ទីក្រុងដាមាសថាមិនបាច់ឱ្យក្រុមឧទ្ទាមចូលចរចាទេ បើនៅតែចង់ឱ្យលោកអាសាដចេញពីតំណែង
គេនៅតែមិនទាន់អាចដឹងបានថា ការចរចា រកសន្តិភាពសម្រាប់ដោះស្រាយវិបត្តិ នៅស៊ីរី នឹងកើតមានឡើងដែរឬទ រវាងភាគីរដ្ឋាភិបាល និងក្រុមឧទ្ទាម? ដោយ សារតែរដ្ឋាភិបាលទីក្រុង ដាម៉ាស បានប្រកាសយ៉ាងដាច់ខាត កាលពីម្សិលមិញថា លោក Bachar al Assad នឹងមិនចុះចេញពីតំណែងដើម្បីប្រគល់អំណាចឱ្យដល់ក្រុមប្រឆាំងឡើយ។
រដ្ឋមន្ត្រី ក្រសួងការបរទេសស៊ីរី បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញ មិនឱ្យក្រុមអ្នកប្រឆាំងចូលតុចរចានៅទីក្រុងហ្សើណែវទេ ប្រសិនបើសិនពួកគេនៅតែប្រកាន់ជំហរឱ្យ លោក អាសាដចុះចេញពីដំណែង។ នេះ បើតាមការប្រកាស ដៅដល់ក្រុមឧទ្ទាមក្នុងសន្និសីទការសែតមួយកាលពីម្សិលមិញ ដោយលោកបញ្ជាក់ថាវាជារឿងអត់ប្រយោជន៍ក្នុងការចូលរួមចរចា។
ដើម្បីដោះស្រាយវិបត្តនៅស៊ីរី ទីក្រុងម៊ូស្គូ និងទីក្រុងវ៉ាស៊ីតោនគ្រោងតាំងពីយូរណាស់មក នូវសន្និសីទសន្តិភាពមួយរវាងរដ្ឋាភិបាលនិងក្រុមប្រឆាំងដោយមិនទាន់ បានកំណត់ថ្ងៃណាមួយជាក់់លាក់ឡើយ។ ព្រោះភាគីទាំងសងខាងនៅមិនទាន់មានជំហរក្នុងបន្ទន់ឥរិយាបទរបស់ ខ្លួន ដើម្បីចូលតុចរចាទេ។
បច្ចុប្បន្ន កងទ័ពរបស់រដ្ឋាភិបាលស៊ីរី បានធ្វើការវាយប្រហារ និងដណ្តើមបានតំបន់មួយចំនួនរបស់ក្រុមប្រឆាំង ដោយមានការជួយជ្រោមជ្រែងពីចលនាហេបូឡា ដែលជាក្រុមផ្ដាច់ខ្លួន នៅប្រទេសលីបង់។ ហេតុផលខាងលើធ្វើឱ្យក្រុមអ្នកប្រឆាំង នៅ ទទូចដល់ សហគមន៍អន្តជាតិក្នុងផ្តល់សព្វាវុធបន្ទាន់ និងគ្រប់គ្រាន់ដល់ពួកគេ។ ដោយពួកគេអះអាងអាវុធដែលបានផ្តល់ឱ្យ គឺវាគ្រាន់តែសម្រាប់ អូសបន្លាយការវាយប្រហារពីរក្រុមទាហ៊ានលោក អាសាដប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកាល ពីចុងសប្តាហ៍មុន នៅទីក្រុង ដូហា (Doha) ប្រទេសកាតា(Qatar) ក្រុមប្រទេសដែលគាំទ្រពួកឧទ្ទាមប្រឆាំងស៊ីរីដែលមានដូចជាអាមេរិក បារាំង និងអង់គ្លេសបានសម្រេចត្រៀមផ្តល់សព្វាវុធជាបន្ទាន់ដល់ក្រុមឧន្ទាម ដើម្បី ឱ្យមានសមភាពផ្នែកសព្វាវុធ។ តែក្នុងនោះដែរវាជាថ្នូរមួយដើម្បីជំរុញឱ្យក្រុមឧទ្ទាមសុខ ចិត្តចូលតុចរចា។ ការសម្រេចផ្តល់សព្វាវុធនេះ វាអាស្រ័យលើការកំណត់ជាក់ស្ដែងរបស់ប្រទេសដែលផ្ដល់នីមួយៗ។
នៅក្នុងសន្និសីទការសែតដដែលរដ្ឋមន្ត្រីការបរទេសស៊ីរីបានចោទទៅ ក្រុមប្រទេសបច្ចិមលោកថា កំពុងតែធ្វើឱ្យសង្គ្រាម នៅប្រទេសស៊ីរីអូសបន្លាយកាន់តែយូរទៅដែលធ្វើឱ្យក្រុមភេរវកម្ម កាន់តែបានដៃ។
ទន្ទឹមនឹងនេះដែរ ក្រសួងការប្រទេសរូស្ស៊ីបានប្រតិកម្ម ដោយចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីម្សិលមិញថាខ្លួនមានការ ព្រួយបារម្ភយ៉ាងខ្លាំងក្នុងការសម្រេចខាងលើផ្តល់អាវុធដល់ក្រុមឧទ្ទាម ពីសំណាក់ប្រទេសបច្ចិមលោក។ ក្នុងនោះរូស្ស៊ីយល់ ថាវាជាការប្រថុយប្រថានមួយ ដោយខ្លាចអាវុធទាំងនោះនឹងធ្លាក់ក្នុងដៃរបស់ក្រុមភេរវកម្ម។
សូម រម្លឹកថារូស្ស៊ីជាប្រទេសដែលគាំទ្ររបបដឹកនាំលោក Bachar al Assad និងសហរដ្ឋអាមេរិក គាំទ្រក្រុមឧទ្ទាម បានគ្រោងរៀបចំសន្និសីទសន្តិភាពម្តងរួចទៅហើយ សម្រាប់ដោះស្រាយវិបត្តិសង្គ្រាមនៅស៊ីរី នាទីក្រុងហ្សើណែវ តែត្រូវទទួលបរាជ័យ ដោយក្រុមទាំងពីរមិនចូលរួម។ លើកនេះគេសង្ឃឹមថា នឹងមានកិច្ចចរចាសន្តិភាពមួយពិតប្រាដកព្រោះថា សង្គ្រាមស៊ីវិលមួយនេះ បានសម្លាប់មនុស្សអស់ប្រមាណណជាង៩ ៤០០០នាក់ គិតចាប់តាំងពីខែមិនា២០១១មក៕ដោយ ជា ប៊ុនធឿន (RFI)