រដ្ឋាភិបាល​សុខចិត្ត​ចំណាយ​លុយ​ដើម្បី​បញ្ជៀស​បាតុកម្ម​ជាថ្មី​របស់​អ្នកផលិត​ជ័រ​កៅស៊ូ

នៅទីបំផុត​ទៅ សហគមន៍​អ្នកផលិត​ជ័រកៅស៊ូ​ថៃ​បាន​យល់ព្រម​តាម​សំណើ​របស់​រាជរដ្ឋាភិបាល​ថៃ ដែល​បាន​សម្រេច កាលពី​ថ្ងៃ​អង្គារ យល់ព្រម​ផ្គត់ផ្គង់​ថវិកា​ដល់​អ្នកផលិតជ័រ​កៅស៊ូ។ ការយល់​ព្រមព្រៀង​គ្នា​រវាង​រាជរដ្ឋាភិបាល និង​សហគមន៍​អ្នកផលិត​ជ័រ​កៅស៊ូ​ធ្វើ​ឲ្យ​គេ​ជៀសផុត​ពី​បាតុកម្ម​តវ៉ា​ជាថ្មី ​របស់​អ្នកផលិតជ័រកៅស៊ូ​ថៃ ដែល​គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ចុងសប្តាហ៍នេះ។

តាមអ្នកនាំពាក្យ ​របស់​អនុរដ្ឋមន្រ្តី​ថៃ សុនីសា លឺតប៉ាកាវ៉ាត រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​កញ្ចប់​ថវិកា​ប្រមាណ​៦៦០​លាន​ដុល្លារ​ដើម្បី​ ជួយ​ផ្គត់ផ្គង់​វិស័យ​ផលិត​ជ័រ​កៅស៊ូ។ ថវិកា​ជំនួយ​ធ្វើឡើង​ក្នុង​រូបភាព​ដំឡើង​ថ្លៃ​ទ្វេ​សម្រាប់​អាជីវកម្ម​ផលិត​ ជ័រកៅស៊ូ។ ការសម្រេច​នេះ​ធ្វើឡើង នៅមុន​គម្រោង​បាតុកម្ម​ជាថ្មី​របស់​សហគមន៍​អ្នកផលិត​ជ័រកៅស៊ូ នៅ​ចុងសប្តាហ៍នេះ។ បាតុកម្ម​ដែល​រាជរដ្ឋាភិបាល​ថៃ​វាយតម្លៃ​ថា នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ថៃ។

ប្រទេស​ថៃ​ជាប់ឈ្មោះ​ជា​ប្រទេស​ធំមួយ នៅក្នុង​ពិភពលោក ក្នុង​ការនាំចេញ​ជ័រ​កៅស៊ូ​ធម្មជាតិ។ ប៉ុន្តែ តម្លៃ​ធ្លាក់​ថ្លៃ​របស់​ជ័រកៅស៊ូ ចាប់តាំង​ពី​ឆ្នាំ ២០១១​បាន​ធ្វើ​ឲ្យ​ក្រុមអ្នកផលិត​ជ័រកៅស៊ូ​ថៃ ក្នុង​ខេត្ត​ចំនួន​១៥ ក្តៅក្រហាយ និង​ធ្វើ​បាតុកម្ម ចាប់តាំង​ពី បី​សប្តាហ៍​មកហើយ។ ពួកគេ​បាន​បិទផ្លូវ រារាំង​ចរាចរណ៍​រទេះភ្លើង និង​បាន​ចូលបិទ​អាកាសយានដ្ឋាន​នៅ​ខេត្ត​ភាគខាងត្បូង​មួយ​រយៈ។

កាសម្រេច​ផ្តល់ជំនួយ​ជាង​៦០០​លាន​ដុល្លារ បាន​ធ្វើ​ឲ្យ​សហគមន៍​អ្នកផលិត​ជ័រកៅស៊ូ​ក្នុង​ខេត្ត​ទាំង​១៥​យល់ ព្រម​ផ្អាក មិន​ធ្វើ​បាតុកម្ម​ដែល​ពួកគេ​បាន​គ្រោង​ថា នឹង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ។ ពួកគេ​តឿន​រំលឹក​ផងដែរ​ដល់​រដ្ឋាភិបាល​ឲ្យ​ប្រញាប់​ប្រគល់​ថវិកា និង​បញ្ជូន​អ្នកតំណាង​ទៅ​ភាគខាងត្បូង​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ជា​ ផ្លូវការ​មួយ ដែល​យ៉ាងយូរ​បំផុត​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍នេះ។

សូម​រំលឹកថា កាលពី​សប្តាហ៍មុន ក្រុមប្រជាជន​ដែល​ពោរពេញ​ដោយ​កំហឹង​ក្នុង​ខ្លួន បាន​វាយតបត រហូត​ធ្វើ​ឲ្យ​ប៉ូលិស​ថៃ​របួសជាង១០ នាក់ និង​ក្រោយមក​មេដឹកនាំ​បាតុករ ១១​នាក់​ត្រូវ​បាន​ចាប់ខ្លួន។ កសិករ​ផលិតជ័រ​កៅស៊ូ​មាន​ក្តីក្រេវក្រោធ​ដែល​រដ្ឋាភិបាល​ព្រងើយ​កន្តើយ​លើ​ អាជីវកម្ម​ជ័រកៅស៊ូ។ ពួកគេ​បាន​ចោទ​រាជរដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ថា បាន​យកចិត្ត​ទុកដាក់​តែ​ទៅលើ​អ្នកផលិត​ស្រូវ​អង្ករ ដោយ​បាន​ធ្វើ​នយោបាយ​ទិញអង្ករ​ក្នុង​តម្លៃខ្ពស់​ពី​ប្រជាកសិករ ដែល​តាមពិត​ជាអ្នកគាំទ្រ​គណបក្ស​កាន់អំណាច៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close