រដ្ឋាភិបាលជប៉ុននឹងប្រើថវិកា៣៦០លានអឺរ៉ូ ដោះស្រាយបញ្ហាFukushima
នៅថ្ងៃ អង្គារម្សិលមិញនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសថា នឹងចំណាយថវិកា៣៦០លានអឺរ៉ូ ដើម្បីដោះស្រាយបញ្ហាទឹកដែលមានធាតុវិទ្យុសកម្ម នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ Fukushima។ គួររំលឹកថា ទឹកប៉ះពាល់ដោយធាតុវិទ្យុសកម្មចំណុះប្រមាណ៤សែនតោន កំពុងជាប់គាំងនៅមជ្ឈមណ្ឌល។ ម្សិលមិញនេះដែរ ជប៉ុនបានបង្ហាញពីគោលបំណងបន្សាបធាតុវិទ្យុសកម្មក្នុងទឹកទាំងនេះ រួចបង្ហូរវាចោលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
នៅថ្ងៃ អង្គារម្សិលមិញ រដ្ឋាភិបាលជប៉ុនប្រកាសចាយវាយថវិកា ៣៦០លានអឺរ៉ូ ទប់ស្កាត់បញ្ហាធាតុវិទ្យុសកម្មនៅ Fukushima។ ការប្រកាសនេះធ្វើឡើងតែ៤ថ្ងៃប៉ុណ្ណោះ មុននឹងគណៈកម្មាធិការអន្តរជាតិកីឡាអូឡាំពិក ប្រកាសលទ្ធផលជ្រើសរើសយកប្រទេសដែលត្រូវរៀបចំការប្រកួត កីឡាអូឡាំពិកឆ្នាំ២០២០។ ក្រុងតូក្យូ ដែលស្ថិតនៅតែ២៣០គ.ម ពីមជ្ឈមណ្ឌលហ្វ៊ូគូស្ហ៊ីម៉ានោះ ជាគូប្រជែងជាមួយក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ និងក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី។ រដ្ឋាភិបាលជប៉ុនប្រហែលជាចង់បន្ថយការពុះកញ្ជ្រោលនៃសារព័ត៌មាន អន្តរជាតិ មុនការសំរេចជ្រើសរើសរបស់គណៈកម្មាធិការកីឡាអូឡាំពិក។
ដោយឡែក ពីរភាគនៃថវិកា ៣៦០លានអឺរ៉ូ ដែលរដ្ឋាភិបាលនឹងចាយវាយនេះ នឹងយកទៅប្រើក្នុងប្រតិបត្តិការបង្កកដី នៅជុំវិញម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ។ ការបង្កកដីនេះ នឹងជួយទប់ស្កាត់ទឹកដែលមានធាតុវិទ្យុសកម្ម ដែលកំពុងនៅជាប់គាំងនៅក្រោមដីនៃមជ្ឈមណ្ឌលហ្វ៊ូគូស្ហ៊ីម៉ា មិនអោយហូរចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ថវិកានៅសេសសល់ នឹងយកទៅកែលំអប្រព័ន្ធសំអាតទឹក។
គួររំលឹកថា ទឹកមានជាតិពុលចំណុះ៤សែនតោន បានលេចចេញនៅក្រោមដីនៅមជ្ឈមណ្ឌល ហើយត្រូវបានយកស្តុកទុកក្នុងអាងទឹកប្រមាណជាមួយពាន់។ មួយភាគនៃបរិមាណទឹកនេះ ហូរចូលទៅសមុទ្ររាល់ថ្ងៃ ដោយសារតែជប៉ុនខ្វះខាតមធ្យោបាយទប់ទឹក។ លើសពីនេះ ជារៀងរាល់ថ្ងៃ នៅតែមានទឹកមានធាតុវិទ្យុសកម្មលេចចេញមកនៅហ្វ៊ូគូស្ហ៊ីម៉ា ដោយសារសកម្មភាពធ្វើអោយមានភាពត្រជាក់ដល់ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ នានា។
រដ្ឋាភិបាលជប៉ុនលែងចង់អោយក្រុមហ៊ុនថាមពលអគ្គិសនីជប៉ុនតេបកូ ចាត់ចែងបញ្ហាមជ្ឈមណ្ឌលហ្វ៊ូគូ ស្ហ៊ីម៉ា តែឯកឯងទៀតហើយ។ រដ្ឋាភិបាលសំរេចចិត្តលូកដៃចូលជាមួយក្រុមហ៊ុន ដើម្បីធ្វើការងារអោយមានប្រសិទ្ធភាព៕ដោយ ព្រំ សឿន សូលីណា(RFI)