វិទ្យាស្ថាន​​អាមេរិក៖​កូរ៉េខាងជើង​​ប្រហែល​ជា​បាន​​ដាក់ឲ្យ​​ដំណើរការ​​នូវ​​ម៉ាស៊ីន​ប្រតិករ​​នុយក្លេអ៊ែរ​

របប​កូរ៉េខាងជើង​ប្រហែល​ជា​បាន​ដាក់​ឲ្យ​ ដំណើរការ​នូវ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​មជ្ឈ មណ្ឌល​ នុយក្លេអ៊ែរ Yongbyon ដែល​ជា​ទីកន្លែង​ផលិត​សារធាតុ​ភ្លុយតូញ៉ូម នេះ​ជា​ការ​បញ្ជាក់​របស់​វិទ្យា ស្ថាន​អាមេរិក កូរ៉េ​នៃ​សាកលវិទ្យាល័យ Johns-Hopkins ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ យោង​តាម​វិទ្យាស្ថាន​អាមេរិកំាង​ដដែល នេះ​ជា​ទង្វើ​មួយ​ដែល​នឹង​អាច​អនុញ្ញាត​ឲ្យ​កូរ៉េខាងជើង​អាច​ពន្លឿន​ កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ភាព ​មន្ទិលសង្ស័យ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សំអាង​លើ​រូបភាព​ថត​ដោយ​ ផ្កាយរណប​កាល​ពី​ថ្ងៃទី៣១ សីហា​កន្លង​ទៅ។ រូបភាព​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ផ្សែងចំហាយ​ព័ណ៌ស ​ចេញ​ពី​ អាគារ​មួយ​ដែល​មាន​តម្កល់​ម៉ាស៊ីនប្រតិករ​មួយ​កម្លំាង ៥មេហ្កាវ៉ាត់​នៅ​ខាង​ក្នុង​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Yongbyon។ គឺ​តាម​រយៈ​រូបភាព​ថត​ដោយ​ផ្កាយរណប​នោះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​វិទ្យាស្ថាន​ អាមេរិក កូរ៉េ​នៃ​សាកលវិទ្យាល័យ Johns-Hopkins ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ទាញ​សេចក្តី​សន្និដ្ឋាន​ ថា របប​ក្រុង​ព្យុងយ៉ាង​ប្រហែល​ជា​បាន​និង​កំពុង​ដាក់​ឲ្យ​ដំណើរការ​ ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​របស់​ខ្លួន។

យោង ​តាម​វិទ្យាស្ថាន​អាមេរិកំាង​ដដែល ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នោះ​អាច​ផលិត​បាន​សារធាតុ​ភ្លុយតូញ៉ូម​ចំនួន ៦គីឡូក្រាម​ក្នុង​មួយ​ឆ្នំា និង​ដែល​រដ្ឋអំណាច​កូរ៉េខាងជើង​អាច​យក​វា​ទៅ​ប្រើ​ក្នុង​ការ​បង្កើន​បន្តិច​ ម្តងៗ​នូវ​ទំហំ​ក្បាល​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន។ ខណៈ​នេះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ចំពោះ​ ការ​លើក​ឡើង​របស់​វិទ្យាស្ថាន​អាមេរិកំាង​នោះ​ទេ។

កាល​ពី​ខែ​មេសា​កន្លង​ទៅ កូរ៉េខាងជើង​ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ដាក់​ឲ្យ​ដំណើរការ​ ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែល​បាន​ផ្អាក​ដំណើរការ​កាល​ពី​ ឆ្នំា ២០០៧ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​អន្តរ ជាតិគំាទ្រ​ដោយ​សហរដ្ឋអាមេរិក។

អ្វី​ជា​ការ​កត់សម្គាល់ ការ​លើកឡើង​របស់​វិទ្យាស្ថាន​អាមេរិក​ពេល​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​ភាព​តានតឹង​រវាង​របបក្រុង​ព្យុងយ៉ាង និង​សហគមន៍​អន្តរជាតិ​បាន​ស្គាល់​ភាព​ធូរស្រាល​មួយ​កម្រិត បន្ទាប់​ពី​បាន​ឡើង​តានតឹង​ដល់​កំពូល​នៅ​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក ​ទី៣​របស់​កូរ៉េខាងជើង​កាល​ពី​ខែ​កុម្ភៈ បន្ត​ដោយ​ការ​គំរាមវាយប្រហារ​សហរដ្ឋអាមេរិក។

យ៉ាង​ណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ ក្រុមអ្នកឯកទេស​លោកខាងលិច​នៅ​តែ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា តើ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើកទី៣​របស់​កូរ៉េខាងជើង​ពេល​នោះ មាន​ផ្ទុក​ដោយ​សារធាតុ​ភ្លុយតូញ៉ូម ឬមួយ​ក៏​អ៊ុយរ៉ាញ៉ូម​ដូច​ការ​សាកល្បង​កាល​ពី​ឆ្នំា ២០០៦ និង​២០០៩ ឬ​អត់​ទេ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close