តុលាការ​ថៃ៖ ជនរងគ្រោះ​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​របស់​ទាហាន

តុលាការ​ថៃ បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី ៦ សីហាថា ប្រជាជន​៦​នាក់ ដែល​នៅក្នុង​នោះ​មាន​គិលានុបដ្ឋាយិការ​ម្នាក់​ផង បាន​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​របស់​ទាហាន​ថៃ និង​កងរក្សា​សន្តិសុខ នៅក្នុង​អំឡុង​បាតុកម្ម​តវ៉ា​ដ៏ហិង្សា របស់​ក្រុម​អាវ​ក្រហម កាលពី​ឆ្នាំ ២០១០។ ទាហាន​ថៃ​បាន​ធ្វើ​ទៅតាម​បញ្ជា​របស់​រដ្ឋាភិបាល ដែល​កាលណោះ​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​អាភីស៊ីត វីចាជីវ៉ា។

តុលាការ​របស់​អ្នកឈ្នះ កាត់ក្តី​លើ​អ្នកចាញ់ ព្រោះតុលាការ​ដែល​កាត់ក្តី នៅថ្ងៃ​អង្គារ​ស្ថិតនៅ ក្រោម​រដ្ឋាភិបាល​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត​ដែល​បាន​ឈ្នះឆ្នោត​លើ​គណបក្ស​របស់​លោក​អាភីស៊ីត វីចាជីវ៉ា។
កាលពី​ថ្ងៃ​អង្គារ តុលាការ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ត្រូវ​បាន​គេ​សម្លាប់ នៅក្នុង​វត្ត​ប៉ាធុំ វ៉ាណារ៉ាម ដែល​តាមពិតទៅ ត្រូវ​ជា​កន្លែង ស្ងប់សុខ មិនត្រូវ​រង​អំពើ​ហិង្សា​អ្វីទាំងអស់។ ដោយ​ផ្អែក​លើ​កោសល្យវិច័យ និង​ភស្តុតាង ដូចជា​គ្រាប់កាំភ្លើង តុលាការ​រកឃើញថា គឺ​ពួកទាហាន​ដែល​បាន​ប្រើ​កាំភ្លើង​យន្ត បាញ់រហ័ស និង​ឈរ​ពី​​លើ​ស្ពាន​អាកាស បាញ់​សំដៅ តម្រង់​ក្រុម​បាតុករ​អាវក្រហម​ដែល​បាន​រត់លាក់ខ្លួន ពីការវាយប្រហារ​របស់​ទាហានថៃ នៅក្នុង​បាតុកម្ម​ហិង្សា ឆ្នាំ ២០១០។ ក្នុង​ចំណោម​ជនរងគ្រោះ ទាំង​៦​នាក់ មាន​ម្នាក់​ជា​គិលានុបដ្ឋាយិកា ដែល​បាន​ជួយ​ព្យាបាល​ក្រុមបាតុករ​របួស​នៅក្នុង​វត្ត​ ប៉ាធុំ វ៉ាណារ៉ាម។

ជារួម តុលាការ​ប្រកាស​ថា ទាហាន​ទាំងនោះ រួម​ជាមួយ​កងរក្សា​សន្តិសុខ​បាន​ធ្វើ​តាម​​បញ្ជា​របស់​រដ្ឋាភិបាល។ ​រដ្ឋាភិបាល​ ជាពិសេស​​លោក​អាភីស៊ីត​ដែល​ជា​នាយករដ្ឋមន្រ្តី​ ក្នុង​អាណត្តិ ​នោះ បាន​រងការចោទប្រកាន់​​ថា បាន​ប្រព្រឹត្តឃាតកម្ម​​ទៅលើ​ប្រជាជន។ ចំណែក មេដឹកនាំ​យោធា​ដែល​ចូលរួម​ក្នុង​ការបង្រ្កាប​ទៅលើ​ក្រុមបាតុករ រហូតមកដល់​ពេលនេះ នៅ​តែ​រួចខ្លួន រួចផុត​ពីការចោទ​ប្រកាន់ និង​ការចាប់​​ដាក់ឃុំ។ នៅឆ្នាំ ២០១០ ​ការប្រឈមមុខ​ដាក់គ្នា ដ៏ហិង្សា រវាង​ទាហានថៃ និង​ក្រុម​អាវ​ក្រហម ដែល​គាំទ្រ​លោក​ថាក់ស៊ីន បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង ៩០​នាក់​បាត់បង់​ជីវិត ក្នុងពេល​ដែល​មនុស្ស​ជិត​១៩០០​នាក់​រងរបួស។

សេចក្តី​ប្រកាស​របស់​តុលាការ​ថៃ នៅថ្ងៃ​អង្គារ ធ្វើ​ឡើង នៅក្នុង​បរិយាកាស​ដែល​នយោបាយ​ថៃ​អាច​ជួប​ភាព​វឹកវរ​ជាថ្មី។ នោះ គឺ​នៅថ្ងៃ​ពុធនេះ ក្រុមអាវលឿង ដែល​ជា​ក្រុមគាំទ្រ​កងទ័ព និង​រាជវង្សថៃ និង​ដែល​ប្រឆាំង​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន គ្រោង​នឹង​លើកគ្នា​ទៅ​តវ៉ា នៅមុខ​រដ្ឋសភា ដើម្បី​ប្រឆាំង​នឹង​ច្បាប់​ដែល​សភា​គ្រោង​នឹង​លើក​យក​ទៅ​ពិភាក្សា នៅថ្ងៃ​ពុធ​ទី ៧ សីហា។

ច្បាប់នេះ ទំនង​អាច​ទម្លាក់ចោល​រាល់​ការចោទប្រកាន់​ទៅលើ​អ្នកនយោបាយ ទាំងឡាយណា ដែល​ចូលរួម​ពាក់ព័ន្ធ​ក្នុង​អំពើហិង្សា ដែល​កើត​មាន​ចាប់​តាំងពី​ខែ កញ្ញា​ឆ្នាំ ២០០៦ ដែល​មាន​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន រហូត​ដល់​ឆ្នាំ ២០១២។ ក្រុម​អាវលឿង​ប្រឆាំង​នឹង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ព្រោះ​ពួកគេ​គិតថា លោកស្រី​យីងឡាក់ នាយករដ្ឋមន្រ្តី​ថៃ បច្ចុប្បន្ន​កំពុង​យកលេស​បង្កើត​ច្បាប់​នេះ ដើម្បី​ធ្វើ​ឲ្យ​បងប្រុស​របស់​លោក​ស្រី គឺ​លោក​ថាក់ស៊ីន​​រួចផុត​ពីការចោទ​ ប្រកាន់ និង​អាច​វិលត្រលប់​ចូលស្រុក​វិញបាន ដោយ​គ្មានទោសពៃ​អ្វីទាំងអស់៕ដោយ ឈាង បុប្ផា​(RFI)

Related Articles

Back to top button
Close
Close