គណៈកម្មការអឺរ៉ុបបើកការស៊ើបអង្កេតលើអតិរេកជញ្ជីងពាណិជ្ជកម្មអាល្លឺម៉ង់
នៅថ្ងៃពុធនេះ គណៈកម្មការអឺរ៉ុបបានចាប់បើកនីតិវិធីស៊ើបអង្កេតទៅលើអតិរេកនៃ ជញ្ជីងពាណិជ្ជកម្មរបស់អាល្លឺម៉ង់។ គណៈកម្មការអឺរ៉ុបនឹងសិក្សាអង្កេតពីភាពគ្មានលំនឹងនៃម៉ាក្រូសេដ្ឋកិច្ច អាល្លឺម៉ង់។ អាល្លឺម៉ង់ត្រូវបានគេមើលឃើញថា បានផ្តល់អាទិភាពនាំចេញផលិតផលទៅក្រៅប្រទេសជ្រុលហួសហេតុ និងមិនសូវជាបាននាំផលិតផលពីប្រទេសផ្សេងទៀតនៅអឺរ៉ុប ចូលមកក្នុងទឹកដីខ្លួនឡើយ។
គណៈកម្មការ អឺរ៉ុបបានសំរេចចេញនិតិវិធីមួយ នៅថ្ងៃពុធនេះ ដើម្បីធ្វើការសិក្សាអង្កេតអោយបានស៊ីជំរៅពីភាពគ្មានលំនឹង នៃម៉ាក្រូសេដ្ឋកិច្ចរបស់អាល្លឺម៉ង់។ មូលហេតុគឺថា អាល្លឺម៉ង់បាននាំចេញផលិតផលក្នុងស្រុកទៅបរទេសហួសកម្រិត ហើយថែមទាំងបានដាក់ពិន័យដល់ការនាំចូលផលិតផលបណ្តាប្រទេសផ្សេងៗ នៅអឺរ៉ុប មកក្នុងទឹកដីខ្លួនទៀតផង បែបយ៉ាងផលិតផលមកពីបារាំង អង់គ្លេស រឺក៏អ៊ីតាលីជាដើម។
ជាក់ស្តែង ចាប់ពីឆ្នាំ២០០៧មក ផលិតផលសរុបក្នុងស្រុកអាល្លឺម៉ង់មានដល់ទៅ៦ភាគរយ គឺហួសពីអត្រាកំណត់នៅអឺរ៉ុប។ ហើយគិតជាទឹកប្រាក់ ក្នុងខែកញ្ញាកន្លងទៅ ភាពជ្រុលហួសសេដ្ឋកិច្ចនេះមានប្រមាណជិត១៩ពាន់លានអឺរ៉ូឯណោះ ជាមួយនឹងការកើនឡើង១,៧ភាគរយ នៃផលិតផលក្នុងស្រុកដែលអាល្លឺម៉ង់បាននាំចេញទៅក្រៅប្រទេស។ រីឯការនាំចូលផលិតផលបរទេសមកក្នុងស្រុកវិញ មានការធ្លាក់ចុះ១,៩ភាគរយ។
លទ្ធផលនៃការសិក្សាពីភាពគ្មានលំនឹងនៃម៉ាក្រូសេដ្ឋកិច្ចអាល្លឺម៉ង់ នឹងត្រូវគេបានដឹងនៅកំឡុងដើមឆ្នាំ២០១៤ខាងមុខនេះ។ គណៈកម្មការអឺរ៉ុបសំរេចចេញនិតិវិធីនេះឡើង ចំពេលដែលអាល្លឺម៉ង់កំពុងតែធ្វើការជជែកគ្នាតឹងសរសៃក ស្តីពីគំរូសេដ្ឋកិច្ចជាតិ។ និតិវីធីនេះមិនបានធ្វើអោយអាល្លឺម៉ង់សប្បាយចិត្តនោះទេ។ គណៈកម្មការអឺរ៉ុបបានព្យាយាមបន្ធូរបន្ថយភាពតានតឹង ដោយលើកឡើងថា អាល្លឺម៉ង់ជាម៉ាស៊ីននៃកំណើននៅអឺរ៉ុប ហើយបន្ថែមថា គណៈកម្មការមិនរិះគន់នយោបាយសេដ្ឋកិច្ចអាល្លឺម៉ង់នោះទេ។
គួរបញ្ជាក់ថា ការសិក្សាអង្កេតស្តីពីភាពគ្មានលំនឹងផ្នែកម៉ាក្រូសេដ្ឋកិច្ចអាច នាំអោយអាល្លឺមង់ទទួលទណ្ឌកម្មបាន ប្រសិនបើគណៈកម្មការអឺរ៉ុបរកឃើញថា អាល្លឺម៉ង់ធ្វើជ្រុលហួសហេតុនោះ។ ទោះយ៉ាងនេះក្តី កន្លងមក កម្រមានករណីទណ្ឌកម្មនេះណាស់៕ដោយ ព្រំ សឿន សូលីណា (RFI)