ក្រុមស៊ើបអង្កេតអាវុធគីមីអង្គការសហប្រជាជាតិទៅដល់ស៊ីរី
នៅថ្ងៃអាទិត្យនេះ ក្រុមអ្នកស៊ើបអង្កេតអាវុធគីមីនៃអង្គការសហប្រជាជាតិ បានធ្វើដំណើរទៅដល់ក្រុងដាម៉ាស ប្រទេសស៊ីរីហើយ។ បេសកកម្មការងាររបស់ពួកគេ គឺដើម្បីកំណត់ថា តើអាវុធមានជាតិគីមីពិតជាត្រូវគេបានប្រើ នៅក្នុងការវាយប្រហារកន្លងមកដែររឺទេ។ គួរបញ្ជាក់ថា បារាំង អង់គ្លេស និងអាមេរិក ធា្លប់បានសន្និដ្ឋានថា អាវុធជាតិគីមី ត្រូវបានគេប្រើជាច្រើនដងរួចមកហើយ នៅក្នុងប្រទេសនេះ។
ក្រុម ជំនាញការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ដែលមានគ្នាជាង២០នាក់ នោះ ដឹកនាំដោយអ្នកវិទ្យាសាស្ត្រជនជាតិស៊ុយអែដ ឈ្មោះ អាកេ សេលស្ត្រុម។ ពួកគេបានធ្វើដំណើរមកប្រទេសស៊ីរី ក្នុងគោលបំណងចង់ដឹងថា តើក្នុងការប្រយុទ្ធរវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមកន្លងមក មានប្រើប្រាស់អាវុធជាតិគីមី ដែររឺទេ។ ប៉ុន្តែ បេសកកម្មក្រុមអ្នកស៊ើបអង្កេតទាំងនេះ គ្មានទិសដៅស្វែងរកមុខអ្នកទទួលខុសត្រូវដែលប្រើអាវុធគីមីទាំងអស់ នោះទេ។
គួររំលឹកថា រដ្ឋាភិបាលលោកអាសាដ និងក្រុមឧទ្ទាមតែងតែចោទគ្នាទៅវិញទៅមកថា បានប្រើអាវុធគីមីក្នុងការវាយប្រហារកន្លងមក។ កាលពីខែកក្កដា ឆ្នាំ២០១២ រដ្ឋាភិបាលស៊ីរីធ្លាប់បានទទួលស្គាល់ជាលើកទី១ថា ខ្លួនមានអាវុធជាតិគីមី ហើយបានគំរាមថា នឹងប្រើប្រាស់វា ប្រសិនបើមានអន្តរាគមន៍យោធា ពីបណ្តាបស្ចិមប្រទេស។ ប៉ុន្តែ រដ្ឋាភិបាលស៊ីរីបានបញ្ជាក់ថា មិនយកអាវុធទាំងនេះ ទៅវាយប្រហារប្រជាជនខ្លួនឡើយ។
បណ្តាបស្ចិមប្រទេសដូចជា បារាំង អង់គ្លេស អាមេរិក ធ្លាប់បានសន្និដ្ឋានថា អាវុធគីមីត្រូវបានប្រើប្រាស់ជាច្រើនលើកច្រើនសារ ក្នុងការប្រយុទ្ធរវាងកងទ័ពស៊ីរីនិងក្រុមឧទ្ទាម។ គេគ្រាន់តែអាច ស្មានថា ឃ្លាំងអាវុធគីមីនៅស៊ីរីគឺជាឃ្លាំងសំខាន់បំផុតមួយ នៅមជ្ឍិមបូព៌ាតែប៉ុណ្ណោះ។ គ្មានតួលេខជាសាធារណៈណាមួយដែលអាចបញ្ជាក់ពីបញ្ហានេះនោះទេ។
គួរបញ្ជាក់ថា ស៊ីរីមិនបានចុះហត្ថលេខាលើអនុសញ្ញាហាមឃាត់អាវុធ គីមី ហើយក៏មិនមែនជាសមាជិកនៃអង្គការទទួលបន្ទុកត្រួតពិនិត្យការ ប្រើប្រាស់អាវុធនេះផងដែរ។ យោងតាមអង្គការឯករាជ្យមួយដែលបានធ្វើការលើទិន្នន័យស្តីពីអាវុធ ប្រល័យលោក ប្រទេសស៊ីរីបានចាប់ផ្តើមកម្មវិធីគីមីរបស់ខ្លួននៅទស្សវត្សរឆ្នាំ ១៩៧០ ដោយមានជំនួយពីអេហ្ស៊ីប និងសហភាពសូវៀត។ ហើយបន្ទាប់មកទៀត មានរុស្ស៊ី និងអ៊ីរ៉ង់ បានបន្តជួយជ្រោមជ្រែង។
អ្នកវិទ្យាសាស្ត្រស៊ីរីបានទទួលជោគជ័យក្នុងការគ្រប់គ្រងសំយោគ ធាតុផ្សំផូស្វរ និងកាបូន។ ធាតុផូស្វរនិងកាបូនដែលលាយចូលគ្នានេះ គឺជាអាវុធគីមីជំនាន់ក្រោយគេ ហើយជាអាវុធគីមីដ៏មានប្រសិទ្ធភាពខ្ពស់ជាងគេ និងពុលខ្លាំងជាងគេបំផុត ក្នុងចំណោមអាវុធគីមីដទៃទៀត៕ដោយ ព្រំ សឿន សូលីណា (RFI)