បុរស​ស្រឡាញ់​បុរស​និង​ការរើសអើងនាំឲ្យ​​មានបញ្ហាសុខភាពបន្តពូជ

ដោយ​ សុវណ្ណវត្តី

គំនូរបង្ហាញពីការរើសអើងរបស់ឪពុកម្តាយចំពញោះកូនដែលជាបុរសស្រឡាញ់បុរស។ (រូបគំនូររបស់Pact)
គំនូរបង្ហាញពីការរើសអើងរបស់ឪពុកម្តាយចំពញោះកូនដែលជា បុរសស្រឡាញ់បុរស។ (រូបគំនូររបស់Pact)

នៅ​​ក្នុងបទដ្ឋាន​​សង្គម​​​កម្ពុជា ប្រជាជនភាគច្រើន​​នៅ​មានអារម្មណ៍​​​មាក់ងាយ​និង​ការ​​រើស​អើង​​ដល់ “​​​បុរស​ស្រឡាញ់​បុរស” ​ដែល​ពួក​គាត់​តែងតែហៅ​​ថា ពួក “​ខ្ទើយ” ​នោះ។

មន្រ្តី​ជំនាញ​ការងារ​​បុរស​ស្រឡាញ់​បុរសបាន​និយាយថា​ នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​​ បុរស​ស្រឡាញ់​​មាន​ពីរ​ក្រុមធំៗ គឺក្រុម​សក់វែង (ឬហៅ​ថា ក្រុមស្រីស្រស់ ដែលជា​ក្រុមមនុស្ស​​ប្រុស​តែង​ខ្លួន​ជា​ស្រី​យក​​បុរស​​គ្នាឯង​​ធ្វើ​ជាប្តី) និង​ក្រុម​សក់​ខ្លី ខណៈ​ដែល​ក្រុម​សក់​ខ្លី​​នេះ មានខ្លះ​ចេញ​មុខ​ខ្លះ​ក៏​លាក់មុខ។   
លោក ជួប សុខ​​ចំរើន នាយក​រង​​ទទួលបន្ទុក​ប្រតិបត្តិការ​ទូទៅ​របស់​អង្គការខាណា​បាន​និយាយ​​​ថា ​​បុរស​​ស្រឡាញ់​បុរស​ខ្លះ ពិសេស​ក្រុម​សក់ខ្លី​អាច​រួម​ភេទ​បាន​ទាំងជាមួយ​​បុរស​​និ​ង​ជាមួយ​ស្រ្តី ហើយ​​ ​​ពួកគេ​ខ្លះ​ទៀត​នៅតែ​​យល់​​ខុស​ទាំងស្រុង​​ថា ការ​រួម​ភេទ​ជា​មួយ​បុរស​ដូច​​​គ្នា​​មិន​​មាន​​ឆ្លង​​មេរោគ​អេដស៍​​ឡើយ។
របាយការណ៍របស់​​​មជ្ឈមណ្ឌល​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺអេដស៍ សើស្បែក និង​កាមរោគ​នៃ​​​​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា អត្រា​ប្រវ៉ាឡង់​នៃ​ការ​ឆ្លង​មេរោគអេដស៍​នៅ​ក្នុង​​ចំណោម​បុរស​​​ស្រឡាញ់​បុរស​​​​មាន ២,១% និង​ក្រុម​ស្រីស្រស់​មាន​ ៩,៨%។ នេះ​ជា​​​​អត្រា​មួយ​​មាន​​​កម្រិត​​ខ្ពស់​​ ដែល​តម្រូវ​ឲ្យ​ស្ថាប័ន​​​​ជំនាញ​ពាក់ព័ន្ធ​​​​ទាំង​អស់​នៅ​​ថ្នាក់​ជាតិ​និង​​​​នៅថ្នាក់ក្រោម​ជាតិ​យកចិត្ត​ទុកដាក់ខ្ពស់។
ដោយ​​សារ​តែ​​សង្គម និង​ផ្នត់​គំនិតជាទូទៅ​​​របស់​ប្រជា​ជន​កម្ពុជានៅ​មិនទាន់ទទួល​​ស្គាល់​ថា  បុរស​​​ស្រឡាញ់បុរស ​ដូច​ពលរដ្ឋ​ដទៃ នោះ​នាំឲ្យ​ពួកគេ​ស្ថិត​នៅក្នុង​សភាព​​ឯកោ ហើយ​ប្រឈម​នឹង​ការ​មាក់ងាយ​និង​ការ​រើសអើង​​ទាំង​នៅ​ក្នុង​គ្រួសារ​និង​នៅ​ក្នុង​សង្គម។ បើ​តាម​ការ​អង្កេត​ទូទៅ ការ​មាក់​ងាយ​និង​ការ​​រើស​អើងដល់បុរស​​ស្រឡាញ់​បុរស​​​នេះត្រូវ​បាន​គេ​មើ​ឃើញថា ​​​បាន​កើត​មាន​នៅស្ទើរ​គ្រប់​ទី​កន្លែង ដូច​ជា​នៅតាម​ផ្ទះ សាលារៀន សហគមន៍ កន្លែង​ធ្វើ​ការ មន្ទីរ​ពេទ្យ ភោជនីយដ្ឋាន ទីផ្សារ និង​ទីសាធារណៈ ហើយ​សូម្បី​តែ​​នៅ​​ទី​អារាម​ក៏មាន ដោយ​សារតែ​ការ​ស្លៀកពាក់ ការ​និយាយ​ស្តី និង​អកប្ប​កិរិ​យា​​​រ​បស់​ពួកគេ​។​
ការ​រើសអើង​នៅ​ឯ​ផ្ទះ​របស់​ខ្លួន​ពី​សំណាក់​សមាជិក​គ្រួសា​ពិត​ជា​មាន​ការ​ឈឺចាប់​បំផុត​សម្រាប់​​​បុរស​ស្រឡាញ់​បុរស ហើយពួកគេ​ខ្លះ​ត្រូវ​បានសមាជិក​​គ្រួសារ​បណ្តេញ​ចេញ​ពីផ្ទះ និងរស់​នៅ​ឯកោ។ នៅ​ឯ​ខាង​ក្រៅ​ផ្ទះ ពួកគេ​​ត្រូវ​បាន​មិត្តភក្កិចំអកឡកលើយ​នៅឯសាលារៀន មិន​ត្រូវបានគេ​យក​ចិត្ត​ទុក​ដាក់​​នៅឯ​​មណ្ឌលសុខភាព ត្រូវ​បាននគរបាល​ធ្វើ​ទុក្ខបុក​ម្នេញ ហើយ​​ពេល​ខ្លះទៀត ​មិន​ត្រូវ​បាន​គេ​អនុញាតិ​ឲ្យ​​ចូល​​ក្នុង​ក្រុម​ការងារ​សង្គមទៀតផង ខណៈ​​ដែល​បុរសស្រឡាញ់​បុរស​ខ្លះ​ក៏​រើសអើង​បុរស​ស្រឡាញ់​​បុរស​គ្នាឯងដែរ​។
​លោក ជួប សុខ​​ចំរើន បាន​លើក​ឡើង​ថា ដោយ​សារតែ​ការ​មាក់ងាយ​ ​ការ​រើសអើង និង​ការ​ដាក់​ដល់​​ក្រុម​​បុរសស្រឡាញ់​បរុស ហើយ​ដាក់​ពួកគេ​ឲ្យ​​​នៅ​ឯកោ​នៅក្នុង​សង្គម នោះ​នាំ​ឲ្យ​ពួកគេ​​លាក់មុខ​ខ្មាស់​អៀន​ ដោយ​មិន​ហ៊ាន​ចេញ​ទៅ​ទទួល​​ការ​អប់រំ​​ស្តីពី​សុខភាព​បន្តពូជ និង​សុខ​ភាព​ផ្លូវ​ភេទ​​ទាក់ទិន​នឹង​​បុរស​​ស្រឡាញ់​បុរស​ឡើយ ដែល​ប្រការនេះ​នាំ​ឲ្យ​ពួក​គេអាច​ប្រឈម​នឹង​បញ្ហា​សុខភាព ដូច​ជា​​ជំងឺ​អេដស៍ កាម​រោគ និង​ជំងឺ​ផ្សេងៗ​​ទៀត។
​លោក សុខ​​​ចំរើន បាន​បញ្ជាក់ថា ដោយមើលឃើញ​​ពី​ការ​ប្រឈម​មុខខ្ពស់បែប​នេះ ទើប​សហ​គមន៍​​​ផ្តល់​ជំនួយ ពិសេស​ទីភ្នាក់​ងារ​ USAID បាន​ជួយ​កាំទ្រក្នុង​ការ​ទប់​ស្កាត់​ការ​មាក់​ងាយ​និង​ការ​រើស​អើង​​ដល់​ក្រុម​គោល​ដៅ​នេះ ហើយធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​សេវា​អបរំ សេវា​សុខភាព និង​សេវា​សង្គម​​ផ្សេងៗ​បាន​ស្មើៗគ្នា​ដូច​ព​ល​រដ្ឋទូទៅដែរ ព្រោះ​​នេះ​ជា​សិទ្ធិមនុស្ស ដោយសកម្ម​ភាព​ទាំង​នេះ​គឺ​ស្រប​​ទៅ​នឹង​គោល​នយោបាយ​​នៃ​​រដ្ឋា​ភិបាល​របស់​​​លោក​ បារ៉ាក់ អូបាម៉ា។
ទន្ទឹម​នឹង​ការ​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ការ​មាក់​ងាយ​និង​ការ​រើស​អើង​ដល់​​បុរស​​ស្រឡាញ់​បុរស​ទាំង​ក្រុម​​សក់​វែង និង​ក្រុម​សក់​ខ្លី លោក សុខ​​ចំរើន បានទទូច​​ដល់​ក្រុម​នេះ​​មាន​សេចក្តីក្លាហាន​ហ៊ាន​ចេញ​មុខ ​​មក​​ទទួល​​សេវា​​សុខភាព និង​សេវាសង្គម​ផ្សេងៗទៀត ហើយ​​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រយោជន៍​ដល់​​សង្គម​គ្រួសារ និង​​សង្គម​​ជាតិ​ទាំង​មូល។  អត្ថបទ​នេះ​​ផលិត​ឡើង​​ក្រោម​ជំនួយ​សប្បុរ​ស​ធម៌​​ពី​ប្រជា​ជន​អាមេរិក​​ តាមរយៈ USAID។ រាល់​ខ្លឹម​សារ​​ដែល​មាន​​ក្នុង​អត្ថបទនេះ​គឺជា​ការ​ទទួល​​ខុស​​ត្រូវ​​របស់ ​អង្គការ​​ខាណា និង​មិន​បាន​ឆ្លុះបញ្ចាំង​​ទស្សនៈ​របស់​ USAID ឬ​​រដ្ឋាភិបាល​អា​មេ​រិក​​ឡើយ៕ 

Related Articles

Back to top button
Close
Close