ក្រុមប្រឆាំងអ៊ីរ៉ង់បង្ហាញទីតាំងសំងាត់នុយក្លេអ៊ែរថ្មីរបស់រដ្ឋាភិបាល
ក្រុមប្រឆាំងអ៊ីរ៉ង់ដែលភៀសខ្លួននៅ ក្រៅប្រទេសបានប្រាប់អោយដឹងនៅថ្ងៃព្រហស្បតិ៍នេះថា បានទទួលពត៌មានទាក់ទងនឹងទីកន្លែងសំងាត់ថ្មីមួយដែលរដ្ឋាភិបាល អ៊ីរ៉ង់បំរុងនឹងដាក់អោយដំណើរការសកម្មភាពនុយក្លេអ៊ែរ។ ទីកន្លែងនុយក្លេអ៊ែរថ្មីនេះស្ថិតនៅក្នុងរូងដីក្រោមភ្នំ នៅក្បែរក្រុងDamavand ភាគខាងជើងក្រុងTéhéran។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនឹងសិក្សាផ្ទៀងផ្ទាត់ព័ត៌មាន នេះ។ គួររំលឹកឡើងវិញថា បណ្តា បស្ចិមប្រទេសនានាតែងតែសង្ស័យថាអ៊ីរ៉ង់យកកម្មវិធី នុយក្លេអ៊ែរស៊ីវិលរបស់ខ្លួន មកបិទបាំងដើម្បីផលិតគ្រាប់បែកបរមាណូ។
បើយោងតាមក្រុមប្រឆាំងអ៊ីរ៉ង់ដែលមានទីតាំងនៅប្រទេសបារាំង ព័ត៌មានទាក់ទងនឹងទីកន្លែងសំងាត់នុយក្លេអ៊ែរថ្មីនេះ គឺអាចយកជាការបាន។ ក្រុមប្រឆាំងដែលភៀសខ្លួនក្រៅប្រទេស បានប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា បណ្តាញចលនាមូចៃឌីននៃប្រជាជនអ៊ីរ៉ង់របស់ខ្លួន បានទទួលព័ត៌មានបែបនេះអស់រយៈពេលមួយឆ្នាំមកហើយ។ ពួកគេបានពីប្រភពព័ត៌មានចំនួនជាង៥០ ហើយប្រភពទាំងនេះគឺចេញមកពីបណ្តាញផ្សេងៗនៃរដ្ឋាភិបាលអ៊ីរ៉ង់ តែម្តង។
យោងតាមក្រុមប្រឆាំងអ៊ីរ៉ង់ ទីតាំងថ្មីនេះស្ថិតនៅក្នុងរូងដីនានាដែលចោះនៅក្រោមភ្នំ នៅក្បែរក្រុងDamavand ភាគខាងជើងក្រុងTéhéran។ ទីតាំងនេះនឹងប្រើសំរាប់ដំណើរការសកម្មភាពគំរោងនុយ ក្លេអ៊ែរ។ គំរោងនុយក្លេអ៊ែរដែលមានឈ្មោះថា “អណ្តូងរ៉ែខាងកើត” រឺក៏ “គំរោងKossar”។ ដំណាក់កាលទីមួយនៃការសាងសង់បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០០៦។ ក្រុងតេអេរ៉ង់បានសង់ឃ្លាំងចំនួន៤ ចោះរូងដីជាច្រើនកន្លែង ហើយក៏មានសង់ផ្លូវចូលទៅកាន់ទីតាំងនេះដែរ។ ការសាងសង់វគ្គទីមួយនេះ ទើបតែបញ្ចប់នាពេលថ្មីៗនេះទេ។ វគ្គទីពីរគឺនឹងសាងសង់រូងដី៣០ និងឃ្លាំងចំនួន៣០។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិAIEA បានប្រាប់ថានឹងសិក្សាផ្ទៀងផ្ទាត់ព័ត៌មាននេះ។ គួរបញ្ជាក់ថា អ៊ីរ៉ង់ត្រូវបានគេសង្ស័យថាមានគោលបំណងផលិតគ្រាប់បែកបរមាណូ ដោយយកកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួនមកបិទបាំងសកម្មភាព នេះ។ ប្រទេសនេះបានទទួលទណ្ឌកម្មជាច្រើនពីសំណាក់ ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ពិសេសទណ្ឌកម្មហិរញ្ញវត្ថុ និងប្រេងកាតពីសំណាក់អាមេរិក និងអឺរ៉ុប។
បន្ទាប់ពីបានធ្វើការអង្កេត១០ឆ្នាំកន្លងមកនេះ ដោយសារតែខ្វះការសហការគ្រប់គ្រាន់ពីក្រុងតេអេរ៉ង់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA ពិបាកនឹងសន្និដ្ឋានថា តើកម្មវិធីនុយក្លេអ៊ែរដែលក្រុងអ៊ីរ៉ង់អះអាងថាធ្វើឡើងក្នុង បែបផែនសន្តិភាព ពោលគឺដើម្បីផលិតថាមពលអគ្គិសនីសមស្របតាមច្បាប់អន្តរជាតិនោះ វាជាការពិតមែនរឺក៏យ៉ាងណា៕ដោយ ព្រំ សឿន សូលីណា (RFI)