រឿងក្តី​នាវា​អង្គការ​Green Peace​ តុលាការ​នឹង​ចេញ​សេចក្តីសំរេច​ថ្ងៃ​២២ វិច្ឆិកា

នៅថ្ងៃ​ពុធ​​នេះ ​​តុលាការ​អន្តរជាតិ​ទទួលបន្ទុក​ច្បាប់សមុទ្រ បាន​បើក​សវនាការជំនុំ​ជម្រះ​​រឿងក្តី​នាវា​អង្គការ​បរិស្ថាន Green Peace នៅ​ទីស្នាក់ការ​តុលាការ​ ក្នុង​ប្រទេស​អាល្លឺម៉ង់។ រឿងក្តី​នេះ ទាក់ទង​នឹង​ការប្តឹង​​របស់​ប្រទេស​ហូឡង់ ប្រឆាំង​ទៅនឹង​រុស្ស៊ី ដែល​បាន​ស្កាត់ចាប់​នាវា​អង្គការ​ Green Peace កាលពី​ខែ​កញ្ញា និង​បាន​ឃុំខ្លួន​អ្នកនាវា​៣០នាក់។ ភាគី​រុស្ស៊ី​បាន​ធ្វើពហិការ​មិន​ចូលរួម​សវនាការនេះទេ។ តុលាការ​នឹង​ចេញ​សេចក្តីសំរេច​នៅថ្ងៃ​២២វិច្ឆិកា​ខាងមុខ​នេះ។

នៅថ្ងៃ ​ពុធ​​នេះ ​តុលាការ​អន្តរជាតិ​ទទួលបន្ទុក​ច្បាប់សមុទ្រ ​​បាន​បើក​សវនាការ​រឿងក្តី​នាវា​អង្គការ​បរិស្ថាន Green Peace ទាក់ទង​នឹង​ការប្តឹង​​របស់​ប្រទេស​ហូឡង់ ប្រឆាំង​ទៅនឹង​រុស្ស៊ី។ គួររំលឹកថា​ កាលពី​ខែកញ្ញា អាជ្ញាធរ​រុស្ស៊ី​បាន​​ស្កាត់ចាប់​នាវា​ Artic Sunrise របស់​អង្គការ​ Green Peace និង​បាន​ឃុំខ្លួន​អ្នកនាវា​៣០នាក់។

តុលាការ ​នឹង​ចេញ​សេចក្តីសំរេច​លើ​រឿងក្តីនេះ នៅថ្ងៃ​២២វិច្ឆិកា​ខាងមុខ ថា​តើ​ត្រូវ​សំរេច​ទៅតាម​ការ​សុំ​របស់​ភាគី​ប្រទេស​ហូឡង់ ទាមទារ​អោយ​រុស្ស៊ី​ដោះលែង​អ្នកនាវា​ទាំងនោះ​មកវិញ​ រឺ​យ៉ាងណា។ ភាគី​រុស្ស៊ី​គ្មាន​វត្តមាន​ក្នុង​សវនាការ​ថ្ងៃពុធ​នេះទេ។​ រុស្ស៊ី​ធ្លាប់​បាន​ប្រាប់តុលាការ​ និង​​ប្រទេស​ហូឡង់​រួច​មកហើយ​ពី​អវត្តមាន​របស់ខ្លួន។

អ្នកនាវា​ដែល​រុស្ស៊ី​ឃុំខ្លួន​ទាំង​៣០នាក់នោះ ជា​ពលរដ្ឋ​មកពី​១៨ប្រទេស​ផ្សេងគ្នា ក្នុង​នោះ​មាន​ជនជាតិ​ហូឡង់​ពីរនាក់។ កាលពី​ខែកញ្ញា ពួកគេ​បាន​ព្យាយាម​ឡើង​ទៅ​ស្ថានីយ៍​បូមប្រេង​រុស្ស៊ី នៅ​តំបន់​អាក់ទិច ដើម្បី​បរិហារ​អំពី​ការ​បំពុល​បរិស្ថាន​នៅទីនោះ។ ដើមឡើយ​ រុស្ស៊ី​ចោទពួកគេ​ថា បាន​ធ្វើការ​ប្លន់ជាក្រុម ដែល​អាច​មានទោស​ជាប់​ពន្ធនាគារ​​ដល់​ទៅ​១៥ឆ្នាំ។ ប៉ុន្តែ​ ការចោទប្រកាន់​នេះត្រូវ​បាន​លុបចោលទៅ វិញ។ ឥលូវ​នេះ អ្នកនាវា​ទាំង​៣០នាក់ ជាប់ចោទ​ពី​បទ​​​បង្ក​សកម្មភាព​​បំពាន​លើ​ស្ថានីយ៍​បូមប្រេង​រុស្ស៊ី​ វិញម្តង។ សំរាប់​រុស្ស៊ី សកម្មភាព​ប្រឆាំង​នឹង​ស្ថានីយ៍​បូមប្រេង​​ គឺ​ជា​ការគំរាមកំហែង​សន្តិសុខ​ដល់រុស្ស៊ី។ ការចោទ​ប្រកាន់​នេះ អាច​អោយ​អ្នកនាវា​ទាំង​៣០នាក់​របស់អង្គការ​ Green Peace ជាប់ពន្ធនាគារ​៧ឆ្នាំ។

ប្រទេស​​ហូឡង់​យល់ថា ការ​ដែល​រុស្ស៊ីស្កាត់​​ចាប់​នាវា​​ដោយ​មិនបាន​សុំ​ការអនុញ្ញាត​​​ពីប្រទេស​ ​ហូឡង់ ដែល​ជា​រដ្ឋ​ម្ចាស់ទង់ជាតិ គឺ​ជា​ទង្វើ​ខុសច្បាប់​អន្តរជាតិ។ យោងតាម​នាយក​អង្គការ​បរិស្ថាន​ Green Peace នៅពេល​កើតហេតុការណ៍​នោះ នាវា​​របស់​អង្គការ​កំពុង​ស្ថិត​ក្នុង​​ដែនទឹក​អន្តរជាតិ។ ដូច្នេះ រុស្ស៊ី​គ្មានសិទ្ធិ​ស្កាត់ចាប់​នាវា​នោះទេ លើកលែង​តែថា នាវា​នោះ​​​ធ្វើការ​នេសាទ​ខុសច្បាប់។ អង្គការ Green Peace គិតថា មានហេតុផល​គ្រប់គ្រាន់​ដើម្បី​អោយ​រុស្ស៊ី​ដោះលែង​អ្នកនាវា​ទាំងនោះ​ ជាបន្ទាន់មកវិញ។

គួរបញ្ជាក់ថា ទាក់ទង​ជម្លោះ​ដែនទឹក​នេះ អនុសញ្ញា​ស្តី​ពី​សេរីភាព​នៃ​ការ​បើកបរ​ក្នុង​ដែន​សមុទ្រ​ ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៨២។ ​រុស្ស៊ី​និង​ហូឡង់​បានចុះ​ហត្ថលេខា​លើ​អនុសញ្ញា​នេះ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close