ចិន និងឥណ្ឌាចុះកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយជម្លោះព្រំដែន
នៅថ្ងៃ ពុធទី ២៣ តុលា ចិន និងឥណ្ឌាចុះហត្ថលេខា រួមគ្នា លើកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការការពារព្រំដែន រវាងប្រទេសទាំងពីរ។ ចិន និងឥណ្ឌាសង្ឃឹមថា កិច្ចព្រមព្រៀងថ្មីនេះនឹងជួយកាត់បន្ថយភាពតានតឹងការទូត និងជម្លោះព្រំដែនដែលប្រទេសទាំងពីរមានជាមួយគ្នា តាំងពីកន្លះសតវត្សរ៍មកហើយ។
នៅក្នុងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌាម៉ាន់មូហាន់ ស៊ីញ នៅទីក្រុងប៉េកាំង ចិន និងឥណ្ឌាបានចុះហត្ថលេខាជាមួយគ្នា ចំនួន ៩ ដែលមាននិយាយតាំងពីទំនាក់ទំនងយោធា ដល់សេដ្ឋកិច្ច។ នៅក្នុងនោះ ក៏មានកិច្ចព្រមព្រៀងសំខាន់មួយដែលនិយាយពីសហប្រតិបត្តិការយោធា នៅព្រំដែន រវាងប្រទេសទាំងពីរ។
តាមនាយករដ្ឋមន្រ្តីចិន លោកលី ខឺឈាំង កិច្ចព្រមព្រៀងនឹងចូលរួមជួយថែរក្សាសន្តិភាព និងលំនឹងនៅតំបន់ជាប់ព្រំដែន ចិន និងឥណ្ឌា។ គេមិនបានបង្ហាញខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងយោធាដែលចិន និងឥណ្ឌាបានចុះ នៅថ្ងៃពុធនេះទេ ប៉ុន្តែ កាសែតក្នុងស្រុកឥណ្ឌា ធ្លាប់បានចុះផ្សាយរួចហើយ ថា កិច្ចព្រមព្រៀងនឹងមានរាប់បញ្ចូលផងដែរ វិធានការនានា ដើម្បីធ្វើឲ្យប្រសើរឡើង ការផ្លាស់ប្តូរព័ត៌មានគ្នា ទៅវិញ ទៅមក រវាងកងទ័ពចិន និងឥណ្ឌា។
ប្រទេសទាំងពីរ ជាពិសេស ភាគីឥណ្ឌា សង្ឃឹមថា កិច្ចព្រមព្រៀងលើកនេះ នឹងជួយឲ្យគេជៀសវាងបាននូវឧប្បត្តិហេតុ និងការផ្ទុះអាវុធនៅព្រំដែន ដូចក្នុងហេតុការណ៍ ដែលបានកើតមាន កាលពីខែមេសាកន្លងទៅ។ កាលណោះ ឥណ្ឌាបានចោទកងទ័ពចិនថា បានចូលលុកលុយក្នុងតំបន់ភ្នំហិមាល័យ ដែលឥណ្ឌាទាមទារថា ជាទឹកដីរបស់ខ្លួន។
អស់រយៈពេលជិត ៣០ឆ្នាំមកហើយ ដែលចិន និងឥណ្ឌាខំប្រឹងចរចាគ្នា ដើម្បីដោះស្រាយ និងបន្ធូរបន្ថយភាពតានតឹង នៅព្រំដែនប្រទេសទាំងពីរ។ ប៉ុន្តែ រាល់កិច្ចព្រមព្រៀងដែលចិន និងឥណ្ឌាចុះជាមួយគ្នា មិនបានជួយប្រទេសទាំងពីរជៀសផុតពីការប្រឈមមុខដាក់គ្នាទេ។ កាលពីឆ្នាំ ១៩៦២ កងទ័ពចិនធ្លាប់បានបើកការប្រយុទ្ធទ្រង់ទ្រាយធំមួយ ដោយបានរុលចូលទៅក្នុងទឹកដីឥណ្ឌា ក្នុងតំបន់ភ្នំហិមាល័យ និងបានវាយប្រយុទ្ធយ៉ាងចាស់ដៃទៅលើកងទ័ពឥណ្ឌា ដែលខ្សត់ខ្សោយខាងសព្វាវុធ។ បើទោះជាចិន នៅទីបំផុត បានដកកងទ័ព ទៅកាន់ព្រំដែនបច្ចុប្បន្ន ប៉ុន្តែ រហូតមកដល់ពេលនេះ ចិននៅតែទាមទារទឹកដីមួយផ្នែកធំរបស់រដ្ឋArunachal Pradesh របស់ឥណ្ឌា ថាជាទឹកដីរបស់ខ្លួន។
ក្រៅតែពីបញ្ហាព្រំដែន ចិន និងឥណ្ឌាចង់សហការគ្នាដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម។ តាមលោកនាយករដ្ឋមន្រ្តីចិន ប្រទេសទាំងពីរនឹងអាចរៀបចំការហាត់សមរួមគ្នា នៅភាគនិរតីនៃប្រទេសចិន ដើម្បីពង្រឹងសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបណ្តាញភេរវកម្ម។ រហូតមក ចិនបានទម្លាក់កំហុសទៅលើក្រុមភេរវករចំពោះព្រឹត្តិការណ៍បះបោរ និងសម្លាប់មនុស្សនៅខេត្តស៊ីនជាំង ដែលសំបូររស់នៅដោយប្រជាជនអ៊ុយហ្គួរ។ តាមអាជ្ញាធរចិន ក្រុមភេរវករបានទទួលការហ្វឹកហាត់ នៅទឹកដីប៉ាគីស្ថាន ដែលជាប្រទេសជិតខាងរបស់ឥណ្ឌា៕ដោយ ឈាង បុប្ផា (RFI)