អាមេរិកនិងវៀតណាមចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិល
នៅថ្ងៃ ព្រហស្បតិ៍នេះ សហរដ្ឋអាមេរិកនិងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងក្របខ័ណ្ឌនុយក្លេអ៊ែរស៊ីវិល ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកអាចលក់ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ ទៅឱ្យវៀតណាម នៅថ្ងៃណាមួយ។ វៀតណាមដែលមានតម្រូវការថាមពលកើនឡើងជាលំដាប់ មានមហិច្ឆតាអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរស៊ីវិលឱ្យបាននៅឆ្នាំ២០២០។
កិច្ចព្រមព្រៀងអាមេរិក-វៀតណាមនេះ គឺជាផ្តល់សំណាងដ៏ច្រើនដល់អ្នកជំនួញទាំងពីរប្រទេស ! នេះជាប្រសាសន៍អបអររបស់លោកប្រមុខការទូតអាមេរិក ចន ឃែរី ទៅកាន់នាយករដ្ឋមន្រ្តីវៀតណាម នាឱកាសជំនួបក្រៅក្របខ័ណ្ឌជំនួបកំពូលអាស៊ីខាងកើតនៅប្រទេសព្រុយណេ។ បើតាមលោក ចន ឃែរី ទីផ្សារថាមពលនុយក្លេអ៊ែរវៀតណាមដែលស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីចិននៅអាស៊ី អាចនឹងមានទំហំដល់ទៅ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០៣០។
សម្រាប់លោកនាយករដ្ឋមន្ត្រីវៀតណាមវិញ បានចាត់ទុកកិច្ចព្រមព្រៀងនេះជាការបង្ហាញអំពីភាពជាដៃគូ សហប្រតិបត្តិការល្អគ្នា ព្រោះប្រទេសទាំងពីរធ្លាប់ជាសត្រូវនឹងគ្នា ទើបផ្សះផ្សាទំនាក់ទំនងធម្មតាឡើងវិញនៅឆ្នាំ១៩៩៥ប៉ុណ្ណោះ។
កិច្ចព្រមព្រៀងនេះនឹងដាក់ជូនសភាអាមេរិកអនុម័តសិន មុននឹងក្រុមហ៊ុនអាមេរិកអាចលុកលុយចូលទីផ្សារថាមពលនុយក្លេអ៊ែរ ឬលក់ដូរសម្ភារៈ ឬប្រតិករនុយក្លេអ៊ែរទៅឱ្យវៀតណាមបាន។ បើតាមអ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិក កិច្ចព្រមព្រៀងនេះ ស្ថិតក្រោមក្របខ័ណ្ឌនុយក្លេអ៊ែរស៊ីវិល គោរពបានទាំងស្រុងការមិនរីកសាយភាយនុយក្លេអ៊ែរ ឬការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម។ វៀតណាមបានតាំងខ្លួនជាសិស្សល្អ ក្នុងនាមជាសមាជិករបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ អាអ៊ីអឺអា ដោយគ្មានឡើយនយោបាយ ឬ មហិច្ឆតាបង្កើតកម្មវិធីនុយក្លេអ៊ែរយោធា។
សភាវៀតណាម បានបើកភ្លើងខៀវឱ្យរដ្ឋាភិបាលស្ថាបនាមជ្ឈមណ្ឌលនុយក្លេអ៊ែរ តាំងពីពីរបីឆ្នាំមុន ព្រោះប្រទេសកុម្មុយនិស្តមួយនេះមានសន្ទុះសេដ្ឋកិច្ចខ្លាំង ត្រូវការថាមពលក៏ច្រើន ! វៀតណាមសង្ឃឹមអាចទាញយកថាមពលដើរដោយនុយក្លេអ៊ែរ បាន ដោយមានយ៉ាងហោចណាស់ប្រតិករមួយនៅឆ្នាំ២០២០៕ដោយ អៀង សុខម៉ិញ (RFI)