អង្គការហាមឃាត់អាវុធគីមី អំពាវនាវឱ្យមានបទឈប់បាញ់មួយរយៈនៅស៊ីរី
នៅថ្ងៃពុធនេះ អង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា អង្គការOIACបានអំពាវនាវអោយមានបទឈប់ បាញ់មួយរយៈនៅស៊ីរី ដើម្បីសំរួលដល់បេសកកម្មការងារក្រុមអ្នកស៊ើបអង្កេត ទទួលបន្ទុកកំទេចអាវុធគីមី នៅស៊ីរី។ នៅស៊ីរី ការប្រឈមមុខឥតស្រាកស្រាន្ត រវាងរដ្ឋាភិបាលនិងក្រុមឧទ្ទាម ធ្វើអោយអ្នកស៊ើបអង្កេតទាំងអស់នោះ ប្រឈមទៅនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
នៅថ្ងៃពុធ ម្សិលមិញនេះ លោក Ahmet Uzumcu ប្រធានទូទៅនៃអង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា អង្គការOIACបានអំពាវនាវ អោយមានបទឈប់បាញ់មួយរយៈកាល នៅក្នុងប្រទេសស៊ីរី ដើម្បីសំរួលដល់បេសកកម្មការងារក្រុមអ្នកស៊ើបអង្កេតខ្លួន ដែលទទួលបន្ទុកកំទេចអាវុធគីមី នៅទីនោះ។ ប្រធានអង្គការOIAC បានអំពាវនាវបែបនេះ នៅចំពោះមុខអ្នកសារព័ត៌មាននានា នៅទីក្រុងឡាអេ ដែលជាទីតាំងការិយាល័យរបស់អង្គការ។
អង្គការ ហាមឃាត់អាវុធគីមី ចង់អោយអ្នកជំនាញទាំងនោះ ចៀសផុតពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយការប្រយុទ្ធគ្នា រវាងកងទ័ពស៊ីរី និងក្រុមឧទ្ទាម។ អង្គការOIACមានកាតព្វកិច្ចកំទេចអាវុធគីមី ព្រមទាំងទីតាំងពាក់ព័ន្ធអាវុធគីមីរបស់រដ្ឋាភិបាលស៊ីរី អោយបានចប់សព្វគ្រប់ នៅថ្ងៃ៣០មិថុនា ឆ្នាំ២០១៤។ គួររំលឹកថា អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសំរេចលេខ២១១៨ ស្របតាមកិច្ចព្រមព្រៀងរុស្ស៊ី-អាមេរិក ស្តីពីការកំទេចអាវុធគីមីនៅស៊ីរី បន្ទាប់ពីមានការវាយប្រហារដោយអាវុធគីមី កាលពីថ្ងៃ២១សីហា សំលាប់ជនស៊ីវិល នៅស៊ីរីមក។
ប្រក្រតិទិននៃប្រតិបត្តិការកំទេចអាវុធគីមីនេះ ហាក់ផ្តល់ពេលវេលាតិចតួចណាស់ដល់អ្នកជំនាញការងារ។ ប៉ុន្តែ អង្គការហាមឃាត់អាវុធគីមីOIACគិតថា គំរោងកំទេចទីតាំងផលិតអាវុធគីមី អោយបានរួចរាល់ថ្ងៃ១វិច្ឆិកាខាងមុខនេះ គឺអាចធ្វើទៅបាន។ ដូច្នេះហើយទើបអង្គការអំពាវនាវអោយគ្រប់ភាគីស៊ីរី សហការគ្នា។
អង្គការOIAC បានចាប់បំពេញបេសកកម្មខ្លួន នៅស៊ីរី នៅថ្ងៃ១តុលា ហើយបានទទួលការសហការខ្ពស់ពីអាជ្ញាធរស៊ីរី។ អ្នកស៊ើបអង្កេតបានចុះទៅត្រួតពិនិត្យទីតាំងអាវុធគីមីមួយកន្លែង រួចមកហើយ ហើយ នៅថ្ងៃពុធម្សិលមិញនេះ ពួកគេក៏នឹងត្រូវពិនិត្យទីតាំងមួយផ្សេងទៀតដែរ។ អង្គការហាមឃាត់អាវុធគីមីOIAC នឹងពិនិត្យទីតាំង២០កន្លែងទៀត នៅសប្តាហ៍ក្រោយៗនេះ។
នៅស៊ីរីបច្ចុប្បន្ននេះ មានអ្នកជំនាញ អង្គការOIAC១៩នាក់ និងអ្នកជំនាញអង្គការសហប្រជាជាតិ ១៦នាក់ កំពុងបំពេញបេសកកម្មនៅទីនោះ។ ពួកគេបានចាប់ផ្តើមកំទេចទីតាំងផលិតអាវុធគីមីជាបណ្តើរៗហើយ។ អ្នកជំនាញ១២នាក់ទៀត កំពុងតែចុះទៅក្រុងដាម៉ាស ដើម្បីបំពេញបេសកម្មរបស់ពួកគេ៕ដោយ ព្រំ សឿន សូលីណា (RFI)