្រុមប្រឹក្សាប្រជាជនមួយ ធ្វើការជំនួសរដ្ឋាភិបាលថៃ។ ពួកគេប្រកាសថា នឹងបន្តបាតុកម្មរបស់ខ្លួននៅថ្ងៃ១៣មករា ខាងមុខ នៅក្រុងបាងកក ដើម្បីប្រឆាំងរដ្ឋាភិបាល និងទប់ស្កាត់មិនអោយការបោះឆ្នោតក្នុងខែកុម្ភៈ ប្រព្រឹត្តទៅបាន។ បាតុកម្មនៅថៃជាង២ខែមកនេះ បានបណ្តាលអោយមានមនុស្ស ស្លាប់៨នាក់មកហើយ៕ដោយ ព្រំ សឿន សូលីណា (RFI)