ការឈឺចាប់និងការអត់ទ្រាំរបស់ស្រ្តីបម្រើការនៅហាងរាត្រីចំពោះការប្រមាថពីស្រ្តីមានស្វាមី
ដោយ សុវណ្ណវត្តី
“បើបងជាខ្ញុំ តើបងធ្វើយ៉ាងណា? បងមានប្តី មានយសស័ក្តិ និងមានលុយ។ ចំណែកខ្ញុំជាស្រីក្រីក្រ ជាកូនកសិករ និងគ្មានចំណេះដឹង” នេះជាសំដីរំលឹកឡើងវិញទៅកាន់ស្រ្តីអ្នកជិតខាងរបស់ស្រ្តីវ័យក្មេងម្នាក់ដែលធ្វើការនៅហាងបៀរហ្គាឌិនមួយក្នុងរាជធានីភ្នំពេញ។
ក្នុងវ័យ ២៥ ឆ្នាំ នាងធី មានកូនប្រុសមួយអាយុបាន ៨ ឆ្នាំ និងជាស្រ្តីមេម៉ាយតាំងពីអាយុបាន ១៩ ឆ្នាំមកម្លេះគឺនៅឆ្នាំ ២០០៧។ បន្ទាប់ពីបែកបាក់ពីប្តីនាឆ្នាំនោះមក នាងធី បានខិតខំតស៊ូក្នុងជីវិតដើម្បីចញ្ចឹមខ្លួននិងកូនប្រុស ព្រមទាំងប្អូនៗប្រុសស្រីចំនួនបួននាក់ទៀត ដោយនាងបានរំលឹកថា “ដោយសារតែគ្រួសារខ្ញុំក្រពេក ទើបប្តីរបស់ខ្ញុំជឿតាមម្តាយរបស់គាត់ឲ្យលេងខ្ញុំ”។
នាងធី មានភូមិកំណើតនៅស្រុកមេមត់ខេត្តកំពង់ចាម។ បន្ទាប់ពីក្លាយជាស្រ្តមេម៉ាយទាំងវ័យក្មេង នាងក៏បានចាកចេញពីស្រុកកំណើតចោលកូន ម្តាយនិងប្អូនៗទាំងបួននាក់មករាជធានី ដើម្បីស្វែងរកការងារធ្វើ។
ដោយគ្មានចំណេះដឹង និងបំណិនជីវិត នាងធី ត្រូវបានម្តាយមីងនាំឲ្យទៅធ្វើជានារីអូតេស (នារីអង្គុយកំដរភ្ញៀវ) នៅក្នុងភោជនីដ្ឋានបៀរហ្គាឌិនមួយ។ ឆ្លងកាត់ការងារក្នុងហាងបៀរហ្គាឌិនអស់រយៈពេលជាង ៥ ឆ្នាំមកនេះ នាងធី បានផឹកស្រារាល់យប់ជាមួយភ្ញៀវជាបុរសៗ។
ដោយប្រែទឹកមុខមាំបន្តិច នាងធី បាននិយាយថា “ខ្ញុំពិតជាតូចចិត្តមែនទែននៅក្នុងជីវិត។ នៅក្នុងហាង ប្រុសៗបានលូកលាន់ ស្ទាបខ្លួនប្រាណលើក្រោម ហើយនៅឯផ្ទះ អ្នកជិតខាងជាស្រ្តីបានមើលងាយថា ពួកស្រីៗហាងបៀរហ្គាឌិនគ្មានមួយណាល្អទេ គឺសុទ្ធតែជាស្រីយកប្តីគេទាំងអស់”។
នាងបានបន្តថា “តើនរណាមិនឈឺចាប់នៅពេលឮសំដីប្រមាថនេះ។ ខ្ញុំនិងស្រីៗឯទៀតនៅក្នុងហាងពិតជាមានអារម្មណ៍មិនខុសគ្នាទេ គឺពួកខ្ញុំមិនចង់ធ្វើការបែបនេះឡើយ តែធ្វើម៉េច បើពួកខ្ញុំក្រគ្មានជម្រើសនោះ។ ខ្ញុំបាននិយាយតបទៅស្រ្តីអ្នកជិតខាងវិញថា គ្មានស្រ្តីណាចង់ឲ្យគេមើលងាយនោះទេ ហើយមិនមែនឲ្យតែស្រីៗធ្វើការនៅហាងបៀរហ្គាឌិនសុទ្ធតែជាស្រីអាក្រក់យកប្តីគេនោះទេ។ ពួកខ្ញុំធ្វើការដោយកម្លាំងញើសឈាម មិនបានធ្វើខុសច្បាប់ឡើយ”។
បច្ចុប្បន្ន នារីៗអង្គុយកំដរភ្ញៀវនៅតាមហាងនានាត្រូវបានក្រសួងសុខាភិបាល អង្គការសង្គមស៊ីវិល និងម្ចាស់ជំនួយអន្តរជាតិនានាដែលធ្វើការងារទាក់ទិននឹងមេរោគអេដស៍និងជំងឺអេដស៍ចាត់ទុកថា ជាស្រ្តីបម្រើសេវាកម្សាន្ត ហើយពួកគេស្ថិតនៅក្នុងក្រុមគោលដៅងាយរងគ្រោះបំផុតជាមួយក្រុមអ្នកប្រើប្រាស់គ្រឿងញៀន និងក្រុមបុរសស្រឡាញ់បុរស។
ជាងនេះទៅទៀត ស្រ្តីបម្រើសេវាកម្សាន្តក៏បានចងក្រងជាបណ្តាញនិងសមាគមរបស់ខ្លួន ដោយមានការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវិត្ថុពីម្ចាស់ជំនួយ ដើម្បីជួយអប់រំដល់ស្រ្តីបម្រើសេវាកម្សាន្តនានាឲ្យបានយល់ដឹងពីសិទ្ធិស្របច្បាប់របស់ខ្លួន និងការពារខ្លួនពីការរំលោភបំពាននានា ព្រមទាំងបង្ការមិនឲ្យឆ្លងនិងចម្លងមេរោគអេដស៍។
បើតាមការអង្កេតរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាលបានឲ្យដឹងថា មានស្រ្តីបម្រើសេវាកម្សាន្តជាង ៣៧.០០០ នាក់នៅទូទាំងប្រទេស ដោយឡែកនៅរាជធានីមានជាង ២០.០០០ នាក់។
នាងធី បានអំពាវនាវឲ្យស្រ្តីគ្រប់រូបបញ្ឈប់ការប្រមាថ និងការមើលងាយស្រ្តីគ្នាឯង ព្រោះថា ក្នុងនាមជាស្រ្តីដូចគ្នា នរណាៗក៏ចង់បានសុភមង្គល និងរស់នៅក្នុងសេចក្តីថ្លៃថ្នូរដែរ តែសង្គមបានជម្រុញឲ្យនាង និងនារីក្រីក្រឯទៀតគ្មានជម្រើសក្នុងការទទួលបានការងារផ្សេងពីនេះ៕ អត្ថបទនេះផលិតឡើងក្រោមជំនួយសប្បុរសធម៌ពីប្រជាជនអាមេរិក តាមរយៈ USAID។ រាល់ខ្លឹមសារដែលមានក្នុងអត្ថបទនេះគឺជាការទទួលខុសត្រូវ របស់អង្គការខាណា និងមិនបានឆ្លុះបញ្ចាំងទស្សនៈរបស់ USAID ឬរដ្ឋាភិបាលអាមេរិកឡើយ។