ឥណ្ឌូណេស៊ីសុំទោស សិង្ហបុរី និងម៉ាឡេស៊ីពីរឿងភ្លើងឆេះព្រៃ
ប្រធានាធិបតីឥណ្ឌូណេស៊ីបានចេញមុខ នៅថ្ងៃល្ងាចថ្ងៃចន្ទទី ២៤ មិថុនា សុំទោសដល់ប្រទេសជិតខាង ពីរឿងភ្លើងឆេះព្រៃ នៅកោះសូម៉ាត្រា ដែលរហូតមកដល់ថ្ងៃនេះ នៅតែអួរអ័ព្ទពេញផ្ទៃមេឃប្រទេសម៉ាឡេស៊ីនៅឡើយ។ នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជូនប៉ូលិស ទាហាន និងអ្នកជួយសង្រ្គោះប្រមាណ២ពាន់នាក់បន្ថែមទៀត ទៅជួយអ្នកពន្លត់អគ្គិភ័យ ៥០០នាក់ ដែលកំពុងមមាញឹកនឹងពន្លត់ភ្លើងព្រៃ។
នៅក្នុង សន្និសីទកាសែត កាលពីល្ងាចថ្ងៃចន្ទ លោកប្រធានាធិបតី ឥណ្ឌូណេស៊ីបាននិយាយសុំទោសដល់ប្រជាជនម៉ាឡេស៊ី និងសិង្ហបុរី ដែលបានរងគ្រោះ អស់មួយសប្តាហ៍ហើយ ដោយសារផ្សែងពុល ដែលបង្កឡើងដោយភ្លើងឆេះព្រៃ នៅកោះស៊ូម៉ាត្រា របស់ឥណ្ឌូណេស៊ី។ ប្រមុខរដ្ឋាភិបាលឥណ្ឌូណេស៊ីបានសុំឲ្យប្រជាជនរបស់ប្រទេសទាំងពីរ យោគយល់ ព្រោះថា ឥណ្ឌូណេស៊ីទទួលខុសត្រូវលើអ្វីដែលកើតឡើង និងកំពុងដុតដៃ ដុតជើង ដើម្បីដោះស្រាយបញ្ហា។
ប្រធានាធិបតីឥណ្ឌូណេស៊ីចេញមុខសុំទោស បន្ទាប់ពីទំនាក់ទំនងរវាងឥណ្ឌូណេស៊ី ជាមួយប្រទេសជិតខាងបានល្អក់កករ ដោយសារតែផ្សែងបក់មកពីកោះស៊ូម៉ាត្រា កំពុងបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។
កាលពីសប្តាហ៍មុន ម៉ាឡេស៊ីបានចោទអាជ្ញាធរឥណ្ឌូណេស៊ីថា មិនបានអើពើ និងទទួលខុសត្រូវក្នុងរឿងផ្សែងពុលដែលបក់ចូលគ្របដណ្តប់ នៅម៉ាឡេស៊ី។ ប៉ុន្តែ មន្រ្តីខាងបរិស្ថានឥណ្ឌូណេស៊ី ធ្លាប់ប្រតិកម្មតបវិញថា គឺក្រុមហ៊ុនម៉ាឡេស៊ី ដែលធ្វើជំនួញដាំដើមដូងប្រេង នៅកោះសូម៉ាត្រា ដែលត្រូវទទួលខុសត្រូវក្នុងរឿងភ្លើងឆេះព្រៃ។
ជារៀងរាល់ឆ្នាំ ប្រទេសជិតខាងឥណ្ឌូណេស៊ី តែងរងគ្រោះដោយផ្សែង ដែលបង្កឡើងដោយភ្លើងឆេះព្រៃ នៅកោះស៊ូម៉ាត្រា។ ភ្លើងឆេះព្រៃ បណ្តាលមកពី ប្រជាជន ឬកម្មករដាំដូងប្រេង បានដុតចំការ ជាជាងកាប់ឆ្ការរុករានដៃ។ នៅថ្ងៃនេះ បន្ទាប់ពីប្រធានាធិបតីបញ្ជាឲ្យគេស៊ើបអង្កេតលើរឿងភ្លើងឆេះព្រៃ ប៉ូលិសឥណ្ឌូណេស៊ី បាននិយាយថា គេចាប់បានបុរសពីរនាក់ ដែលបានដុតភ្លើង ដើម្បីសម្អាតចំការរបស់ពួកគេ។ តាមប៉ូលិសដដែល គេនៅប្រើយន្តហោះដឹកទឹកទៅពន្លត់ភ្លើង។ ហើយ រហូតមកដល់ថ្ងៃអង្គារនេះ គេបានពន្លត់ភ្លើងឆេះ បាន៦៩កន្លែង ក្នុងចំណោម ភ្លើងឆេះសរុប ២៦៥កន្លែង
នៅថ្ងៃនេះដែរ ផ្សែងពុលនៅបន្តគ្របដណ្តប់ប្រទេសម៉ាឡេស៊ី ជាទីដែលខេត្តពីរត្រូវរដ្ឋាភិបាលប្រកាសដាក់ក្នុងស្ថានភាពប្រកាស អាសន្ន។ ចំណែកនៅប្រទេសសិង្ហបុរីវិញ បរិយាកាសបានគ្រាន់បើជាង កាលពីចុងសប្តាហ៍ ដោយមកពីខ្យល់បក់ផាត់ផ្លាស់ប្តូរទិសដៅ។ អ្នកជំនាញបរិស្ថាន និងសុខភាពបានវាយតម្លៃថា នៅឆ្នាំនេះ ផ្សែងពុលបក់មកពីឥណ្ឌូណេស៊ី មានកម្រិតខ្ពស់ ខ្លាំង ជាង ដូចកាលពីឆ្នាំ ១៩៩៧ ដែលនៅពេលនោះ ផ្សែងពុលបានប៉ះពាល់ខ្លាំងដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ របស់ម៉ាឡេស៊ី និងសិង្ហបុរី ដែលគិតជាតម្លៃខូចខាត ប្រមាណ ៩ពាន់លានដុល្លារ៕ដោយ ឈាង បុប្ផា (RFI)