អង្គការសុខភាពពិភពលោក៖ ជំងឺរបេងនៅតែជាបញ្ហាសុខភាពចំបង
នៅថ្ងៃពុធនេះ អង្គការសុខភាពពិភពលោកបានប្រកាសថា ជំងឺរបេងនៅតែជាបញ្ហាសុខភាពចំបងរបស់មនុស្សដដែល។ អង្គការសុខភាពពិភពលោក លើកឡើងថា ថ្វីបើអ្នកជំងឺរបេងមានការថយចុះ ជំងឺរបេងនៅតែស្ថិតក្នុងចំណោមជំងឺ ឆ្លងដែលសម្លាប់មនុស្សច្រើនបំផុតលើពិភពលោក បន្ទាប់ពីជំងឺស៊ីដា។
អង្គការសុខភាពពិភពលោកបានប្រកាស កាលពីថ្ងៃពុធម្សិលមិញថា ថ្វីបើករណីជំងឺរបេងមានការថយ ចុះ ជំងឺរបេងនៅតែស្ថិតក្នុងចំណោមជំងឺ ឆ្លងដែលសម្លាប់មនុស្សច្រើនបំផុតលើពិភពលោក បន្ទាប់ពីជំងឺស៊ីដា។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការ ក្នុងឆ្នាំ២០១២កន្លងទៅ ចំនួនមនុស្សដែលបានរងការ វាយប្រហារដោយបាក់តេរីនៃជំងឺរបេង ក្នុងពិភពលោក មាន៨លាន៦សែននាក់ ក្នុងនោះមនុស្សមួយលានមួយសែននាក់ ក៏មានផ្ទុកមេរោគអេដស៍ផងដែរ។ បើប្រៀបទៅនឹងឆ្នាំ ២០១១ ដែលមានអ្នកជំងឺ៨លាន៧សែននាក់ ចំនួនអ្នកជំងឺរបេងឆ្នាំ២០១២ មានការធ្លាក់ចុះមួយសែននាក់។ ការធ្លាក់ចុះនេះ មានប្រមាណ៤៥ភាគរយ គិតចាប់ពីឆ្នាំ១៩៩០មក។
ករណីជំងឺរបេងនៅអាស៊ីអាគ្នេយ៍យើង មាន២៩ ភាគរយ នៅអាហ្វ្រិក មាន២៧ភាគរយ និងតំបន់ប៉ាស៊ីហ្វិកភាគខាងលិចមាន១៩ភាគរយ។ ធៀបនឹងឆ្នាំ២០១១ ដែលមានអ្នកសា្លប់ដោយជំងឺរបេង១លាន៤សែននាក់ ក្នុងឆ្នាំ២០១២ អ្នកស្លាប់ដោយជំងឺនេះ ថយចុះមកនៅ១លាន៣សែននាក់ ក្នុងនោះ៣២ម៉ឺននាក់ ជាអ្នកផ្ទុកមេរោគអេដស៍។ ឆ្នាំ២០០៣ ជាឆ្នាំដែលមានអ្នកជំងឺរបេងស្លាប់ច្រើនបំផុតក្នុងលោក គឺមានរហូតដល់១លាន៨សែននាក់។
ទោះជាមានការថយចុះនៃអ្នកជំងឺរបេងបែបនេះក្តី អង្គការសុខភាពពិភពលោកនៅតែមានការព្រួយបារម្ភ ព្រោះការថយចុះនេះនៅយឺតយ៉ាវនៅឡើយ។ ជាក់ស្តែង ក្នុងឆ្នាំ២០១២កន្លងទៅ ក្នុងចំណោម ករណីជំងឺ៨លាន៦សែននោះ មានករណីត្រឹមតែ៥លាន៧សែនប៉ុណ្ណោះ ដែលគេបានរកឃើញ។ ដូច្នេះមានន័យ ថា ករណីជិតមួយភាគបី ផ្សេងទៀត មិនទាន់ត្រូវបានគេរកឃើញនោះទេ។
អង្គការសុខភាពពិភពលោកក៏បារម្ភផងដែរ ពីការវិវត្តន៍នៃជំងឺរបេងដែលគេហៅជាអក្សរឡាតាំងថា TB-MR។ វាជាជំងឺធន់នឹងថ្នាំពេទ្យបំផុត ជាក់ស្តែងវាបានធន់នឹងថ្នាំ Isionazide និងថ្នាំ Rifampicine ដែលជាថ្នាំប្រឆាំងរោគរបេងស្តង់ដារ ប្រសិទ្ធភាពខ្ពស់ជាងគេ។ ក្នុងឆ្នាំ២០១២ គេបានរកឃើញជំងឺរបេងប្រភេទ TB-MRនេះ លើមនុស្សប្រមាណ៩ម៉ឺន៤ពាន់នាក់។ បើធៀបនឹងឆ្នាំ២០១១ ចំនួននេះមានការកើនឡើងទ្វេដង៕ដោយ ព្រំ សឿន សូលីណា (RFI)